រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុមការងារថ្មីមួយដែលមានឈ្មោះថា ក្រុមការងារដឹកនាំ និងប្រតិបត្តិលើការសិក្សាការចាក់វ៉ាក់សាំងកូវីដ១៩។

យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២១បានឲ្យដឹងថា ក្រុមការងារនេះមាន លោក ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលជាប្រធាននិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)ជាអនុប្រធាន។

ក្រុមការងារនេះ មានភារកិច្ចដូចជា៖ផ្តល់ប្រឹក្សាយោបល់និងតម្រង់ទិសការងារដល់ការសិក្សាវាយតម្លៃទាក់ទងការចាក់វ៉ាក់សាំងកូវីដ១៩ ផ្តល់ប្រឹក្សាយោបល់លើពិធីសារសិក្សានិងវាយតម្លៃទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ១៩ និងផ្តល់ប្រឹក្សាយោបល់និងអនុម័តលើរបាយការណ៍នៃការសិក្សានិងវាយតម្លៃជាដើម៕

Share.