ក្រុមអ្នកវាយប្រហារមួយក្រុម នៅប្រទេសបារាំង បានព្យាយាមដុតបំផ្លាញផ្ទះរបស់អភិបាលក្រុង នៅជាយក្រុងប៉ារីស ហើយបានបាញ់កាំជ្រួចទៅលើប្រពន្ធ និងកូនៗ របស់អភិបាលក្រុង ដែលរត់គេចខ្លួនអំឡុងពេលកុបកម្មដ៏ហិង្សាឈានចូលដល់យប់ទី៥ ចាប់តាំងពីមានករណីប៉ូលីសបាញ់សម្លាប់យុវជនម្នាក់កាលពីថ្ងៃ អង្គារ សប្ដាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាថ្ងៃ ចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០២៣។

ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងធំធេង ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ការ​ប៉ុនប៉ង​មនុស្ស​ឃាត ខណៈនាយករដ្ឋមន្ត្រីនៃប្រទេសបារាំង លោកស្រី Elisabeth Borne បានពិពណ៌នាថា វាមិនអាចអត់ឱនបាន។

ក្នុងឧប្បត្តិហេតុនេះ អភិបាលក្រុង L’Haÿ-les-Roses លោក Vincent Jeanbrun មិននៅផ្ទះទេ ប៉ុន្តែប្រពន្ធរបស់គាត់បានរងរបួសជើង ហើយកូនៗក៏រងរបួសផងដែរ។

យ៉ាងណាម៉ិញ ជនសង្ស័យក្នុងហេតុការណ៍សម្រុកចូលផ្ទះអភិបាលក្រុងនៅទីក្រុង L’Haÿ-les-Roses ភាគខាងត្បូងទីក្រុងប៉ារីស មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

លោក Jeanbrun បាននិយាយថា លោកបាននៅក្នុងការិយាល័យរបស់លោកនៅសាលាក្រុង នៅពេលដែលផ្ទះរបស់លោក រងការវាយប្រហារនៅម៉ោង ០១:៣០នាទី (ម៉ោងក្នុងស្រុក) ពេលដែលភរិយា និង កូនៗកំពុងគេងលក់។

អភិបាលក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមអ្នកវាយប្រហារបានប្រើរថយន្តមួយគ្រឿង ដើម្បីបើកឆ្លងកាត់ទ្វារផ្ទះរបស់អភិបាលក្រុង L’Haÿ-les-Roses មុនពេលក្រុមកុបកម្មដុតរថយន្ត ដើម្បីឲ្យឆេះរាលដាលដល់ផ្ទះ។

បន្ទាប់មកនៅពេលដែលប្រពន្ធរបស់លោកអភិបាលក្រុង ឈ្មោះ Melanie Nowak ព្យាយាមរត់គេចជាមួយកូនៗ ដែលមានអាយុ៥ និង ៧ឆ្នាំ ពួកគេត្រូវបានវាយប្រហារដោយការបាញ់កាំជ្រួច។

ទាក់ទិននឹងបញ្ហានេះ អភិបាលក្រុង L’Haÿ-les-Roses លោក Jeanbrun បានហៅវាថាជា «ការប៉ុនប៉ងឃាតកម្មនៃភាពកំសាកដែលមិនអាចនិយាយបាន» ។ ខណៈការិយាល័យ​រដ្ឋ​អាជ្ញា​សាធារណៈ​ បាន​ចាប់​ផ្តើម​ការ​ស៊ើប​អង្កេត​លើ​បទ​ប៉ុនប៉ង​មនុស្ស​ឃាតនេះ។

ការវាយប្រហារលើផ្ទះរបស់អភិបាលក្រុង Jeanbrun បានកើតឡើងនៅយប់ទី 5 នៃការតវ៉ាដ៏ហិង្សានៅទូទាំងប្រទេសបារាំងជុំវិញការស្លាប់របស់យុវជន Nahel M អាយុ ១៧ឆ្នាំ ដែលត្រូវបានបាញ់សម្លាប់ដោយប៉ូលីសនៅចន្លោះពេលធ្វើចរាចរណ៍។

ប៉ូលីសប្រហែល ៤៥,០០០នាក់ ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសបារាំងកាលពីថ្ងៃសៅរ៍ ដើម្បីគ្រប់គ្រងការតវ៉ា ហើយក្រសួងមហាផ្ទៃបាននិយាយថា យប់ថ្ងៃសៅរ៍មានភាពស្ងប់ស្ងាត់ជាងមុន ដោយមានការចាប់ខ្លួនក្រុមកុបកម្មតិចជាងមុន។

ទោះយ៉ាងណាក៏ដោយមានការចាប់ខ្លួនមនុស្សជាង ៧០០នាក់ នៅទូទាំងប្រទេស ហើយការដុតភ្លើងជាង ៨០០កន្លែង ត្រូវបានដុតដោយក្រុមកុបកម្មក្នុងអំឡុងពេលយប់។

យ៉ាងណាម៉ិញ លោក Jeanbrun បានជំរុញឱ្យរដ្ឋាភិបាលបារាំង ដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីឆ្លើយតបទៅនឹងកុប្បកម្ម ដែលប្រធានាធិបតី Emmanuel Macron រហូតមកដល់ពេលនេះ បានបដិសេធមិនធ្វើតាមសំណើររបស់លោក។ ទន្ទឹមនោះ មេដឹកនាំ​បារាំង​គ្រោង​ជួប​ជាមួយ​មន្ត្រី​កំពូល​នៅពេល​ក្រោយ​ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​នេះ។

សូមជម្រាបថា ភាពវឹកវរនេះក៏បានបង្ខំឱ្យប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ត្រូវផ្អាកគម្រោងបំពេញទស្សនកិច្ចទៅកាន់អាល្លឺម៉ង់ផងដែរ ហើយលោក ម៉ាក្រុង បាននិយាយថា ការស្លាប់របស់យុវជន អាយុ១៧ឆ្នាំនោះ ត្រូវបានប្រើប្រាស់ជាលេស ដើម្បីបង្កអំពើហិង្សានៅក្នុងប្រទេស ហើយលោកបានចាត់ទុកវាថា «ជាការកេងចំណេញផលប្រយោជន៍ មិនអាចទទួលយកបាន លើការស្លាប់របស់រូបគេ»៕

ប្រភព៖ BBC

Share.