យោងតាមសារព័ត៌មាន Reuter (រ័យទ័រ)​ បានចេញផ្សាយនៅថ្ងៃនេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានថ្លែងរិះគន់ក្រុមហ៊ុនហ្វេសប៊ុកនៅឯសេតវិមានថា បណ្ដាញសង្គមហ្វេសប៊ុកពេលនេះកំពុងតែបណ្ដោយអោយមានការបំផុសបំផុលព័ត៌មានមិនពិត អំពីវ៉ាក់សាំងបង្ការជំងឺ COVID-19 ។

លោក ចូ បៃដិនបានថ្លែងថា ជំងឺរាតត្បាតដ៏អាក្រក់នេះ កំពុងរាតត្បាតតែក្នុងចំណោមអ្នកដែលមិនទាន់ទទួលការចាក់វ៉ាក់សាំងតែប៉ុណ្ណោះ ។ មេដឹកនាំអាមេរិករូបនេះក៏បានរិះគន់ដែរថា ហ្វេសប៊ុកកំពុងតែសម្លាប់មនុស្ស។

ទោះជាយ៉ាងណា ក្រុមហ៊ុន Facebook បានច្រានចោលការរិះគន់របស់លោក ចូ បៃដិន ដោយឆ្លើយតបវិញថា ការខិតខំរបស់ខ្លួនដើម្បីយកការពិតចេញមក គឺពិតជាជួយសង្គ្រោះអាយុជីវិតមនុស្ស។ យើងនឹងមិនបង្វែងដាន ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬដោយសារការចោទប្រកាន់ ដែលមិនត្រូវបានគាំទ្រដោយអង្គហេតុឡើយ។

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានអ្នកគាំទ្រជាង ២ពាន់លាននាក់បានមើលព័ត៌មានអំពីជំងឺ COVID-19 និងវ៉ាក់សាំងបង្ការជំងឺនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក៕

ប្រែសម្រួលដោយ៖ ជុំ ពេជ្រវណ្ណារ៉ា 

Share.