បាត់ដំបង៖ កីឡាទូកកានូ និងទូករ៉ូអ៊ីងកម្ពុជាត្រៀមប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនៅដើមខែក្រោយខាងមុខនេះក្នុងដងស្ទឹងសង្កែ ខេត្តបាត់ដំបង។

តាមការបង្ហាញឲ្យដឹងកាលពីថ្មីៗកន្លងមកនេះពីសហព័ន្ធកីឡាទូកកានូ និងទូករ៉ូអ៊ីងកម្ពុជាបានបង្ហាញថា៖ ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ទូកកានូកាយ៉ាក់ និងទូករ៉ូអ៊ីងជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោម លើកទី១០ ត្រៀមនឹងប្រព្រឹត្តទៅក្នុងរយ:ពេល២ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះនៅក្នុងស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពដដែលបន្តថា៖ ដំណើរការប្រកួតនេះបានកំណត់យកវិញ្ញាសាសំខាន់ៗចំនួន៣រួមមាន: វិញ្ញាសារទូកប្រពៃណីខ្នាតអន្តរជាតិ, ទូកផ្កាចារខ្នាតអន្តរជាតិ និងប្រភេទទូកកានូកាយ៉ាក់ និងទូករ៉ូអ៊ីង។

ក្នុងចំណោមវិញ្ញាសារទាំងអស់ខាងលើវិញ្ញាសាទូកប្រពៃណីខ្នាតអន្តរជាតិ មានវិញ្ញាសាចម្ងាយ៨០០ម៉ែត្រ ៥០០ម៉ែត្រ ២៥០ម៉ែត្រកីឡាករបុរសនារីចំណុះ១២នាក់, លើវិញ្ញាសាទូកផ្កាចារខ្នាតអន្តរជាតិ មានវិញ្ញាសា៥០០ម៉ែត្រ ២៥០ម៉ែត្រ កីឡាករបុរសនារីចំណុះ៥នាក់ និងចំពោះវិញ្ញាសាចុងក្រោយប្រភេទទូកកានូកាយ៉ាក់ និងទូករ៉ូអ៊ីង កីឡាករបុរសនារីមានវិញ្ញាសាចម្ងាយ៥០០ម៉ែត្រ និង១០០០ម៉ែត្រ៕

Share.