តើវិទ្យាល័យណា បានឡើងវគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២១? ក្នុងចំណោម៤ វិទ្យាល័យបានចូលរួមប្រកួតប្រជែងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាថ្ងៃទី១៧ ខែកក្កដានេះ គឺរកឃើញជ័យលាភី២ក្រុមហើយ ដែលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ គឹសាលាប៊ែលធី និងសាលាមីគីវ៉េ ដែលទាំងពីរក្រុមនេះ គឺជាក្រុមបដិសេធ។ អ្នកជាប់ជ័យលាភីឡើងវគ្គផ្ដាច់ព្រ័ត្រ ត្រៀមនឹងធ្វើនៅថ្ងៃទី ១២ ខែសីហា ខាងមុខនេះ ដើម្បីជម្រុះរកជើងឯកប្រចាំកម្មវិធី។

លោកជំទាវ ស្រូយ សុជាតិ អគ្កនាយក នៃអគ្គនាយកដ្ឋានយុវជន បានឱ្យដឹងថា តាមពិតទៅទាំង៤ ក្រុម មកពីវិទ្យាល័យ ព្រែកលាប, វិទ្យាល័យច្បារអំពៅ, សាលាប៊ែលធី និងសាលាចំណេះទូទៅមីគីវ៉េ សុទ្ធសឹងជាក្រុមដែលមានសមត្ថភាព ហើយពិន្ទុ ស្ទើរប្រកៀកប្រកិតគ្នា ប៉ុន្ដែកម្មវិធីតម្រូវជ្រើសរើសតែ២ក្រុម ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។ 

ក្រុមទី១ ដែលបានធ្វើការប្រកួតប្រជែកដេញដោលគ្នា លើប្រធានបទ “ការយល់ដឹងអំពីសិទ្ធិសេរីភាព និងការបញ្ចេញមតិ របស់យុវជន គឹជាមូលដ្ឋានគ្រឹះក្នុងការលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា” រវាងវិទ្យាល័យព្រែកលាប ដែលជាក្រុមស្រប និងសាលាប៊ែលធីអន្ដរជាតិ ជាក្រុមបដិសេធ។ លទ្ធផលសាលាប៊ែលធី ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។ 

ក្រុមទី២ ដែលបានធ្វើការប្រកួតប្រជែងដេញដោលគ្នា លើប្រធានបទ “ការបង្កើតនិងប្រើប្រាស់ឌីជីថល ច្នៃប្រឌិតថ្មី គឺជាកត្តាអាទិភាព ដើម្បីជំរុញសេដ្ឋកិច្ច សហគមន៍អាស៊ាន” រវាងវិទ្យាល័យច្បារអំពៅ ជាក្រុមស្រប និងសាលាចំណេះទូទៅមីលគីវ៉េ ដែលជាក្រុមបដិសេធ។ លទ្ធផល សាលាមីគីវ៉េ ជាអ្នកឡើងវគ្គផ្ដាច់ព្រ័ត្រ។

ក្រសួងអប់រំ យុវជន និងកីឡា រៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងបណ្តុះបណ្តាលស្មារតី យុវជនឱ្យចេះប្រើប្រាស់វប្បធម៌សន្ទនា បំណិនស្រាវជ្រាវ ការដោះស្រាយបញ្ហា បំណិនត្រិះរិះពិចារណា ការចែករំលែកគំនិត និងការនិយាយជាសាធារណៈ ដល់ប្អូនៗ យុវសិស្ស ដែលកំពុងសិក្សា នៅថ្នាក់ទី១១ តាមវិទ្យាល័យក្នុងរាជធានីភ្នំេពេញ។ 

កាលពីថ្ងៃទី០៥ ខែមិថុនា កន្លងទៅ ការបើកកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២១ “វគ្គជម្រុះជុំទី១”បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈប្រព័ន្ធអនឡាញ ដែលមានរយៈពេល២ថ្ងៃ និងបេក្ខជនចូលរួមចំនួន១៦ក្រុម នៃវិទ្យាល័យទាំង១៦ ក្នុងរាជធានីភ្នំពេញ ដើម្បីជជែកដេញដោលលើប្រធានបទចំនួន៨៕

Share.