ភ្នំពេញ ៖ ស្ត្រីជាជនសង្ស័យម្នាក់ ប្រើល្បិចហៅក្មេងស្រីសិស្សសាលាឲ្យឈប់ ប្រើល្បិចធ្វើជាអ្នកស្គាល់ឪពុកម្តាយ ភ្លេចខ្លួនឆក់យកទូរស័ព្ទដៃ បានសម្រេចជិះគេចខ្លួនបាត់ស្រមោល ។ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ នៅតាមផ្លូវជទិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ច្រូត ឆៃណា ភេទស្រី អាយុ១៥ឆ្នាំ សិស្សវិទ្យាល័យជម្ពូវ័ន រៀនថ្នាក់ទី១១ រស់នៅក្នុងភូមិសាមគ្គី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទូរស័ព្ទដែលស្ត្រីសង្ស័យឆក់យកទៅបាត់ ម៉ាកHUAWEI ។

បើតាមជនរងគ្រោះ បានឲ្យដឹងថា បន្ទាប់ពីម៉ោងទំនេរ មិនទាន់ទៅផ្ទះភ្លាមទេ ឆ្លៀតជិះម៉ូតូធូដេ ទៅរកទិញ ភ្លៅមាន់ ស្លាបមាន់ បំពង នៅក្នុងភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ លុះជិះវិលត្រឡប់មកវិញ តាមផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ស្រាប់តែសនត្រីជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស មិនចាំស្លាកលេខ តាមពីក្រោយ ដល់ទន្ទឺមហៅឃាត់ ប្រើល្បិចថាស្គាល់ឪពុកម្តាយ បងប្អូន សួរពីនេះ ពីនោះ ភ្លេចខ្លួន ឆក់យកទូរស័ព្ទពីដៃ បានសម្រេចជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។

ក្មេងស្រីរងគ្រោះ ក្រោយពីស្ត្រីឆក់យកទូរស័ព្ទដៃទៅបាត់ ទ្រហោយំតាមផ្លូវ ពលរដ្ឋឃើញ សាកសួរនិងទំនាក់ទំនងទៅក្រុមគ្រួសារ នាំត្រឡប់ទៅផ្ទះវិញ ទាំងមិនបានដាក់ពាក្យបណ្តឹង ៕

អត្ថបទ÷តាតុងសែនជ័យ

Share.