មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តឃ្លប់ដឹកទំនិញបើកកៀរគ្នាជាមួយរ៉ឺម៉កម៉ូតូក្នុងដំណើរស្របទិសគ្នាសភាពទ្រង់ទ្រាយនៃការប៉ះកៀរគ្នាតែបន្តិចបន្តួចនៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ។

ប្រភពបានឲ្យដឹងថា ក្រោយកើតមានហេតុការណ៍នោះ ភាគីទាំងពីរមិនបានឈប់និយាយគ្នា បែរជាខាងរថយន្តព្យាយាមបើករត់គេច។ ក្រោយមកក៏ក្លាយជាជម្លោះហឹង្សា អ្នកបើកបររថយន្តចុះមកវាយមួយដៃទៅលើអ្នកបើកបររ៉ឺម៉ក បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅអន្តរាគមន៍ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ភាគីខាងរ៉ឺម៉កម៉ូតូ បើកបរដោយបុរសម្នាក់ តាមផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ស្រាប់តែភាគីរថយន្តកូរ៉េ ឃ្លប់ ពណ៌សមួយគ្រឿងដឹកទំនិញ ជិះគ្នា៣នាក់ ក្នុងដំណើរពីត្បូងទៅជើង ស្របទិសគ្នា វ៉ាជែងមិនផុត ជ្រុលប៉ះកៀរជាមួយរ៉ឺម៉កម៉ូតូ បន្តិចបន្តួច ពុំមានការខូចខាតផង ហើយមិនបានឈប់និយាយគ្នា បែរជាភាគីខាងរថយន្តព្យាយាមបើករត់គេច។ ក្រោយមកភាគីខាងរ៉ឺម៉កបានបើកដេញតាម ចំងាយជាង២គីឡូម៉ែត្រ ចូលតាមផ្លូវបេតុងភូមិថ្មគោល២ ទើបតាមទាន់ ឃាត់ឲ្យឈប់ បែរជាអ្នកបើកបររថយន្តចុះមកឈ្មោះប្រកែកគ្នា រហូតដល់ប្រើហឹង្សា វាយមួយដៃចំថ្កាម បុរសអ្នកបើករ៉ឺម៉ក ទើបភាគីខាងរ៉ឺម៉ក កើតទុក្ខមិនសុខចិត្ត ស្រែកឡាំប៉ា រកយុត្តិធម៌ ត្រូវបានសមត្ថកិច្ចចុះទៅអន្តរាគមន៍ ។

ករណីគ្រោះថ្នាក់ចរាចរ ក្លាយជាហឹង្សាខាងលើ ត្រូវបានសមត្ថកិច្ចចុះទៅសម្របសម្រួល។ទីបំផុតភាគីខាងរថយន្តជួយចេញ៥០ម៉ឺនរៀល ទៅឲ្យភាគីខាងរ៉ឺម៉ក ដើម្បីបញ្ចប់រឿង៕

អត្ថបទ៖ តាតុងពោធិសែនជ័យ

Share.