កញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិកាគ្រប់គ្រងក្លិប​របស់​ក្លិបបាល់ទាត់វិសាខា កាលពីល្ងាច​ថ្ងៃទី៦ ខែ​កក្កដា​ បាន​ចេញ​ដំណើរ​ទៅ​បន្ដ​ការ​សិក្សា​លើកទី៣ នៃ​វគ្គ «គ្រប់​គ្រង​បាល់​ទាត់ – Football Management នៃ UEFA Academy» ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) នៅប្រទេសស្វីស។

កញ្ញា អ៊ូ បញ្ញាសុកិត្យា រំពឹងថា៖ ការចូលរួមសិក្សាត្រីមាសទី៣ នៃវគ្គ «គ្រប់គ្រងបាល់ទាត់ – Football Management នៃ UEFA Academy» នឹងទទួលបានជោគជ័យ ក៏ដូចជាផ្លែផ្កាថ្មីៗបន្ថែម តាមរយៈសៀវភៅមួយក្បាលទៀត។ កញ្ញាមានសុទិដ្ឋិនិយមថា៖«ខ្ញុំសង្ឃឹមថា ការចូលរួមសិក្សាត្រីមាសទី៣ នឹងទទួលបានកាន់តែច្រើនថែមទៀត»។

កញ្ញា អ៊ូ បញ្ញាសុកិត្យា គឺជា​ស្រ្តី​ជនជាតិ​ខ្មែរ​ដំបូង​បង្អស់​ដែល​​បាន​សិក្សា​​ផ្នែក​គ្រប់គ្រង​បាល់ទាត់​នៅឯ​ប្រទេស​ស្វីស ខណៈ​​ដែល​លោក លី ហ៊ាង អគ្គលេខាធិការ​ក្លិប​បាល់ទាត់​ភ្នំពេញក្រោន បាន​ឆ្លងកាត់​វគ្គ​សិក្សា​នេះ​ដោយ​ជោគជ័យ នៅ​ខែ​មិថុនា ឆ្នាំ​២០២២ កន្លង​ទៅ។

សូមបញ្ជាក់ថាវគ្គសិក្សា UEFA ខាងលើ មានរយៈពេល ១ឆ្នាំ ដែលបានចាប់ផ្ដើមសិក្សាត្រីមាសទី១ តាំងពីខែកញ្ញា ឆ្នាំ២០២២ ។ ក្នុងនាមស្ដ្រីខ្មែរដំបូង ដែលទទួលបានឱកាសចូលរួមសិក្សាវគ្គដ៏មានសារៈសំខាន់នេះ កញ្ញា អ៊ូ បញ្ញាសុកិត្យា បានសម្ដែងការសប្បាយរីករាយ និងថ្លែងអំណរគុណជាខ្លាំង ចំពោះលោកជំទាវប្រធានក្លិប កែ សួនសុភី ដែលបានផ្ដល់ឱកាសដល់កញ្ញា ដើម្បីសិក្សារៀនសូត្រ ដកស្រង់បទពិសោធន៍ និងចំណេះដឹងថ្មីៗ សម្រាប់អភិវឌ្ឍន៍ខ្លួន ពិសេសដើម្បីបន្ដរួមចំណែកដឹកនាំ និងអភិវឌ្ឍន៍ក្លិបឲ្យកាន់តែរីកចម្រើន៕

Share.