រថយន្តកុងតៃន័រមួយគ្រឿង ត្រូវបានអ្នកបើកបរប្រាប់ថាជាន់ហ្វ្រាំងក្រោយមិនស៊ី បានបើកបុកពីក្រោយ រថយន្តហាយ ឡែនឌ័រ កំពុង ឈប់ចតស្ងៀម រុញទៅផ្ទប់រថយន្តហ្វ័ត ខាងមុខដែលកំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យ រថយន្ត ហាយឡែនឌ័រ ខ្ទេចរួញ ទាំងមុខទាំងក្រោយ រថយន្តហ្វ័ត ខ្ទេចចំហៀងខាងក្រោយ តែមិនបង្កឲ្យ មាន របួសឬ បាត់បង់ជីវិតឡើយ។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី១៩ ខែ   កក្កដា ឆ្នាំ២០២១ នៅលើ ផ្លូវ ចោមចៅ ភូមិចោមចៅ២ សង្កាត់ចមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ប្រភពនៅកន្លែងកើតហេតុបានដឹងថា មុនកើតហេតុ រថយន្តហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AA-3931 ម្ចាស់ ទើប ទិញបានជាង១០ថ្ងៃ បានបើកតាមផ្លូវចោមចៅពីលិចទៅកើត ដល់ចំណុចកើតហេតុ បាន ឈប់ចតស្ងៀម ដើម្បីឲ្យ រថយន្ត ម៉ាកហ្វ័ត ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ02 2-8413 កំពុងបើកស្របទិស នៅពីខាងមុខ ហើយកំពុងបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែ រថយន្តបង្ក ប្រភេទកុងតៃន័រ ម៉ាកនីសាន់ ពណ៌ បៃតង លាយស្លែ ពាក់ស្លាកលេខ ភ្នំពេញ 3C-6315 របស់ក្រុមហ៊ុន ឯកជន មួយ បើកល្បឿនលឿន ពីលិចទៅកើត ហ្វ្រាំងមិនជាប់ ក៏ជ្រុលបុកពីក្រោយរថយន្តហាយឡែនឌ័រ រុញទៅផ្ទប់នឹង រថយន្ត ហ្វ័ត បណ្តាល ឲ្យ រថយន្ត  ហាយឡែនឌ័រ រងខូចខាតធ្ងន់ ខ្ទេចទាំងមុខ ក្រោយ តែពុំមានអ្នកណារងរបួសឡើយ ។

អ្នកបើកបររថយន្តកុងតៃន័របានឲ្យដឹងថា រថយន្តរបស់គាត់ ហ្វ្រាំងផ្នែកខាងរ៉ឺម៉កក្រោយ ជាន់មិនស៊ី ទើបជួបបញ្ហាបែបនេះ ។

គ្រោះថ្នាក់ចរាចរណ៍នេះបានបណ្តាលឲ្យកកស្ទះចរាចរ រហូតដល់កម្លាំងនគរបាលចុះទៅអន្តរាគមន៍ យករថយន្ត ទាំង៣ក្នុង ហេតុការណ៍ ទៅដាក់អែបខាង ទុកឱកាសឲ្យភាគីអស់អស់និយាយគ្នាមួយជំហានសិន តាមសំណើ ខាងភាគីរថយន្តកុងតៃន័រ។ តែបើ ក្នុងករណីមិនត្រូវគ្នា សមត្ថកិច្ចប្រគល់ជូនការិយាល័យ ចរាចរជើងគោក ចាត់ចែងតាមនីតិវិធី ៕

Share.