នៅក្នុងកិច្ចសម្ភាសន៍សមាជិកថ្មីរបស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ កីឡាករ Ben William Nugent ជនជាតិអង់គ្លេស បានទម្លាយថាខ្សែប្រយុទ្ធ Macus Haber ខ្សែប្រយុទ្ធរបស់ព្រះខ័នរាជស្វាយរៀង គឺជាអ្នកជំរុញអោយរូបគេផ្លាស់មកប្រកបអាជីពនៅលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤។

Ben William Nugent បានថ្លែងក្នុងកិច្ចសម្ភាសន៍ដូច្នេះថា៖«Macus បាននិយាយជាមួយខ្ញុំ ហើយប្រាប់ខ្ញុំថាវាល្អប៉ុណ្ណា, វាមានការប្រកួតប្រជែងខ្លាំងនៅប្រទេសកម្ពុជា។ Macus ពន្យល់ទៀតថាវាជាលីគដែលកំពុងតែអភិវឌ្ឍ និងរីកចម្រើន»។

Ben បន្តទៀតថា៖‍«វាពិតជាជំរុញឲ្យខ្ញុំមានចំណាប់អារម្មណ៍ចង់ទៅប្រទេសកម្ពុជាខ្លាំងណាស់ បន្ទាប់មកខ្ញុំបានទាក់ទងជាមួយអង្គរថាយហ្គឺរ ហើយខ្ញុំមានអារម្មណ៍រំភើបក្នុងការចាប់ផ្តើមហ្វឹកហាត់ជាផ្ទះថ្មី វាអស្ចារ្យណាស់, មនុស្សនៅទីនេះល្អណាស់ ជាកត្តាជួយឲ្យខ្ញុំក្នុងការតាំងចិត្តកាន់តែលឿន និងងាយស្រួលបន្ទាប់ពីផ្លាស់ពីឆ្ងាយមកទីនេះតែម្នាក់ឯង»។

Ben បន្ថែម៖«ពួកគេនៅទីនេះចិត្តល្អ ហើយរាក់ទាក់មែនទែន ខ្ញុំមិនអាចរង់ចាំដើម្បីចាប់ផ្តើមរដូវកាលថ្មីបានទេ, ខ្ញុំបានមើលប្រកួត CPL ២-៣ នៅពេលមិត្តភ័ត្តិរបស់ខ្ញុំម្នាក់បានផ្ញើមកខ្ញុំ ប៉ុន្តែវាពិបាកក្នុងការវាស់ស្ទង់មើលតាមទូរទស្សន៍បើធៀបនឹងការលេងផ្ទាល់ខ្លួន អ្វីដែលខ្ញុំបានកត់សម្គាល់ឃើញនោះគឺខ្ញុំមានកម្ពស់ខ្ពស់ជាងបើធៀបនឹងកីឡាករភាគច្រើន រីឯបើតាមបច្ចេកទេសវិញកីឡាករនៅទីនេះមានទេពកោសល្យ និងពូកែ»។

គួរដឹងថាកីឡាករ Ben William Nugent លេងតំណែងជាខ្សែការពារកណ្តាល ហើយរូបគេមានកំពស់ ១.៩៣ ម៉ែត្រ និងមានវ័យ៣០ឆ្នាំ ជាកីឡាករបរទេសទី៥ បន្ទាប់ពី Shodai Nishikawa ជនជាតិជប៉ុន, កីឡាករអេស្ប៉ាញ Victor Blasco, កីឡាករ Williams Trey ជនជាតិអង់គ្លេស និង Pocholo Bugas ជនជាតិហ្វីលីពីន៕

តោះមកស្តាប់បទសម្ភាសន៍ របស់កីឡាករ BEN WILLIAM NUGENT ជាមួយនឹងក្លិបបាល់ទាត់ អង្គរថាយហ្គឺរ៖

Share.