សិល្បៈ​អន្តរជាតិ​៖ នៅ​ក្នុង​សប្ដាហ៍ទីពីរ​នៃ​ខែ​កក្កដា ឆ្នាំ​២០២៣​ នេះ​រឿង​រ៉ាវ និង​ដំណឹងចចាមអារ៉ាម​ស្នេហា​របស់​នាង Lisa សមាជិក​ក្រុម​ Blackpink កំពុង​តែ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​តាម​ដាន​។ ខណៈ​ដែល​ភាព​ស្រពិចស្រពិល​រឿង​កុង​ត្រា​ថ្មី​របស់​នាង​ ជាមួយ​នឹង​​ផលិតកម្ម​ YG ក៏​​មិន​ទាន់មាន​ការ​បញ្ជាក់​ឱ្យ​ជ្រះស្រឡះ​នៅ​ឡើយ​ដែរ​ថា​នឹង​​បន្ត​ទៀត​ ឬ​ក៏​លើក​ដៃ​បាយៗ​ត្រឹម​នេះ​។

រឿង​ស្នេហា​​និង​រឿង​ការងារ​របស់​តារា​ចម្រៀង​កូរ៉េ​ ដើម​កំណើត​មក​ពី​ខេត្ត​បុរីរ៉ាំ​ នាង Lisa Blackpink កំពុង​ស្ថិត​នៅ​ក្នុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​សាធារណជន​ និង​អ្នក​គាំទ្រ ជា​ពិសេស​បុរស​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មាន​សិទ្ធិ​ជា​ម្ចាស់​គ្រង​បេះ​ដូង​ Lisa Blackpink ​មាន​ប្រវត្តិ​គ្រួសារ​មិន​ធម្មតា​នោះ​ឡើយ​។

បុរស​សង្ហា​ដែល​ឧស្សាហ៍​បង្ហាញ​ខ្លួន​នៅ​ក្បែរ​ Lisa ស្ទើ​គ្រប់​ពេលវេលា​មាន​ឈ្មោះ​ពិត​ថា​ Frédéric Arnault ​កើត​នៅ​ឆ្នាំ​១៩៩៥ បច្ចុប្បន្ន​មាន​អាយុ​២៨​ឆ្នាំ​ ជា​កូន​ប្រុស​ទីពីរ​របស់​កំពូល​មហាសេដ្ឋី​បារាំង​ Bernard Arnault និង​ភរិយា​គឺ​លោកស្រី​ ​Hélène Mercier។

Frédéric ត្រូវបានគេ​មើល​ឃើញ​ថា​ជា​អ្នកស្នងមរតកដ៏លេចធ្លោបំផុតប្រចាំត្រកូលអភិជនដែលមានទ្រព្យជិត​២៤០ពាន់លានដុល្លារ។ ក្រៅពីកាន់កាប់  Brand ដ៏​ធំ​ក្នុងពិភពលោក​ហើយ​នោះ​​កំពូល​មហាសេដ្ឋី​Bernard Arnault ក៏​បាន​ធ្វើឲ្យមនុស្សជាច្រើនកោតសរសើរផងដែរ ព្រោះលោក​មានកូនចំនួន ៥ នាក់ សុទ្ធតែមាន​សមត្ថភាពឆ្នើម និងជាអ្នកស្នងមរតកដ៏ឥតខ្ចោះប្រចាំក្រុមហ៊ុន។ ក្នុង​នោះក៏រួមមានទាំង Frédéric Arnault ​ដែល​កំពុង​ត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​ម្ចាស់​គ្រង​បេះដូង​របស់​កញ្ញា​ Lisa Blackpink ម្នាក់​ផង​ដែរ​។

ដ្បិតជាបុគ្គលល្បី ប៉ុន្តែបងប្អូនបង្កើតរបស់ Frédéric ទាំងអស់ រក្សា​បាន​នូវ​ឯក​ជន​ភាព​នៃ​ជីវិត​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​។ បុរស​ដែល​ជា​ទាយាទ​កំពូល​មហាសេដ្ឋី​រូប​នេះមានសមត្ថភាពនិយាយបាន ៤ ភាសា ​យ៉ាង​ស្ទាត់​ជំនាញ​ដូចជា បារាំង អង់គ្លេស អ៊ីតាលី និង​ អាល្លឺម៉ង់​។ លើសពីនេះ Frédéric ក៏ជាមនុស្សពហុជំនាញដែលអាចលេងព្យាណូយ៉ាងស្ទាត់និងវាយកូនបាល់បានផងដែរ។

ទោះបីជាគ្រួសាររបស់លោកស្ថិតនៅក្នុងពិភពជំនួញក៏ដោយ Frédéric មានទិសដៅផ្សេងគ្នា ព្រនៅពេលសិក្សាមុខជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រនៅ École Polytechnique។

ក្រោយ​រៀន​ចប់ ជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រនៅ École Polytechnique លោក​ និង​មិត្ត​ភក្តិ​ម្នាក់​បាន​ចាប់​ផ្តើម​បង្កើត ក្រុមហ៊ុនមួយជាមួយគ្នា ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់ប្រាក់​តាម​ទូរសព្ទ។ ក្រោយមកក្រុមហ៊ុននេះត្រូវបានលក់ទៅវិញ ដោយលោកចង់ផ្តោតលើការងារពេញម៉ោងឱ្យ TAG Heuer។

នៅអាយុត្រឹមតែ ២៥ ឆ្នាំ យុវជននេះត្រូវបានតែងតាំងជា CEO របស់ TAG Heuer ដែលជាម៉ាកនាឡិកាដ៏ល្បីបំផុតរបស់អាណាចក្រ LVMH ហើយបានធ្វើឱ្យលោកក្លាយជាសមាជិកក្មេងជាងគេទីពីរនៃគ្រួសារ​ Arnault​ដែលបានទទួលតំណែងនោះបន្ទាប់ពីបងប្រុសរបស់លោកឈ្មោះ Alexandre។

ភ្លាមៗបន្ទាប់ពីឡើងកាន់តំណែងជា នាយកប្រតិបត្តិវ័យក្មេងរបស់ TAG Heuer លោក Frédéric បានបង្ហាញទេពកោសល្យរបស់ខ្លួន នៅពេលដោយបាននាំយកកិច្ចសន្យាជាច្រើនដែលមិននឹកស្មានដល់សហការជាមួយក្រុមហ៊ុនរថយន្តប្រណីត Porsche ឬជាមួយកំពូលតារាដែល “ពិបាកអញ្ជើញបំផុត” គឺ Ryan Gosling។

ចំណុច​រសើប​ដែល​បណ្ដាល​ឱ្យ​មាន​ការសង្ស័យ​នៃ​ទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ​ គឺ​ Frédéricតែង​តែ​មាន​វត្តមាន​នៅ​ក្បែរ Lisa (BLACKPINK) ជា​ច្រើន​ដង​។ ក្នុងនាមជាអ្នកស្នងមរតករបស់គ្រួសារ Brand ដ៏ធំបំផុតរបស់ពិភពលោក Frédéric Arnault តែងតែបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ម៉ូដសំខាន់ៗ និងជួបជាមួយមនុស្សល្បីៗជាច្រើនជុំវិញពិភពលោក។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ វីដេអូដែលបង្ហាញ មុខ​លោក​នៅ​ជាមួយ Lisa (BLACKPINK) ស្រាប់តែធ្វើឲ្យក្តៅគគុកនិង​មាន​ការ​តាមដាន​ពាសពេញបណ្ដាញសង្គម។ ភ្លាមៗនៅពេលដែលពាក្យចចាមអារ៉ាមស្នេហារបស់អ្នកទាំងពីរបានផ្ទុះឡើង វីដេអូជាច្រើនទៀតដែលថតសកម្មភាពសន្ទនាគ្នា និងជជែកគ្នាលេងក្នុងព្រឹត្តិការណ៍ម៉ូដផ្សេងទៀតក៏ត្រូវបាន “ជីកកកាយ” យក​មក​ទម្លាយ​ ​ហើយទទួលបានការចូលមើលរាប់សែនដង។

Lisa គឺជា​បុគ្គល​ល្បី​ដែល​មាន​ប្រជាប្រិយភាព​លំដាប់​ពិភពលោក​ ចំណែក Frédéric គឺជា​កូន​ប្រុស​មក​ពី​គ្រួសារ​អភិជន​ ដូច្នេះ​គេ​មើល​ឃើញ​ថា​អ្នក​ទាំងពីរ​ពិត​ជា​សម​គ្នា​បំផុត​។ មែនទែន​ទៅ​ទំនាក់ទំនង​ស្នេហា​ដែល​កំពុង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​នេះ​មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ណា​មួយ​នៅ​ឡើយ​ទេ ប៉ុន្តែ​អ្នក​គាំទ្រ​បាន​​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដោ​យ​មិន​ជំទាស់​ប្រសិន​បើ​តារា​ K-Pop និង​បុរស​សង្ហា​ទាយាទ LVMH ពិត​ជា​កំពុង​បណ្ដុះ​ពន្លក​ស្នេហ៍​ជាមួយ​គ្នា​មែន​នោះ​៕

Share.