សិល្បៈ​ជាតិ​៖ លើក​នេះ​​ជា​លើក​ទីពីរ​ហើយ​ដែល​បេក្ខនារី​តំណាង​ប្រទេស​កម្ពុជា​កញ្ញា​ លីវ ជីលី ​មាន​ឱកាស​តំណាង​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ឆាក​អន្តរជាតិ​ ប៉ុន្តែ​កញ្ញា​នៅ​តែ​មិន​អាច​​ឈ្នះ​មកុដ​ Miss Supranational 2023 ​បាន​។ ​ចំពោះ​រឿង​នេះ​មាន​អ្នក​ចេញ​មក​ផ្ដល់​ដំបូន្មាន​ដល់​កញ្ញា​ដោយ​ប្រាប់​ពី​មូលហេតុ​ដែល​កញ្ញា​​មិន​អាច​យក​ឈ្នះ​ចិត្ត​គណៈកម្មការ​ប្រកួត​បាន​។​​

សូមអាន៖ លីវ ជីលី បោះសម្ដីមានសមត្ថភាពចិញ្ចឹមខ្លួនឯង មិនត្រូវការអ្នកមកជួយចិញ្ចឹម!

អតីត​ Miss Grand Cambodia ឆ្នាំ​២០២0 កញ្ញា​ លីវ ជីលី ​​ឬ ​​ជីលី ទេវី​ ​ទទួល​បាន​ឱកាស​មាស​ម្ដង​ទៀត​ក្រោយ​កញ្ញា​ត្រូវ​បាន​ជ្រើស​រើស​ជា​បេក្ខភាព​បវរកញ្ញា​ Miss Supranational Cambodia 2023 ​តំណាង​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ប៉ូឡូញ​។ បេក្ខនារី​តំណាង​កម្ពុជា​រូប​នេះ​បាន​ហោះ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៥ខែ​មិថុនា​ ឆ្នាំ២០២៣​ កន្លង​ទៅ​។ លើក​នេះ​​កញ្ញា​នៅ​តែ​​មិន​អាច​​ទទួល​បាន​ជ័យជំនះ​​ ហើយ​មិន​ជាប់​សូម្បី​តែ​ចូល​ដល់​ Top ណា​មួយ​នោះ​ឡើយ​។ ការ​របូត​មកុដ​លើក​នេះ​កញ្ញា​​មិន​ត្រឹម​តែ​ទទួល​បាន​នូវ​ការ​លើក​ទឹក​ចិត្ត​ពី​អ្នក​គាំទ្រ​ឡើយ​ ប៉ុន្តែ​កញ្ញា​ក៏​ទទួល​រង​នូវ​ពាក្យ​រិះគន់​រហូត​សាមី​ខ្លួន​បាន​ចេញ​មក​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ខ្លួន​ថា​៖​ «ខ្ញុំ​យល់​អំពី​វិស័យ​បវរកញ្ញា​កាន់​តែ​ច្បាស់​នៅ​ពេល​នេះ​​អ្នក​យល់​លើក​ដៃ​ អ្នក​ឆ្ងល់​អាច​សួរ​ខ្ញុំ​បាន​​ឯង​ខំ​តស៊ូ​ចង់​ងាប់​ចង់​រស់​ហើយ​នេះ​ក៏​ជា​លើក​ចុង​ក្រោយ​ផង​ដែរ​ស្បថ​យាយ​មែន​»

ការ​ចេញ​មក​លើក​ឡើង​របស់​កញ្ញា​ លីវ ជីលី នេះ​មាន​ទាំង​អ្នក​គាំទ្រ​លើក​ទឹក​ចិត្ត​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​កញ្ញា​ និង​អ្នក​ដែល​មិន​គាំទ្រ​ ក្នុង​នោះ​​ក៏​មាន​​អ្នក​ផ្ដល់​មតិ​ជា​ដំបូន្មាន​ដល់​កញ្ញា​ ​ព្រម​ទាំង​បាន​លើក​ពី​មូលហេតុ​និង​កត្តា​ធ្វើ​ឱ្យ​ស្រី​ស្អាត​តំណាង​កម្ពុជា​រូប​នេះ​មិន​អាច​យក​ឈ្នះ​ចិត្ត​គណៈ​កម្មការ​ក្នុង​ការ​ប្រកួត​លើក​នេះ​ផង​ដែរ​ ដោយ​សារ​ព័ត៌មាន​សូម​បកប្រែ​មិន​ផ្លូវ​ការ​ដូច​តទៅ​៖ ​«អរគុណ​ដែល​បាន​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​បង​។​ ប៉ុន្តែ​រឿង​មួយ​ដែល​ខ្ញុំ​ចង់​ប្រាប់​បង​ថា​ជា​បវរកញ្ញា​​មិន​មែន​គ្រាន់​តែ​សំដៅ​លើ​ភាព​ស្រស់​ស្អាត​មួយ​មុខ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​បង​ត្រូវ​បង្ហាញ​សមត្ថភាព​គ្រប់​យ៉ាង​ឱ្យ​គេ​គ្រប់​គ្នា​បាន​ឃើញ​។ ​​ខ្ញុំ​សង្កេត​ឃើញ​ថា​នៅ​ពេល​បង​ឡើង​បង្ហាញ​សមត្ថភាព​នៅ​លើ​វេទិកា​អន្តរជាតិ​ ពេល​បង​កំពុង​តែ​ប្រកួត​លើ​វិញ្ញាសា​ណា​មួយ​នោះ​ បង​តែងតែ​ Live នៅ​លើ​បណ្ដាញ​សង្គម​​ ហើយ​គណៈកម្មការ​គេ​ប្រាកដ​ជា​កត់​ចំណាំ​បង​ទុក​ថា​បង​បាន​ធ្វើ​អ្វី​ខ្លះ​ ហើយ​បង្ក​ឱ្យ​កើត​មាន​បញ្ហា​អ្វី​ ​ម្យ៉ាង​អ្វី​ដែល​បង​បាន​ធ្វើ​វា​ក៏​បង្ហាញ​ពី​សមត្ថភាព​បង​ផង​ដែរ​ ​ជាង​នោះ​ទៀត​​វា​ក៏​ជា​កត្តា​មួយ​បាន​ផ្ដល់​ឱកាស​ឱ្យ​ទៅ​បេក្ខនារី​ដទៃ​»​។​

​បើ​ក្រឡេក​ទៅ​មើល​ Comment វិញ​គេ​ឃើញ​ថា​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​លើក​ទឹក​ចិត្ត​និង​កោត​សរសើរ​ចំពោះ​ការ​លះបង់​របស់​កញ្ញា​ លីវ ជីលី ​ព្រោះ​អ្នក​គាំទ្រ​ទាំង​អស់​នោះ​បាន​ដឹង​ថា​កញ្ញា​បាន​ប្រើ​កញ្ចប់​ថវិកា​ផ្ទាល់​ខ្លួន​រហូត​ខ្ទង់​មើល​ដុល្លារ​ ​ត្រៀម​លក្ខណៈ​សម្បត្តិ​គ្រប់​ ដើម្បី​ចេញ​ទៅ​ប្រកួត​លើក​នេះ​។ ក្នុង​ចំណោម​ការ​លើក​ឡើង​ជា​ច្រើន​នោះ​​គេ​ចាប់​អារម្មណ៍​ឃើញ​ថា​ ​លីវ ជីលី បាន​ចូល​ទៅ​ឆ្លើយឆ្លង​ជាមួយ​នឹង​អ្នក​គាំទ្រ​របស់​ខ្លួន​ដែល​​មាន​អត្ថន័យ​ថា​ការ​របូត​មកុដ​របស់​ខ្លួន​លើក​នេះ​ មិន​គ្រាន់​តែ​ទៅ​លើ​សមត្ថភាព​នោះ​ទេ​ ប៉ុន្តែ​អាស្រ័យ​ដោយ​​មាន​រឿង​ទឹក​លុយ​ជា​កត្តា​រួម​ផ្សំ​ ​ដែល​ធ្វើ​ឱ្យ​​មាន​មតិ​វិភាគ​ខ្លះ​​លើក​ឡើង​ថា​កញ្ញា​​ប្រហែល​ចង់​សំដៅ​ដល់​មិន​មាន​ស្ពន់សឺ​​​ជួយ​ឧបត្ថម្ភ​លុយ​សម្រាប់​ការ​ចេញ​ប្រកួត​ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​បែរ​ជា​យល់​ថា​​​កញ្ញា​ប្រហែល​ជា​អស់​ទឹក​ចិត្ត​ដែល​ខំ​ចាយ​លុយ​ខ្លួន​ឯង​ដើម្បី​ការ​ប្រកួត​ហើយ​បែរ​ជា​នៅ​រង​នូវ​មតិ​រិះគន់​ទៀត​​​? ខណៈ​ដែល​អ្នក​ខ្លះ​ទៀត​យល់​ថា​កញ្ញា​អាច​នឹង​អន់​ចិត្ត​ដែល​សន្ទុះ​បោះ​ឆ្នោត​គាំទ្រ​ខ្លួន​មិន​មាន​សន្ទុះ​ខ្លាំង​ដូច​កាល​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​។ ​ចំពោះ​ករណី​នេះ​ដែរ​ សារព័ត៌មាន​​ត្រយង​ បាន​ទំនាក់ទំនង​ទៅ​សាកសួរ​កញ្ញា​ ​លីវ ជីលី​ ​ដើម្បី​ស្រាយ​បំភ្លឺ​ ប៉ុន្តែ​មិន​អាច​ទំនាក់ទំនង​បាន​។​

គួរ​រំលឹក​ឡើង​វិញ​ថា​កញ្ញា​ លីវ ជីលី ​ធ្លាប់​ជាប់​ជា​បេក្ខភាព​តំណាង​ប្រទេស​កម្ពុជា​រួច​ម្ដង​មក​ហើយ​កាល​ពី​ឆ្នាំ​២០២០ ​នៅ​ក្នុង​កម្មវិធី​ Miss Grand Internationalដោយ​កាល​ណោះ​កញ្ញា​បាន​ឈាន​ចូល​ដល់​ Top20 ​តាម​រយៈ​ការ​ Vote គាំទ្រ​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​ពី​សំណាក់​អ្នក​គាំទ្រ​នៅ​កម្ពុជា​៕

សូមទស្សនា​ព័ត៌មាន​នេះ​ជា​វីដេអូ​ខាង​ក្រោម

Share.