យ៉ាងហោចណាស់មានប្រទេសមួយក្នុងចំណោមប្រទេសចំនួន២០៧ ដែលជាសមាជិករបស់សហព័ន្ធបាល់ទាត់អន្តជាតិ ដែលហៅកាត់ថា FIFA បានដកសិទិ្ធចេញពីការប្រជែងយកជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក FIFA world Cup 2026 ។

តើនោះជាប្រទេសមួយណា?

បើតាមការវិវត្តន៍ថ្មីដែលសារព័ត៌មានត្រយង ទទួលបាន ប្រទេសនោះគឺស្រី​លង្កា ដែលជាសមាជិកនៅតំបនអាស៊ី ខាងត្បូង ហើយមូលហេតុដែលនាំឱ្យ FIFA សម្រេចដកសិទិ្ធចេញពីការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក នោះដោយសារតែមានរឿងរ៉ាវជម្លោះផ្ទៃក្នុង ដោយមានការជ្រៀតជ្រែកពីភាគីទី៣។

ហេតុផលទី២នោះ គឺដោយសារតែកាលពីដើមឆ្នាំ២០២៣ កន្លងទៅ សហព័ន្ធបាល់ទាត់ស្រីលង្ការ បានរៀបចំការបោះឆ្នោតដើម្បីជ្រើសរើសប្រធានសហព័ន្ធថ្មី ដែលការរៀបចំនោះគឺខុសពីគោលការណ៍របស់ FIFA។

យ៉ាងណាក្តី ការបោះឆ្នោតដើម្បីជ្រើសរើសប្រធានសហព័ន្ធបាល់ទាត់ថ្មី ក៏នៅតែមិនទាន់ទទួលស្គាល់ជាផ្លូវការឡើយ ទោះជាមានការអង្កេតរបស់ FIFA ក៏ដោយ នេះបើយោងតាមការបញ្ជាក់របស់សហព័ន្ធបាល់ទាត់អាស៊ី AFC។

ក្រៅពីពានរង្វាន់បាល់ទាត់ពិភពលោក ប្រទេសដែលមានមូលដ្ឋាននៅភាគខាងត្បូង ក្បែរប្រទេសឥណ្ឌា មួយនេះ ក៏មិនមានសិទ្ធិប្រកួតពានរង្វាន់ផ្សេងៗក្នុងតំបតអាស៊ី ថែមទាំងការប្រកួតមិត្តភាពផងដែរ។

និយាយរួមរាល់សកម្មភាពបាល់ទាត់របស់ប្រទេសស្រីលង្កា នេះត្រូវបានផ្អាក់លុះត្រាតែមានដកការពិន័យពីសហព័ន្ធបាល់ទាត់អន្តជាតិ (FIFA) ទើបមានសិទ្ធិក្នុងការប្រកួតរាល់ពានរង្វាន់ផ្សេងៗបាន។

សូមបញ្ជាក់ថា ការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក វគ្គជម្រុះជុំទី១ នៅតំបនអាស៊ី នឹងរៀបចំពិធីចាប់ឆ្នោតជាផ្លូវការ​ថ្ងៃ​ទី២៧ ខែ​កក្កដា ឆ្នាំ​២០២៣ ខាង​មុខ ស្រប​ពេល​ដែល​ការ​ប្រកួត​ធ្វើ​ឡើង​ចំនួន​២​ជើង ក្នុង​នោះ​ជើង​ទី១ ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២៣ ហើយ​ជើង​ទី២ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០២៣។

Share.