សិល្បៈ​អន្តរជាតិ​៖ ​អតីត​អគ្គ​នាយក​ប្រតិបត្តិ​របស់​ Paramount and 20th Century Fox បាន​ចេញ​មក​ព្រមាន​ថា​ឧស្សាហកម្ម​ហូលីវូដ​នឹង​ធ្លាក់​ចូល​ក្នុង​គ្រោះ​អាសន្ន​ ប្រសិន​បើ​មិន​មាន​ដំណោះ​ស្រាយ​ណា​មួយ​ចំពោះ​កូដកម្ម​លើក​នេះ​ទេ​។​

​​​​​យោង​តាម​សារ​ព័ត៌មាន​ The Variety ក្រុមហ៊ុន​ផលិត​ភាពយន្ត​ដ៏​ធំ​របស់​អាមេរិក​ Hollywood ​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ប្រទាំង​ប្រទើស​លើ​ការ​ធ្វើ​កូដកម្ម​​របស់​បុគ្គលិក​​ជា​ប្រវត្តិសាស្ត្រ​។ នៅ​ក្នុង​បញ្ហា​នេះ​ដែរ​លោក​ Barry Diller ​ដែល​ជា​អតីត​អគ្គនាយក​ប្រតិបត្តិ​របស់​ Paramount and 20th Century Fox CEO បាន​ចេញ​មក​ព្រមាន​ចំពោះ​បញ្ហា​​​ទៅ​កាន់​​ក្រុមហ៊ុន​ Hollywood ឱ្យ​ប្រញាប់​រក​ដំណោះ​ស្រាយ​ឱ្យ​បាន​មុន​ថ្ងៃ​ទី​១ ខែ​កញ្ញា ​បើ​មិន​ដូច្នេះ​ទេ​នោះ​ ច្បាស់​ជា​ជួប​នឹង​គ្រោះ​អាសន្ន​ដួល​រលំ​ជាក់ជា​មិន​ខាន​។ នៅ​ក្នុង​ឱកាស​បង្ហាញ​វត្តមាន​នៅ​ក្នុង​កម្មវិធី​ Face The Nation លោក Diller ​បាន​មាន​ប្រសាសន៍​​ថា​ប្រសិន​បើ​មិន​មាន​ការ​បញ្ជាក់​ពី​ពេលវេលា​​ដោះស្រាយ​នេះ​ឱ្យ​ច្បាស់​ទេ​នោះ​ អ្នក​ទស្សនា​ប្រាកដ​ជា​នឹង​គ្មាន​ភាព​ទស្សនា​ឡើយ​នៅ​ខណៈ​ដែល​រដូវ​កាល​ Christmas ​កាន់​តែ​ខិត​ជិត​មក​ដល់​។

លោក​បាន​មាន​ប្រសាសន៍​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖ «គ្មាន​ភាពយន្ត​មាន​ន័យ​ថា​បាត់​បង់​ចំនួន​អ្នក​ចុះ​ឈ្មោះ​ទស្សនា​ ហើយ​ចំណូល​ដែល​ទទួល​បាន​ពី​ភាពយន្ត​ និង​ពី​ឧស្សាហ៍​ទូរទស្សន៍​ច្បាស់​ជា​​ជួប​ផល​ប៉ះពាល់​។ ការ​ពន្យារ​ពេល​ដោះ​ស្រាយ​បញ្ហា​មិន​អាច​បញ្ចៀស​ការ​វាយ​ប្រហារ​បាន​នោះ​ទេ​។

សហព័ន្ធ​វិទ្យុ​និង​ទូរទស្សន៍​សហរដ្ឋ​អាមេរិក បាន​ចូលរួម​ជាមួយ​នឹង​សហជីព​គាំទ្រ​ខាង​អ្នក​សម្ដែង​ អ្នកនិពន្ធ និង​អ្នក​ដឹកនាំ​រឿង​ ធ្វើ​កូដកម្ម​ក្រោយ​ការ​ចរចា​រយៈ​ពេល​៥​សប្ដាហ៍​កន្លង​មក​ជាមួយ​នឹង​សហជីព​ខាង​ផលិតករ​ម្ចាស់​ក្រុមហ៊ុន​ ខាង​តំណាង​​ផលិត​កម្ម​និង​ទូរទស្សន៍ បរាជ័យ ព្រោះ​តែ​មិន​ព្រ​ម​ឯកភាព​ត្រង់​ចំណុច​សំខាន់​ជាង​គេ​បំផុត​ ​អំពី​រឿង​​ប្រាក់​ខែ និង​ប្រាក់​ឧបត្ថម្ភ​។​​

​កាលបរិច្ឆេទ​ដោះ​ស្រាយ​បញ្ហា​នេះ​ត្រូវ​បាន​ដាក់​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា​ ប៉ុន្តែ​លោក​ Barry Diller បាន​លើក​ឡើង​ថា​ ប្រសិន​បើ​គ្មាន​ការ​ទុកចិត្ត​គ្នា​ទេ​នោះ​ នឹង​ធ្វើ​ឱ្យ​កើត​មាន​មហន្ត​រាយ​​យ៉ាង​ធំ​ចំពោះ​ឧស្សាហកម្ម​មួយ​នេះ​​នៅ​ទី​បញ្ចប់​។ «និយាយ​ទៅ​ដូច​ជា​ខ្ញុំ​កំពុង​តែ​យំ​ប្រាប់​ទេវតា​ ប៉ុន្តែ​នៅ​ក្នុង​ស្ថានភាព​ដ៏​តាន​តឹង​នេះ​ វា​​អាច​ទៅ​រួច​​ដែល​ឧស្សាហកម្ម​ភាពយន្ត​ទាំង​មូល​នឹង​​ត្រូវ​ដួល​រលំ​។»

អតីត​អគ្គនាយក​រូប​នេះ​បាន​លើក​ឡើង​ដែរ​ថា​បញ្ហា​ដែល​បង្ក​ឱ្យ​កើត​មាន​កូដ​កម្ម​ជា​ប្រវត្តិសាស្ត្រ​នេះ​គឺ​បណ្ដាល​មក​ពី​គំលាត​ប្រាក់​បៀវត្សរ៍​រវាង​ប្រធាន​គ្រប់​និង​តួ​សម្ដែង។​មួយ​វិញ​ទៀត​គឺ​បណ្ដាល​មក​ពី​ក្រុមហ៊ុន​ហូលីវូដ​ទាមទារ​ប្រើប្រាស់​បញ្ហា​សិប្បនិមិត្ត​មក​ជំនួស​មនុស្ស​ ជំនួស​អ្នក​​សម្ដែង​ ​និង ​អ្នក​សរសេរ​។ល។​

គួរ​រំលឹក​ឡើង​វិញ​ថា​កូដ​កម្ម​ដ៏​ធំ​និង​ដំបូង​​ជា​ប្រវត្តិសាស្ត្រ​នេះ​​​កើត​ឡើង​អាស្រ័យ​ដោយ​សារ​តែ​តារា​តូចតាច​ មិន​សូវ​មាន​កេរ្តិ៍ឈ្មោះ​ បាន​ប្រាក់​ខែ​តិច​ ហើយ​ច្រើន​តែ​រស់​នៅ​ខ្វះ​មុខ​ខ្វះ​ក្រោយ​ដូច្នេះ​ពួក​គេ​កើត​មាន​ការ​បារម្ភ​ចំពោះ​បច្ចុប្បន្ន​និង​អនាគត​ ​ដែល​បណ្ដាល​មក​ពី​កើត​មាន​ហានិភ័យ​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​បញ្ញា​សិប្បនិមិត្ត​ មក​ជំនួស​មនុស្ស ​ជំនួស​អ្នក​សម្ដែង​ និង​អ្នក​សរសេរ​។ មួយ​វិញ​ទៀត​​ការ​ផលិត​កុន​ដោយ​ប្រើប្រាស់​បច្ចេកទេស​ AI នឹង​កាត់​បន្ថយ​ការងារ​របស់​មនុស្ស​ ដូច​ជា​​តួនាទី​របស់​តួ​សម្ដែង​ អ្នក​បញ្ចូល​សំឡេង​ អ្នក​និពន្ធ​សាច់​រឿង​ ដូច្នេះ​ទើប​ពួក​គេ​មិន​សុខ​ចិត្ត​ទាល់​តែ​សោះ​ និង​បាន​ធ្វើ​បាតុកម្ម​ កុបកម្ម​ និង​កូដ​កម្ម​ តាំង​ពី​ខែ​ឧសភា​ និង​មិថុនា​ កន្លង​មក​៕

ប្រភព៖ Variety, Kenh14

Share.