សិល្បៈ​ជាតិ​៖ អ្នកនាង​ គង់​ សុជាតិ​ បាន​បង្ហោះ​សារ​ប្រាប់​សាធារណជន​ឱ្យ​ដឹង​ថា​ អ្នក​នាង​ពិត​ជា​មាន​មោទកភាព​យ៉ាង​ខ្លាំង​ចំពោះ​កូន​ស្រី​អ្នកនាង​ ដែល​ពេល​ថ្មី​ៗ​នេះ​កូន​ស្រី​ដណ្ដើម​បាន​មេដាយ​សិស្ស​ពូកែ​ចំនួន​ ៩​ ពី​ប្រទេស​កូរ៉េ​ក្នុង​កម្មវិធី​ WSC​ Seoul​ Global​ Round​ 2023​ ដែល​ជា​កម្មវិធី​ប្រកួត​សិស្ស​ពូកែ​លំដាប់​អន្តរជាតិ​។

អាច​និយាយ​បាន​ថា​ ជា​ជោគជ័យ​ថ្មី​សម្រាប់​កម្ពុជា​ដែល​មាន​កញ្ញា​ ម៉ៅ​ សាល់ភាពណេលលី​ ហៅ​ក្រៅ​ Nemo​ មាន​អាយុ​១៨​ឆ្នាំ​ តំណាង​ឱ្យ​សិស្ស​ពូកែ​កម្ពុជា​ចូល​រួម​ប្រកួតប្រជែង​នៅ​ប្រទេស​កូរ៉េ​ ក្នុង​នោះ​កញ្ញា​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រកួត​នៅ​ថ្ងៃទី​១២​ ខែកក្កដា​ ឆ្នាំ២០២៣​។ កន្លង​មក​ កាល​ពី​ឆ្នាំ​ ២០១៩​ កញ្ញា​ក៏​ធ្លាប់​ចូល​រួម​ប្រកួត​នៅ​ក្នុង​កម្មវិធី​នេះ​នៅ​ប្រទេស​អូស្ត្រាលី​ឈ្នះ​បាន​មេដាយ​មាស​ និង​ប្រាក់​ចំនួន​ ៤​ គ្រឿង​។

អ្នកនាង​ គង់ ​សុជាតិ ​បាន​រៀបរាប់​យ៉ាង​ដូច្នោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​៖ «មាន​មោទកភាព​ណាស់​ដែល​កូនស្រី​របស់​ម្តាយ​ជា​ក្មេង​ស្រី​ដែល​ពូកែ​ហើយ​ឆ្លាត​លើក​នេះ​មក​ដល់​ប្រទេស​កូរ៉េ​ក្នុង​កម្មវិធី​ប្រួត​ WSC​ Seoul​ Global​ Round​ 2023​ ទទួល​បាន​មេដាយ ​៩ ​ហើយ​នៅ​មាន​បន្ត​ទៀត​ សូម​ពាក្យ​ជូនពរ​ម្នាក់​មួយ​មក​អ៊ំ​ពូ​មីង​ទាំង​អស់​គ្នា​»។​

ក្រៅ​ពី​បញ្ចប់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​រួច​មក​ គេ​មើល​ឃើញ​ថា​ អ្នកនាង ​គង់​ សុជាតិ ​និង​កូនស្រី​ក៏​បាន​ធ្វើ​ដំណើរ​តាម​តំបន់​ទេសចរណ៍​ល្បីៗ​នៅ​លើ​ក្នុង​ប្រទេស​កូរ៉េ​ផង​ដែរ​។ សម្រាប់​មជ្ឈដ្ឋាន​មហាជន​វិញ​ ក៏​បាន​លើក​សរសើរ​អំពី​សមត្ថភាព​នៃ​ការ​ចិញ្ចឹម​កូន​របស់​អ្នកនាង​ គង់​ សុជាតិ​ ដោយ​បាន​បណ្ដុះបណ្ដាល​កូន​ស្រី​ឱ្យ​ទទួល​បាន​ការ​សិក្សា​ខ្ពង់ខ្ពស់​ និង​ក្លាយ​ជា​ទំពាំង​ស្នង​ឫស្សី​ដ៏​ល្អ​ថែម​ទៀត​សម្រាប់​ប្រទេសជាតិ​។

គួរ​រំលឹក​ថា​ អ្នកនាង​ គង់​​ សុជាតិ និង​អតីត​ស្វាមី​លោក​ ម៉ៅ​ សាល់ភាព​ មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​ ម៉ៅ​ សាល់ភាពបុត្រ​ និង​កូន​ស្រី​ឈ្មោះ​ ម៉ៅ​ សាល់ភាពណេលលី​។ ក្រោយ​ចែក​ផ្លូវ​គ្នា​ជាមួយ​អតីត​ស្វាមី​ អ្នកនាង​ គង់​ សុជាតិ​ បាន​រៀបការ​ជាមួយ​លោក​ ជា​ វិបុល​ មាន​កូនស្រី​ម្នាក់​ឈ្មោះ ​ជាសុជាតិ ​នារីដូរី​។

សូម​ជម្រាប​ថា​ កម្មវិធី World Scholar’s Cup គឺជា​ការ​ប្រកួត​សិស្ស​ពូកែ​លំដាប់​អន្តរជាតិ ដែល​មាន​សិស្ស​ចូល​រួម​ប្រកួត​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក ក្នុង​ការ​ប្រកួត​ល្បង​ប្រាជ្ញា​អំពី​ប្រវត្តិសាស្ត្រ ការ​សិក្សា​សង្គម សិល្បៈ និង​តន្ត្រី អក្សរសាស្ត្រ ប្រព័ន្ធ​ផ្សព្វផ្សាយ វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​ផ្នែក​គណិតសាស្ត្រ​ជាដើម៕​

Share.