នៅរសៀលថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣ Thiago Teixeira (ឈ្មោះខ្មែរ ហៅសែន ចន្ទរិទ្ធីគុនខ្មែរ) ប្រកាសចាកចេញពីក្លិបប្រដាល់ Kun Khmer International Fighters របស់ឧកញ៉ា ស្រី ចាន់ថន ជាផ្លូវការ។

សែន ចន្ទរិទ្ធីគុន បានថ្លែងថា៖«ខ្ញុំ​សូម​ជម្រាប​ជូន​អ្នក​រាល់​គ្នា​ថា ខ្ញុំ​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​អ្នក​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ។ តាមពិតខ្ញុំចាកចេញជាងមួយខែមុន។ ខ្ញុំជឿថាវាដល់ពេលហើយដើម្បីស្វែងរកឱកាសថ្មីៗ និងស្វែងរកបញ្ហាប្រឈមថ្មីៗនៅកន្លែងផ្សេង»។

Thiago បន្តទៀតថា៖«បច្ចុប្បន្ននេះ ខ្ញុំបើកចំហរដើម្បីបង្កើតភាពជាដៃគូថ្មី ហើយខ្ញុំទន្ទឹងរង់ចាំយ៉ាងអន្ទះសារក្នុងការស្វែងរកគម្រោង និងបុគ្គលផ្សេងទៀតដែលខ្ញុំអាចសហការជាមួយ។ សូមឱ្យសិល្បៈក្បាច់គុនរបស់យើងរីកចម្រើន»។

ជាចុងក្រោយ Thiago Teixeira និយាយថា៖«ខ្ញុំសូមជូនពរដោយស្មោះអស់ពីដួងចិត្តអ្នកទទួលបានជោគជ័យជាបន្តបន្ទាប់និងការពេញចិត្តយ៉ាងខ្លាំងនៅក្នុងការខិតខំរបស់អ្នក។ ដោយស្មោះអស់ពីចិត្តពី Rithy Kun»៕

គួរដឹងថាកាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៨ ខែ​មេសា​ឆ្នាំ​២០២៣ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​​​ឧបត្ថម្ភ​ជា​ថវិកា​២០,០០០ដុល្លារ និង​​ផ្ដល់​សញ្ជាតិ​​ខ្មែរ​ ដល់​កីឡាករ​ប្រដាល់​ជនជាតិ​ប្រេស៊ីល រូប​នេះ។

កីឡាករ Thiago Teixeira មាន​ឈ្មោះ​បោះសំលេង​នៅ​ក្នុង​ស្រុក​ខ្មែរ បន្ទាប់​ពី​រូបគេ​បាន​ឡើង​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ ​ខ្សែក្រវាត់​គុន​ខ្មែរ​ពិភពលោក IPCC Kun Khmer World Champion នៅ​រាត្រី​ថ្ងៃ​ទី១១ ខែ​កុម្ភៈ ឆ្នាំ​២០២៣ កន្លង​ទៅ ជាមួយ​កីឡាករ ធឿន ធារ៉ា លើ​ប្រភេទ​ទម្ងន់ ៧៧គីឡូក្រាម។ ធឿន ធារ៉ា បាន​​វាយ​កែង​បណ្តាល​ឱ្យ​អ្នក​ប្រយុទ្ធ​ Thiago Teixeira មាន​របួស​បែប​ធំ រហូត​គ្រូពេទ្យ​បញ្ឈប់​ការ​ប្រកួត​​នៅ​គ្រា​នោះ។ តាំង​ពី​ពេល​នោះ​មក មហាជន​បាន​ស្គាល់​ថា Thiago Teixeira ជា​នរណា?

មហាជនខ្មែរ​បាន​បង្ហាញ​ក្ដី​ស្រលាញ់​ដល់​កីឡាករ Thiago រហូត​រូបគេ​​មិន​អាច​ឈាន​ជើង​ត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ បាន​វិញ ដែល​ទីនោះ​ជា​ទីកន្លែង​​រូបគេ​ហ្វឹកហាត់​ប្រដាល់​រហូត​ប្រកួត​បាន​ជាង​១០០លើក និង​ឈ្នះ​ខ្សែ​ក្រវាត់​មួយ​ចំនួន​ផង​ដែរ។

រហូត​ដល់​ថ្មីៗនេះ​Thiago Teixeira បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា មានការ​ភ្ញាក់​ផ្អើល និង​កោតសរសើរ​ខ្លាំង បន្ទាប់ពី​រូបគេ បាន​ផ្តួល​កីឡាករ​របស់អង់គ្លេស Joe Craven ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ដើម្បី​ក្លាយជាម្ចាស់​ខ្សែ​ក្រវាត់កម្រិតពិភព​លោក WMO (World Muaythai Organization) សម្រាប់​ការ​ប្រកួត​តំណាង​ឱ្យ​កម្ពុជា ជា​លើកដំបូង កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២៣ នៅ​ប្រទេស​អាល្លឺម៉ង់៕

Share.