សិល្បៈ​ជាតិ​៖ ក្រោយ​ធ្វើ​ឱ្យ​ផ្អើល​ហេតុការណ៍​ថា​ត្រូវ​ថ្នាំ​សណ្ដំ​របស់​បុរស​ម្នាក់​ ថ្មីៗ​នេះ​កញ្ញា​ Rose​ (រ៉ូស​) ស្រាប់​តែ​បង្ហាញ​រូបភាព​មួយ​សន្លឹក​ទៀត​ដែល​ស្ដែង​ឱ្យ​ឃើញ​ពី​ឆ្នូត​ក្រហម​ ២​បន្ទាត់​ ដែល​នាង​ហាក់​ដូច​ជា​ចង់​ប្រាប់​មហាជន​ថា​ ពេល​នេះ​គឺ​ជា​នាង​មាន​ផ្ទៃ​ពោះ​ហើយ​ ខណៈ​បញ្ហា​ចម្រូង​ចម្រាស់​ជាមួយ​បុរស​ដាក់​ថ្នាំ​សណ្ដំ​នោះ​មិន​ទាន់​ដោះស្រាយ​នៅ​ឡើយ​ទេ​។ តើ​ការ​ចេញ​មក​បង្ហោះ​រូប​ភាព​ថ្មី​របស់​នាង​ មាន​ចេតនា​អ្វី​?​

រ៉ូស​ បាន​បង្ហាញ​រូបភាព​ ២ ​ឆ្នូត​ក្រហម​ រួច​ភ្ជាប់​ជាមួយ​ខ្លឹមសារ​ថា​ ៖ « មាន​ន័យ​ថា​មិច​ខ្ញុំ​អត់​សូវ​ដឹង​ទេ​»។​ ការ​បង្ហោះ​នេះ​បាន​ធ្វើ​ឱ្យ​អ្នកលេង​បណ្ដាញ​សង្គម​ខ្លះ​សង្ស័យ​ថា​កើត​ជំងឺ​អេដស៍​ អ្នក​ខ្លះ​ថា​កើត​កូវីដ​ ខណៈ​អ្នក​ខ្លះ​ទៀត​ទាមទារ​ឱ្យ​យក​កញ្ញា​ រ៉ូស​ ទៅ​អប់រំ​ ដើម្បី​កុំ​ឱ្យ​នាង​កាន់តែ​បាន​ដៃ​ បន្ត​បំពុល​សង្គម​ទៀត​។

សារព័ត៌មាន​ត្រយង​ សូម​ដក​ស្រង់​មតិ​អ្នកលេង​បណ្ដាញ​ស​ង្គម​ខ្លះ​ៗ​ ដែល​មាន​ប្រតិកម្ម​ចំពោះ​ចេតនា​របស់​ កញ្ញា​ រ៉ូស​ ដោយ​ពួក​គេ​លើក​ឡើង​ថា​ ៖ «មាន​កូន​លឿន​មេស​ កាល​ជំនាន់​ម៉ាក់​ខ្ញុំ​ថា​ 1អាទិត្យ ឬ 1 ខែ ឬ 4-5 ថ្ងៃ​ បាន​មាន​ ចុះ​អ៊ី​រ៉ូស​ មាន​លឿន​មេស​ គិត​ថា​ 2ឬ3​ថ្ងៃ​ចុះ​» «កើត​កូវីដ ច្បាស់​ណាស់​» «លឿន​សាហាវ​» «ចង់​ដឹង​ថ្នាំ​សណ្តំ​ម៉ាក់​អី​មាន​កូន​លឿន​ម្ល៉េះ​ ​ខ្ញុំ​ចង់​ទិញ​ ចង់​បាន​កូន​ដែរ​» «កើត​អេដស៍​» «ដាក់​ថ្នាំ​អី​គេ​មាន​កូន​លឿន​ម៉្លេះ​» «ធ្វើ​អីចឹង​ទើប​បាន​លុយ​ស្រួល​ ហើយ​ឆាប់​បាន​ដើរ​បោក​គេ​យក​លុយ​ចាយ​ ហើយ​កុហក​គេ​ថា​មាន​កូន​ រួច​ហើយ​យក​រួច​ខ្លួន​ ធ្វើ​ជា​មិន​ដឹង​រឿង​អ្វី​កើត​ឡើង​ បន្ត​មក​ទៀត​ ក៏​ថា​គេ​ជា​អ្នក​ដាក់​ រួច​ហើយ​ក៏​ចោទ​គេ​ថា​ជា​អ្នក​ដា​ក់ថ្នាំ​សណ្តំ​ ព្រោះ​អី​ធ្វើ​អីចឹង​ហើយ​បាន​លុយ​មក​ដោយ​ស្រួល​ៗ តែ​បែរ​ជា​អ្នក​ថត​គឺ​ជា​អូន​ អ្នក​ដាក់​ថ្នាំ​ក៏​ជា​អូន​ដែរ​ អរគុណ​បង​ដែរ​អោយ​អូន​ធ្វើ​បាប​បង​ស្រួល​យ៉ាង​នេះ​ ព្រោះ​អូន​ចង់​បាន​លុយ​បង​» «ហ្នឹង​តេស្ដ​កូវីដ​តើ​»…..ជា​ដើម​។​

ជា​ការ​កត់​សម្គាល់​ បន្ទាប់​ឃើញ​សកម្មភាព​របស់​កញ្ញា​ រ៉ូស​ ចេញ​មក​អុកឡុក​នៅ​លើ​បណ្ដាញ​សង្គម​ជា​ច្រើន​លើក​ច្រើន​សារ​ អ្នក​លេង​បណ្ដាញ​សង្គម​មួយ​ចំនួន​ធំ​ទៀត​ បាន​ទទូច​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ​ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ ជួយ​ពិនិត្យ​ឡើង​វិញ​នូវ​រាល់​សកម្មភាព​ដែល​លើសលស់​ជ្រុល​របស់​តារា​ស្រី​រូប​នេះ​ ព្រោះ​ទង្វើ​របស់​នាង​ខ្លះ​ធ្វើ​ឱ្យ​ខូច​ឬ​ប៉ះពាល់​ដល់​តម្លៃ​ស្ត្រី​ខ្មែរ​ និង​វប្បធម៌​ដ៏​ផូរផង់​របស់​កម្ពុជា​។ អ្នក​ទាំង​នោះ​ចង់​ឱ្យ​សមត្ថកិច្ច​ចាត់​ចំណាត់​ការ​ក្ដៅ​ណាមួយ​ ដើម្បី​ជា​ការ​ព្រមាន​និង​ជា​ឧទាហរណ៍​ដើម្បី​កុំ​ឱ្យ​អ្នក​ផ្សេង​យក​គំរូ​តាម​ ព្រោះ​រឿង​​អសកម្ម​ខ្លះ​អាច​បង្ក​ហេតុការណ៍​ចលាចល​ ដែក​អាច​ឱ្យ​សង្គម​កាន់​តែ​វឹកវរ និង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​យុវជន​ យុវតី​ជំនាន់​ក្រោយ​ថែម​ទៀត​។

សូម​ជម្រាប​ថា​ កញ្ញា​ រ៉ូស​ ក៏​បាន​បង្ហោះ​សារ​សារភាព​ប្រាប់​មហាជន​នៅ​លើ​បណ្ដាញ​សង្គម​បន្ថែម​ទៀត​ថា​ មួយ​រយៈ​នេះ​កញ្ញា​វីវក់​ជាមួយ​មនុស្ស​ប្រុស​ឡើង​ធ្លាក់​ដល់​ចំណុច​សូន្យ​ ចេះ​ជំពាក់​លុយ​គេ​ក៏​ដោយសារ​មនុស្ស​ប្រុស​ ហើយ​កញ្ញា​ថា​ ស្បថ​ហើយ​ឈប់​ស្រឡាញ់​អ្នក​ណា​ទៀត​ហើយ​។ សារនេះ​ក៏​បាន​ធ្វើ​ឱ្យ​អ្នកលេង​បណ្ដាញ​សង្គម​សន្មត​ថា​ នេះ​ក៏​អាច​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​កញ្ញា​ រ៉ូស ​វង្វេង​ស្មារតី​ក៏​ថា​បាន​ ទើប​កញ្ញា​ហ៊ាន​ធ្វើ​រឿង​ចម្លែកៗ​ហួស​ចិត្ត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​៕

Share.