កីឡាករវ័យក្មេង សៀង ចន្ធា ​ទទួលបានជោគជ័យក្នុងការធ្វើតេស្តសុខភាព ​ចូលរួមជាមួយក្រុម Al Shahaniya SC ​ក្នុងលក្ខខណ្ឌខ្ចីជើង ចំនួន១រដូវកាល ២០២៣-២៤ ពីក្លិបបឹងកេត កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។

ក្រោយចូលរួមមួយក្រុមកាតា សៀង ចន្ធា ចេញទៅបោះជំរុំហ្វឹកហាត់ Pre-Season នៅប្រទេសទួរគី រយ:ពេល២០ថ្ងៃ ពោលគឺចន្លោះពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១៤ ខែសីហា ដើម្បីត្រៀមលក្ខណៈ​សម្រាប់រដូវកាលថ្មី នៃលីគលំដាប់ទី២ របស់ប្រទេសកាតា ២០២៣-២៤។

ត្រួសៗពីក្រុមបាល់ទាត់ Al Shahaniya SC៖
-លោក Saeid Younesi ជាគ្រូបង្វឹក ជនជាតិអ៊ីរ៉ង់
-ប្រើប្រាស់កីឡាករបរទេស៧នាក់ ក្នុងចំណោមកីឡាករសរុប២៦នាក់
-ប្រើប្រាស់កីឡដ្ឋាន Grand Hamad អាចផ្ទុះអ្នកគាំទ្របាន ១ម៉ឺន៣ពាន់នាក់
-លោក Menahi Al Shammari ជាប្រធានក្លិប
-ក្លិប Al Shahaniya SC បង្កើតឡើងដំបូងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៨ បច្ចុប្បន្នមានអាយុកាល ២៥ឆ្នាំ។

សៀង ចន្ធា គឺជាថ្នាលយុវជនរបស់សាលាបាល់ទាត់ជាតិបាទី ចន្លោះឆ្នាំ ២០១៦-១៩ មុនផ្លាស់ទៅចូលរួមជាមួយបឹងកេត នៅឆ្នាំ២០២០ រហូតដល់ឆ្នាំ ២០២៣ ដោយបង្ហាញខ្លួនបាន ៤៥លើក ស៊ុតបាន២៣គ្រាប់ ខណ:ក្នុងក្រុមជម្រើសជាតិ ចន្ធា ជាប់តាំងពីឈុត U-17, U-19, U-22, U23 និងឈុតធំ មិនដែលបាត់មុខម្តងណាឡើយ។

​ចំពោះលក្ខន្តិកៈនៃលីគលំដាប់ទី២ Qatari Second Division 2023-24 របស់ប្រទេសកាតា គឺក្លិបទាំងអស់អាចចុះឈ្មោះកីឡាកររបរទេសបាន៧នាក់ ក្នុងចំណោមកីឡាករសរុប២៦នាក់ ហើយនៅលើទីលានអាចដាក់បានតែ៥នាក់ប៉ុណ្ណោះ៕


Share.