ការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក វគ្គជម្រុះជុំទី១ នៅតំបនអាស៊ី នឹងរៀប ចំពិធី​ចាប់​ឆ្នោត​ជាផ្លូវការ​ថ្ងៃ​ទី២៧ ខែ​កក្កដា ឆ្នាំ​២០២៣នេះ ស្រប​ពេល​ដែល​ការ​ប្រកួត​ធ្វើ​ឡើង​ចំនួន​២​ជើង ក្នុង​នោះ​ជើង​ទី១ ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២៣ ហើយ​ជើង​ទី២ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០២៣។

ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ដែលតែង​តែ​បង្ហាញ​វត្តមាន​​៤ឆ្នាំម្តង ត្រូវ​បាន​ផ្លាស់ប្ដូរ ដោយការ​ជ្រើសរើស​ក្រុម​បង្កើន​ពី​៣២​ក្រុម រហូត​ដល់​៤៨ក្រុម​ឯណោះ បើធៀប​នឹង​ឆ្នាំ​២០២២ កន្លងទៅ។ ដោយឡែកសម្រាប់ ឆ្នាំ២០២៦នេះវិញ ព្រឹត្តិការណ៍ FIFA World Cup ​មាន​សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក រួមគ្នាជាសហម្ចាស់ផ្ទះ ទាំង៣ប្រទេសតែម្តង។

តើប្រទេស​មួយណា​ដែល​អ្នក​គិត​ថា​នឹង​ជួប​ក្រុម​កម្ពុជា ក្នុង​វគ្គជម្រុះជុំទី១ នៅតំបនអាស៊ី ក្នុង​ព្រឹត្តិ​ការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ដែល​ចាប់​ឆ្នោត​នៅ​ថ្ងៃ​នេះ៖

កម្មវិធីចាប់ឆ្នោតជាផ្លូវការ​ថ្ងៃ​ទី២៧ ខែ​កក្កដា ឆ្នាំ​២០២៣នេះ វេលាម៉ោង ១:០០រសៀល៖

ខាងក្រោមនេះជាចំនួនកៅអីដែលបណ្តាលទ្វីប នីមួយៗទទួលបានមុនទៅចូលនៅ World Cup ឆ្នាំ២០២៦៖

១. ទ្វីបអាស៊ី ទទួលបាន ៨កៅអី កើនឡើងចំនួន ២កៅអី
២. ទ្វីបអាហ្រ្វិក ទទួលបាន ៩កៅអី កើនឡើងចំនួន ៥កៅអី
៣. ទ្វីបអាមេរិកខាងជើង ទទួលបាន ៣កៅអី (ដកម្ចាស់ផ្ទះ៣ប្រទេស)
៤. ទ្វីបអាមេរិកខាងត្បូង ទទួលបាន ៦កៅអី កើនឡើងចំនួន ២កៅអី
៥. ទ្វីបអឺរ៉ុប ទទួលបាន ១៦កៅអី កើនឡើងចំនួន ៣កៅអី
៦. ទ្វីបអូសេអានី ទទួលបាន ១កៅអី។

ចំណែក​ក្រុមជម្រើសជាតិកម្ពុជា ក៏នឹងត្រូវចាប់ផ្តើមយុទ្ធការនៃការប្រកួតជម្រុះ ពានរង្វាន់ FIFA World Cup 2026 នៅចុង ឆ្នាំ២០២៣ នេះហើយ ដោយសហព័ន្ធបាល់ទាត់កម្ពុជា បាន​ប្រកាស​តែង​តាំង​គ្រូបង្វឹកថ្មីផងដែរ គឺលោក Felix Damas ជនជាតិអាហ្សង់ទីន ក្រោយ​ការ​ចាក​ចេញ​ពីសំណាក់​លោក Keisuke Honda ដោយបានបំពេញភារកិច្ចជាគ្រូបង្វឹកបាល់ទាត់កម្ពុជា​ក្រោយ​ព្រឹត្តិការណ៍​ស៊ីហ្គេម។

បើមិនមានអ្វីប្រែប្រួលនោះទេ នោះការប្រកួតជុំផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ២០២៦ នឹងចាប់ផ្តើមនៅខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២៦ ដែល​រៀបចំ​ឡើង​នៅ​សហរដ្ឋអា​មេរិក កាណាដា និងម៉ិកស៊ិក ដោយមាន ៤៨ក្រុម មកពី៦ទ្វីប ជុំវិញពិភពលោក។

សូមបញ្ជាក់ថា ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup បង្តើតឡើងដំបូងនៅឆ្នាំ១៩៣០ គិត​មក​ដល់បច្ចុប្បន្ននេះគឺមានអាយុកាល ៩៣ឆ្នាំហើយ ខណៈ​ដែលក្រុម​ដែលគ្រង​ជើង​ឯកពាន​រង្វាន់​នេះច្រើនជាងគេនោះគឹក្រុមជម្រើសជាតិប្រេស៊ីល បានចំនួន ៥ដង ១៩៥៨, ១៩៦២, ១៩៧០, ១៩៩៤, និង២០០២ តាមពីក្រោយដោយក្រុមជម្រើសជាតិអាហ្សង់ទីន បានចំនួន ៣ដង ពោល​គឺឆ្នាំ១៩៧៨, ១៩៨៦ និងចុងក្រោយនេះនៅឆ្នាំ២០២២ ដែលរៀបចំនៅប្រទេសកាតា៕

Share.