លទ្ធផលចាប់ឆ្នោតក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក FIFA WORLD CUP 2026 ជុំទី១ ដោយក្រុមជម្រើសជាតិកម្ពុជា ត្រូវជួប ក្រុមជម្រើសជាតិប៉ាគីស្ថាន ។

ការប្រកួតនេះនឹងធ្វើឡើង ២ជើង ដែលជើងទី១នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដា្ឋនជាតិ អូឡាំពិក ខណៈជើងទី២ នឹងប្រកួតនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៣ នៅប្រទេសប៉ាគីស្ថាន។

ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ដែលតែង​តែ​បង្ហាញ​វត្តមាន​​៤ឆ្នាំម្តង ត្រូវ​បាន​ផ្លាស់ប្ដូរ ដោយការ​ជ្រើសរើស​ក្រុម​បង្កើន​ពី​៣២​ក្រុម រហូត​ដល់​៤៨ក្រុម​ឯណោះ បើធៀប​នឹង​ឆ្នាំ​២០២២ កន្លងទៅ។ ដោយឡែកសម្រាប់ ឆ្នាំ២០២៦នេះវិញ ព្រឹត្តិការណ៍ FIFA World Cup ​មាន​សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក រួមគ្នាជាសហម្ចាស់ផ្ទះ ទាំង៣ប្រទេសតែម្តង។

ខាងក្រោមនេះជាចំនួនកៅអីដែលបណ្តាលទ្វីប នីមួយៗទទួលបានមុនទៅចូលនៅ World Cup ឆ្នាំ២០២៦៖

១. ទ្វីបអាស៊ី ទទួលបាន ៨កៅអី កើនឡើងចំនួន ២កៅអី
២. ទ្វីបអាហ្រ្វិក ទទួលបាន ៩កៅអី កើនឡើងចំនួន ៥កៅអី
៣. ទ្វីបអាមេរិកខាងជើង ទទួលបាន ៣កៅអី (ដកម្ចាស់ផ្ទះ៣ប្រទេស)
៤. ទ្វីបអាមេរិកខាងត្បូង ទទួលបាន ៦កៅអី កើនឡើងចំនួន ២កៅអី
៥. ទ្វីបអឺរ៉ុប ទទួលបាន ១៦កៅអី កើនឡើងចំនួន ៣កៅអី
៦. ទ្វីបអូសេអានី ទទួលបាន ១កៅអី។

បើមិនមានអ្វីប្រែប្រួលនោះទេ នោះការប្រកួតជុំផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ២០២៦ នឹងចាប់ផ្តើមនៅខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២៦ ដែល​រៀបចំ​ឡើង​នៅ​សហរដ្ឋអា​មេរិក កាណាដា និងម៉ិកស៊ិក ដោយមាន ៤៨ក្រុម មកពី៦ទ្វីប ជុំវិញពិភពលោក។

សូមបញ្ជាក់ថា ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup បង្តើតឡើងដំបូងនៅឆ្នាំ១៩៣០ គិត​មក​ដល់បច្ចុប្បន្ននេះគឺមានអាយុកាល ៩៣ឆ្នាំហើយ ខណៈ​ដែលក្រុម​ដែលគ្រង​ជើង​ឯកពាន​រង្វាន់​នេះច្រើនជាងគេនោះគឹក្រុមជម្រើសជាតិប្រេស៊ីល បានចំនួន ៥ដង ១៩៥៨, ១៩៦២, ១៩៧០, ១៩៩៤, និង២០០២ តាមពីក្រោយដោយក្រុមជម្រើសជាតិអាហ្សង់ទីន បានចំនួន ៣ដង ពោល​គឺឆ្នាំ១៩៧៨, ១៩៨៦ និងចុងក្រោយនេះនៅឆ្នាំ២០២២ ដែលរៀបចំនៅប្រទេសកាតា៕

Share.