អត្តពលិក ​គ្រូ​បង្វឹក​ ជម្រើស​ជាតិ​​កម្ពុជា និង​​ប្រតិភូ​ដឹកនាំ បាន​​​ចាកចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២០​ ខែ​កក្កដា​ ឆ្នាំ២០២១ វេលា​ម៉ោង​ ០៩:៣៥​ នាទី​ព្រឹក តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយ​ទៅ​ប្តូរ​ជើង​ហោះហើរ​នៅ​សិង្ហបុរី សិន​មុន​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​ក្នុង​​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក The Summer Olympics​ នៅ​ក្នុង​ទីក្រុង​តូក្យូ​ ។

ឯកឧត្តម វ៉ាត់ ចំរើន នាយ​បេសកកម្ម ដឹកនាំ​ក្រុម​កម្ពុជា ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នេះ​ដោយ​ធ្វើ​ដំណើរ​ប្រមាណ​១០​ម៉ោង​ទើប​ទៅ​ដល់ ពោល​គឺ​ទៅ​ដល់​ជប៉ុន។ ក្រុម​កម្ពុជា នឹង​ទៅ​ដល់​សិង្ហបុរី នៅ​ម៉ោង​១២:៤០នាទី​ថ្ងៃ​ត្រង់ ដើម្បី​ប្តូរ​ជើង​ហោះហើរ ដោយ​រង់ចាំ​១ម៉ោង​ទើប​បាន​បន្ត​ដំណើរ​ទៅ​ទីក្រុង​តូក្យូ។ ចេញ​ពី​សិង្ហបុរី ទៅ​រហូត​ដល់​ម៉ោង​៩:៥០នាទី​យប់​ទើប​ទៅ​ដល់​ប្រទេស​ជប៉ុន។

អត្ថបទពាក់ព័ន្ធ៖អត្តពលិក​កម្ពុជា ចេញ​ទៅ​ប្រកួត​អូឡាំពិក​នៅ​ប្រទេស​ជប៉ុន មុន​ពិធី​បើក​៣ថ្ងៃ

អត្តពលិក​កម្ពុជា​ទាំង​៣​រូប​នោះ​មាន កីឡាការិនីហែលទឹក ឃឿន ប៊ុនពេជ្រមរកត ហែល​ក្នុង​វិញ្ញាសា​ហែល​ទឹក​៥០ម៉ែត្រ​សេរី​នារី។ កីឡាករ​ហែលទឹក ហែម ប៉ុច ក្នុង​វិញ្ញាសា​ហែល​ទឹក​​៥០ម៉ែត្រ​សេរី​បុរស។ កីឡាករ​អត្តពលកម្ម ប៉ែន សុគង់ នឹង​រត់​​ល្បឿន​​ចម្ងាយ​១០០ម៉ែត្រ​បុរស។

ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​រដូវ​ក្តៅ​ ដែល​ធ្វើ​នៅ​រាជធានី​តូក្យូ នេះ​​មាន​​ការ​ចូលរួម​ពី​កីឡាករ​កីឡា​ការិនី ពី​ប្រទេស​/តំបន់​ចំនួន​២០៦ផ្សេង​គ្នា សរុប​ប្រមាណ​ជា​​១១,០០០​នាក់ លើ​ប្រភេទ​៣៣​កីឡា​និង​៣៣៩​វិញ្ញាសា។ ការ​ប្រកួត​គ្រោង​ចាប់​ធ្វើ​ពី​ថ្ងៃ​ទី២៣ ខែ​​កក្កដា ដល់​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២១។ ការ​ប្រកួត​នេះ​បាន​លើក​ពេល​ពី​ឆ្នាំ​២០២០ កន្លង​មក​ដោយ​សារ​ការ​ឆ្លង​នៃ​ជំងឺ​កូវីដ-១៩ ជុំ​វិញ​ពិភពលោក៕

Telegram-Troryorng
Share.