ភ្នំពេញក្រោន បាន​ក្លាយ​ជា​ម្ចាស់ជើងឯកពានរង្វាន់ Cambodian Super Cup ឆ្នាំ២០២៣ ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន Cambodian Premier League ក្រោយ​យក​ឈ្នះ​វិសាខា ក្នុង​លទ្ធផល ២-១ បន្ទាប់​ពី​លេង​ពេញ​៩០នាទី និងថែម​ម៉ោង​១៥នាទី​២ដង កាល​ពី​ល្ងាច​អាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)។

នេះជា​លើក​ទី៣​ហើយ​ដែល​ពានរង្វាន់​នេះ​រៀបចំ​ឡើង ដោយ​គ្រាប់​តែ​ប្រើ​ឈ្មោះ​ខុស​គ្នា ដោយ​កាល​ពី​ឆ្នាំ​២០១៧ ប្រើ​ឈ្មោះ​ថា​ CNCC Charity Cup 2017 ហើយ រហូតដល់​ឆ្នាំ​២០២៣ ទើប​រៀបចំ​ឡើង​វិញ ដោយ​ប្រើ​ឈ្មោះ​ថា Cambodian Super Cup។ សម្រាប់​លទ្ធផល​៣លើក​មក​នេះឃើញថា៖
ឆ្នាំ​២០១៧៖ បឹងកេត ៣-០ ក្រសួងការពារជាតិ (Tiffy Army FC)
ឆ្នាំ​២០២២៖ ភ្នំពេញក្រោន ២-១ វិសាខា
ឆ្នាំ២០២៣៖ ភ្នំពេញក្រោន ២-១ វិសាខា

សូម​បញ្ជាក់​ថា​ពាន​រង្វាន់ Cambodian Super Cup នេះ​មាន​ក្រុម​ចូលរួម​តែ​២ប៉ុណ្ណោះ គឺ​ក្រុម​មួយ​ជាម្ចាស់​​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League និង​ក្រុម​មួយ​ទៀត​ជា​ម្ចាស់​ជើង​ឯក​ពានរង្វាន់ Hun Sen Cup ជើង​ឯក​ថ្នាក់​ជាតិ នៅ​រដូវកាល​ឆ្នាំ​ចាស់​ដូចគ្នា។

ពានរង្វាន់​នេះ​ដែរ​បង្កើត​ឡើង​ដើម្បី​បញ្ជាក់​ថា​​ជា​ការ​ត្រៀម​បើក​រដូវកាល​ថ្មី ពោល​គឺ​រដូវកាល ២០២៣-២៤ នៅ​សប្ដាហ៍​បន្ទាប់។ ពានរង្វាន់​នេះ​មាន​តម្លៃ​ស្មើ​នឹង FA Community Shield នៅ​អង់គ្លេស, DFL-Supercup នៅ​អាល្លឺម៉ង់, Supercopa de España នៅ​អេស្ប៉ាញ និង Trophée des Champions នៅ​បារាំង​ជាដើម។

Share.