សិល្បៈ​អន្តរជាតិ​៖ តារា​ចម្រៀង​ដ៏​ល្បី​ម្ចាស់​បទ​ «WAP» នាង​ Cardi B ក៏​មាន​វាសនា​មិន​ខុស​ពី​មិត្ត​រួម​អាជីព​ដូច​គ្នា​ដែរ​ គឺ​នាង​បាន​ក្លាយ​ជា​តារា​រងគ្រោះ​ព្រោះ​វប្បធម៌​គប់​វត្ថុ​ដាក់​តារា​ពេល​សម្ដែង​ Concert ពី​សំណាក់​អ្នក​ដែល​ទៅ​ទស្សនា​ផ្ទាល់​។ ប៉ុន្តែ​តារា​រូប​នេះ​មិន​ស្លូត​ប៉ុន្មាន​នោះ​ទេ​ ព្រោះ​នាង​មិន​ព្រម​ក្លាយ​ជា​ជន​រងគ្រោះ​តែ​ម្ខាង​នោះ​ទេ​ ក្រោយ​ពេល​ត្រូវ​គេ​ជះទឹក​ដាក់​ នាង​បាន​សង​វិញ​ភ្លាម​ៗ​ដោយ​គប់​មេក្រូ​ដែល​នាង​កាន់​​ត្រលប់​ទៅ​ហ្វូង​​មនុស្ស​ដែល​កំពុង​ឈរ​​ទស្សនា​វិញ។​ ចំពោះ​ករណី​នេះ​ធ្វើ​ឱ្យ​មាន​​កើត​ជា​រឿង​ចម្រូងចម្រាស​ពេញ​បណ្ដាញ​សង្គម​ Twitter ដោយ​មាន​ទាំង​អ្នក​កាន់​ជើង​​និង​អ្នក​ចេញ​មក​សម​មុខ​ Cardi B។

បើ​មើល​តាម​រយៈ​វីដេអូ​ឃើញ​ថា​ អ្នក​ដែល​ជះ​ទឹក​ដាក់​នាង​នោះ​ដូច​ជា​មិន​ទាន់​ត្រូវ​នោះ​ឡើយ ប៉ុន្តែ​ Cardi B មិន​បាន​នៅ​ស្ងៀម​​នោះ​ទេ គឺ​នាង​បាន​ឈប់​ច្រៀង​ហើយ​គប់​​មេក្រូ​នៅ​ដៃ​ទៅ​វិញ​ ចំណែក​អង្គរក្ស​ដែល​ចាំ​ការពារ​នៅ​លើ​ឆាក​ក៏​ចុះ​ចាប់​និង​បណ្ដេញ​អ្នក​ទស្សនា​រូប​នោះ​ចេញ​ពី​កន្លែង​ប្រគំ​តន្ត្រី​ ហើយ​អង្គរក្ស​បាន​យក​មេក្រូ​ឱ្យ​តារា​រូប​នេះ​ច្រៀង​បន្ត​ឡើង​វិញ​។

ការ​តបស្នង​ត្រលប់​របស់​ Cardi B ទៅ​កាន់​បុគ្គល​​ខ្វះ​សីលធម៌​ បញ្ចេញ​អាកប្បកិរិយា​ពាល​ដាក់​នាង​បែប​នេះ​ ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​ Twitter លើក​យក​ទៅ​វិភាគ​ និង​ជជែក​វែកញែក​គ្នា​ឥត​សំចៃ​មាត់​។ ទស្សនៈ​ចំនួន​២​បាន​ប្រឆាំង​គ្នា​​ចំពោះ​ទង្វើ​របស់​ Cardi B ដោយ​មាន​មួយ​ក្រុម​យល់​ឃើញ​ថា​ តារា​រូប​នេះ​មិន​គួរ​តបត​ទៅ​វិញ​ដោយ​កំរោល​និង​ហិង្សា​បែប​នោះ​ទេ​ ព្រោះ​​មិន​ប្រាកដ​ថា​គប់​ត្រូវ​អ្នក​ជះទឹក​ដាក់​នាង​នោះ​ទេ អាច​ត្រូវ​អ្នក​ផ្សេង​បណ្ដាល​ឱ្យ​រង​របួស​ ខណៈ​អ្នក​ខ្លះ​ទៀត​ថា​នាង​គួរ​តែ​មាន​ចិត្ត​ត្រជាក់​ជាង​នេះ​ ទុកឱ្យ​អង្គរក្ស​ជា​អ្នក​ចាត់​ចែង​ប្រសើរ​ជាង​។

ចំណែក​អ្នក​ដែល​យល់​ស្រប​ចំពោះ​ការ​តប​ត​របស់​ Cardi B បាន​លើក​ឡើង​វិញ​ថា​ ទោះ​ជា​ Cardi B ជា​តារា​ជា​បុគ្គល​ល្បី​ តែ​នាង​ក៏​ជា​មនុស្ស​ធម្មតា​ ចេះ​ខឹង​ ចេះ​ឈឺ​ចាប់​ដូច​គ្នា​ បើ​គេ​ធ្វើ​ចរិត​ពាល​ដាក់​នាង​ នាង​មាន​សិទ្ធិ​ការពារ​ខ្លួន​ វា​មិន​ខុស​នោះ​ទេ​ ការ​ដែល​នាង​តប​ត​ទៅ​​ហ្វេន​ដែល​​ជះ​ទឹក​ដាក់​នាង ព្រោះ​កន្លង​មក​មាន​តារា​ជា​ច្រើន​ដែល​រង​របួស​ដោយ​សារ​តែ​វប្បធម៌​ពាល​របស់​អ្នក​ទស្សនា​ការ​ប្រគំ​តន្ត្រី​បែប​នេះ​ ហើយ​បើ​មិន​រួម​គ្នា​ទប់​ស្កាត់​ទេ វា​នឹង​កាន់​តែ​លេច​ចេញ​ជា​រូប​ភាព​កាន់​តែ​អាក្រក់​ឡើង​ៗ​ ដូច្នេះ​ការ​ធ្វើ​បែប​នេះ​របស់​ Cardi B ក៏​ជា​សារ​មួយ​ដាស់​តឿន​ដល់​អ្នក​ដែល​ចង់​ធ្វើ​បែប​នេះ​ឱ្យ​មាន​ការ​ញញើត​ខ្លះ​ៗ​ដែរ​។

គួរ​ដឹង​ថា​ក្រៅ​ពី​ Cardi B នៅ​មាន​តារា​ល្បី​ៗ​​លំដាប់​ពិភព​លោក​ជា​ច្រើន​​​ដួង​ទៀត​ដែល​ធ្លាប់​ជួប​បទ​ពិសោធន៍​ជូរចត់​មិន​ខុស​ពី​នាង​​រួម​មាន​៖ «Latto, Harry Styles ​, Drake , Bebe Rexha , Ava Max, Kelsea Ballerini, និង Pink​»

ទស្សនា​រូប​ភាព​វីដេអូ​ Cardi B គប់​ក្បាល​មេក្រូ​ដាក់​អ្នក​គាំទ្រ​ខាង​ក្រោម​នេះ​

ប្រភព៖ latimes.com

Share.