តារា​ចម្រៀង​ Original ​ជា​ CEO និង​ Founder ផលិតកម្ម​ Makod Media មកុដមេឌា លោក​ អ៊ាម វន្នី​ បាន​ផុស​តាម​រយៈ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​អង្គារ​ ទី​ ២០ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​​ថា ​កូន​ប្រុស​សម្លាញ់​ចិត្ត​​​លោក​ ឈ្មោះ​ វន្នី​ ជេស្ទីន វ័យ​ ៩​ឆ្នាំ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​កម្មវិធី​ ប្រកួត​និទាន​រឿង​ប្រចាំ​ឆ្នាំ​២០២១ ក្នុង​ចំណោម​សិស្ស​​សាលា​ទាំង​២០​សាខា​។

បង្ហាញ​ពី​ក្ដី​រំភើប​រីករាយ​ចំពោះ​លទ្ធផល​ដ៏​គាប់​ប្រសើរ​ដែល​កូន​ប្រុស​របស់​ខ្លួន​​សម្រេច​បាន​លោក​ អ៊ាម វន្នី​បាន​ធ្វើ​ការ​បង្ហោះ​ផ្ទាំង​ជ័យ​លាភី​ដែល​មាន​រូប​ថត​កូន​របស់​ខ្លួន​ជាមួយ​នឹង​ចំណាត់​ថ្នាក់​ ព្រម​ទាំង​វីដេអូ​និទាន​រឿង​ «កង្កែប​ក្នុង​អណ្ដូង​» ដែល​ជា​រឿង​ធ្វើ​ឱ្យ​កុមារ​ា​ ជេស្ទីន ឈ្នះ​ចំណាត់​ថ្នាក់​លេខ​១​។

បន្ទាប់​ពី​លោក​បាន​ធ្វើ​ការ​ផុស​សំណេរ​ រូប​ភាព​ និង​ វីដេអូ បង្ហាញ​ពី​សមត្ថភាព ​និង​ ទេពកោសល្យ​របស់​កូន​ប្រុស​ និង​លទ្ធផល​ដែល​កូន​លោក​សម្រេច​បាន​នោះ​ បាន​ធ្វើ​ឱ្យ​មិត្តភក្ដិ​និង​បណ្ដាញសង្គម​ ដែល​ជា​សិល្បករ តន្ត្រី​ករ តារា​ចម្រៀង​ តារា​សម្ដែង រួម​នឹង​មហាជន​ដែល​ជា​អ្នក​គាំទ្រ​លោក​ជា​ច្រើន​បាន​ចូលមក​អបអរសាទរ​គ្រប់​ៗ​គ្នា​។

​កូន​ប្រុស​របស់​លោក​ ​កុមារា​ វ​ន្នី​ ជេស្ទីន បច្ចុប្បន្ន​គឺ​ជា​សិស្ស​ថ្នាក់​ទី​៣ នៅសាខា​ទី​៦​ ចំការ​ដូង​ បាន​និទាន​រឿង​​ព្រេង​មួយ​ដែល​មាន​ចំណង​ជើង កង្កែប​ក្នុង​អណ្ដូង​ ហើយ​ក៏​ជា​និទាន​ដែល​ធ្វើ​ឱ្យ​កូន​ប្រុស​តារា​រូប​នេះ​បាន​ជាប់​ចំណាប់​ថ្ន​ាក់​ជ័យលាភី៕

Telegram-Troryorng
Share.