គ្រូបង្គោលក្លិបTiffy Army លោក ភា សុភ័ត្រ្តា បង្ហាញចំណាប់អារម្មណ៍ជុំ​វិញ​ការ​ត្រៀម​ជួប​ក្លិប​ព្រះខ័នរាជ​ស្វាយរៀង នាចុងសប្តាហ៍នេះ​ថា៖ «ជាក់​ស្តែង​គឺយើងមានពេលវេលាខ្លី ប៉ុន្តែ​យើង​នឹងព្យាយាម​ធ្វើឲ្យ​អស់ពី​លទ្ធភាព​តាម​ដែល​អាចធ្វើទៅ​បាន​ក្នុងការ​ជួបជា​មួយ​ក្រុមខ្លាំង​មួយ​ក្នុង​លីគ​កំពូល​កម្ពុជាយើងគឺព្រះខ័នរាជស្វាយរៀង នា​ចុង​សប្តាហ៍​នេះ»។

លោក ភា សុភ័ត្រ្កា បាន​បន្តថា៖«​វិញ​ត្រឡប់​មក​កាន់​ក្រុមTiffy Army វិញ​នេះ​​​ មាន​រយ:ពេល​ត្រឹម​តែ ៣សប្ដាហ៍ មុន​ដល់​ថ្ងៃ​ប្រកួត​ដំបូង​ដែល​នឹង​ត្រូវ​ជួប​ជា​មួយ​ក្រុមព្រះខ័នរាជ​ស្វាយរៀង ដូច​នេះ​ការ​វិល​ត្រឡប់​មក​នេះ ខ្ញុំ​មិន​ទាន់​បាន​រៀប​ចំ Pre-Sesion ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ក្ដី​កង្វល់​ជាច្រើន​ ព្រោះ​វា​ត្រូវ​បក​មក​ធ្វើ​តាម​របត់​លេង​របស់​ខ្ញុំ​វិញ​។ អីចឹង​ពេលវេលាខ្លី ប៉ុន្តែ​យើង​នឹងព្យាយាម​ធ្វើឲ្យ​អស់ពី​លទ្ធភាព​តាម​ដែល​អាចធ្វើទៅ​បាន​ក្នុងការ​ជួបជា​មួយ​ក្រុមខ្លាំង​មួយ​ក្នុង​លីគ​កំពូល​កម្ពុជាយើងគឺព្រះខ័នរាជស្វាយរៀង នា​ចុង​សប្តាហ៍​នេះ»។

លោក ភា សុភ័ត្រ្តា បន្ថែម​ថា៖ «នេះ​ក៏​ជា​​ការ​ប្រកួត​ដ៏​សំខាន់​មួយ​ដែល​ជា​ជំនួប​ដំបូង​របស់ក្រុម Tiffy Army នឹង​ធ្វើ​ដំណើរ​ទៅ​មុខ​រហូត​បើយើង​ធ្វើ​បាន​ល្អ ឬមិន​​ល្អទាំង​លទ្ធផល និង​​ចង្វាក់​លេង​របស់​ក្រុម គឺ​យើង​ត្រូវ​ការ​ប្រើ​ពេល​វេលា​បន្ថែម​ទៀត​ ២ទៅ​៣ប្រកួត​ ដើម្បី​ពង្រឹង​ក្រុម​ឲ្យ​បាន​ល្អ​ ដូច​នេះ​ការ​ប្រកួត​ដំបូង​របស់​យើង​គឺ​សំខាន់​សម្រាប់​ជំរុញ​កម្លាំង​ចិត្ត​របស់​កីឡាករ​»។

រំលឹកថា កាលពីថ្ងៃទី១៨ កក្កដា កន្លងទៅ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC បា​ន​ប្រកាស​តែង​តាំង​លោក ភា សុភ័ត្រ្តា ជាគ្រូបង្គោលថ្មី សម្រាប់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤។ ហើយនេះជាលើកទី២ហើយ ដែលលោក កាន់តំណែងជាគ្រូបង្វឹកនៅក្លិបបាល់ទាត់ Tiffy Army FC (ពីមុនហៅ ក្រសួងការពារជាតិ)។

គួរ​ឲ្យ​ដឹង​ថា ជំនួប​ដំបូងរបស់​ក្រុមបាល់ទាត Tiffy Army នឹង​ជួប​​ព្រះខ័នរាជ​ស្វាយរៀង នៅ​ថ្ងៃ​អាទិត្យ ទី០៦ ខែសីហា ឆ្នាំ២០២៣ ក្នុង​ពានរង្វាន់ Cambodian Premier league រដូវកាល ឆ្នាំ២០២៣-២០២៤ ខណ:ក្រុម​ដែល​ប្រកួត​បើក​ឆាក គឺក្រុមបាល់ទាត់វិសាខា នឹង​ត្រូវ​ជួប​ក្រុម​គិរីវង់សុខសែន ខណៈ​ក្រុម​បាល់​ទាត់​ព្រៃវែង ត្រូវប៉ះ ណាហ្គាវើលដ៍ នៅថ្ងៃសៅរ៍ ទី៥ ខែ​សីហា ឆ្នាំ២០២៣។

គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា Cambodian Premier League រដូវ​កាល​ថ្មី នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ​២០២៤ ដែល​មាន​សមាជិក​ចំនួន​១០ក្រុមចូលរួម មានភ្នំពេញក្រោន ,វិសាខា, ព្រះខ័នរាជស្វាយរៀង, បឹងកេត, ណា​ហ្គាវើលដ៏, កងយោធពលខេមរភូមិន្ទ, អង្គរថាយហ្គឺរ, គិរីវង់សុខសែនជ័យ និង ២ក្រុម​ទើប ឡើងមកពីលីគទី២ គឺក្រុម ISI ដង្កោសែនជ័យ និងក្រុមព្រៃវែងអេហ្វស៊ី៕​​​​

Share.