ក្រុម​ខ្លាំង​ចំនួន ២​នៅ​តែ​មិន​ទាប់​ស្គាល់​បរាជ័យ​ក្នុងការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ២០២៣-២០២៤ បាន​ឈាន​ដល់​ការ​ប្រកួត​សប្តាហ៍​ទី១៤ហើយ មាន​ភ្នំពេញហ្គាឡាក់ស៊ី និងខេត្តត្បូងឃ្មុំ ខណ:​ខេត្តកណ្ដាល គឺ​ជា​ក្រុម​តែ​មួយ​គត់​មិន​រក​បាន​ជ័យ​ជម្នះ​សោះ។

ដូចនេះ ឆ្លង​កាត់​ចំនួន ៦ប្រកួត​កន្លង​មក​របស់​ក្រុមភ្នំពេញ​ហ្គាឡាក់​ស៊ី និង​ខេត្តត្បូងឃ្មុំ មាន​ដូច​ខាង​ក្រោម៖

ភ្នំពេញហ្គាឡាក់​ស៊ី៖ ឈ្នះខេត្តកែប ៦-០ ឈ្នះកំពត់ អេហ្វស៊ី ១-០ ស្មើជាមួយខេត្តព្រះស៊ីហនុ ១-១ ស្មើជាមួយ​ខេត្តកំពង់ស្ពឺ ២-២ ឈ្នះខេត្តកែប ៥-១ និងចុងក្រោយឈ្នះ ខេត្តកំពត ៥-២។ ដូច​នេះ ភ្នំពេញហ្គាឡាក់ស៊ី ឆ្លងកាត់ ​៦ប្រកួតឈ្នះ ៤ប្រកួត ស្មើ ២ប្រកួត ស៊ុតបញ្ចូលទីគូប្រកួតបាន ២០គ្រាប់ មាន ១៤ពិន្ទុ ឈរកំពូល​តារាងពូល ក។

ភ្នំពេញហ្គាឡាក់​ស៊ី

ខេត្តត្បូងឃ្មុំ៖ ឈ្នះខេត្តកំពង់ចាម ១-០ ឈ្នះខេត្តស្វាយរៀង ៥-១ ឈ្នះខេត្តកណ្ដាល ៥-១ ឈ្នះ​ខេត្តកំពង់ឆ្នាំង ៤-៣ ឈ្នះខេត្តកំពង់ចាម ១-០ និងចុងក្រោយឈ្នះ ខេត្តស្វាយរៀង ៥-១។ ដូច​នេះ ខេត្តត្បូងឃ្មុំ ឆ្លងកាត់ ៦ប្រកួត​​ឈ្នះទាំង ៦ប្រកួត ស៊ុតបញ្ចូលទីគូប្រកួតបាន ២១គ្រាប់ មាន ១៨ពិន្ទុពេញ ឈរកំពូល​តារាងពូល ខ។

ខេត្តត្បូងឃ្មុំ

ដោយឡែក​ខេត្តកណ្ដាល គឺ​ជា​ក្រុម​តែ​មួយ​គត់​ដែល​មិន​ទាន់​រក​បាន​ជ័យ​ជម្នះ ក្រោយ​បញ្ចប់​សប្ដាហ៍ទី១៤ ដោយ​ឆ្លងកាត់ ៦ប្រកួតចាញ់​ទាំង ៦មាន ចាញ់ ខេត្តកំពង់ឆ្នាំ ៨-០ ចាញ់​ខេត្ត​កំពង់​ចាម ៤-១ ចាញ់ខេត្តត្បូងឃ្មុំ ៥-១ ចាញ់ខេត្តស្វាយរៀង ៥-២ ចាញ់​កំពង់ឆ្នាំង ៤-២ និងចាញ់​កំពង់ចាម ៣-១។ ដូច​នេះ​ខេត្តកណ្ដាល ស្ថតនៅបាតតារាង ពូល ខ មាន ០ពិន្ទុ។

ខេត្តកណ្ដាល

សម្រាប់​ ក្រុម​ដែល​ឈរ​កមពូល​តារាង​បណ្ដុះ​អាសន្ន គិត​ត្រឹម​បញ្ចប់​ការ​ប្រកួត​សប្ដាហ៍​ទី១៤ មាន​ដូច​ជា៖ ភ្នំពេញហ្គាឡាក់ ឈរកំពូល​តារាង ពូល ក, ខេត្តត្បូងឃ្មុំ ឈរ​កំពូល​តារាង ពូល ខ, យុវជន​ខេត្តបាត់ដំបង ឈរកំពូលតារាង ពូល គ និងខេត្តកំពង់ធំ ឈរ កំពូល​តារាង ពូល ឃ។

សូមជម្រាបថា ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ២០២៣-២០២៤ មាន ២០ក្រុមចូលរួមប្រកួតតំណាងរាជធានីខេត្ត បែងចែកជា៤ពូល ក្នុង ១ពូល​មាន៥ក្រុមបានចាប់ផ្តើមការប្រកួតនៅថ្ងៃទី២៨​ ខែមិនា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៧ ខែ​តុលា ឆ្នាំ២០២៣៕

Share.