នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ប្រតិភូកីឡានគរបាលជាតិកម្ពុជា បានបានត្រឡប់មកដល់មាតុភូមិវិញហើយ បន្ទាប់ពីបានបំពេញ បេសកកម្ម នៅក្នុងការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ The 20th World Police & Fire Games 2023 នៅប្រទេសកាណាដា។

ជាលទ្ធផល ក្រុមកីឡានគរបាលជាតិកម្ពុជា រកបានមេដាយសរុបចំនួន ៧១គ្រឿង ក្នុងនោះ មាសចំនួន ៣៣គ្រឿង ប្រាក់ ចំនួន ២៩គ្រឿង និងសំរឹទ្ធ ចំនួន ៩គ្រឿងក្នុងព្រឹត្តិការណ៍ World Police & Fire Games នៅកាណាដា កាលពីពេលកន្លងទៅ។

សរុបមេដាយ ដែលក្រុមកីឡានគរបាលជាតិកម្ពុជា ដណ្ដើមបានមេដាយជូនជាតិមានដូចជា៖
១, កីឡាចំបាប់ ឈ្នះមេដាយមាស ៧ ប្រាក់ ២ និងសំរឹទ្ធ ២
២, កីឡាហែលទឹក ឈ្នះមេដាយមាស ៦ ប្រាក់ ៦ និងសំរឹទ្ធ ៣
៣, កីឡាជឺជីតស៊ូ ឈ្នះមេដាយមាស ៦ និងប្រាក់ ២
៤, កីឡាចំបាប់កាច់ដៃ ឈ្នះមេដាយមាស ៣ ប្រាក់ ៨ និងសំរឹទ្ធ ១
៥, កីឡាការ៉ាតេ ឈ្នះមេដាយមាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ២
៦, កីឡាវាយកូនឃ្លីលើតុ ឈ្នះមេដាយមាស ២ និងប្រាក់ ៣
៧, កីឡាវាយសី ឈ្នះមេដាយមាស២
៨, កីឡា Bench Press ឈ្នះមេដាយមាស ២
៩, កីឡា Push Pull Lifting ឈ្នះមេដាមាស ១
១០, កីឡាបាល់ទះបុរសក្នុងសាល ឈ្នះមេដាយមាស ១
១១, កីឡាយូដូ ឈ្នះមេដាយប្រាក់ ៤
១២, កីឡាបាល់ទះឆ្នេរខ្សាច់ ឈ្នះមេដាយប្រាក់ ១ ។

សូមបញ្ជាក់ថា សម្រាប់ក្រុមកីឡានគរបាលជាតិកម្ពុជា ធ្លាប់បានចូលរួមប្រកួតព្រឹត្តិការណ៍​ពិភព​​លោក World Police & Fire Games បានចំនួន ៣លើកហើយ ដោយកាលពីឆ្នាំ២០១៩ ធ្វើឡើងនៅប្រទេសចិន កន្លងទៅ កម្ពុជាដណ្តើមបានមេដាយសរុបចំនួន ៤៦គ្រឿង ក្នុងនោះ មាសចំនួន ១៨គ្រឿង ប្រាក់ចំនួន ១៧គ្រឿង និងសំរិទ្ធចំនួន ១១គ្រឿង។

រីឯឆ្នាំ២០២២ កន្លងទៅ ដែលប្រទេសហូឡង់ ទទួលរៀបចំធ្វើចាម្ចាស់ផ្ទះ សម្រាប់ក្រុមនគបាលកម្ពុជា ដណ្តើមបានមេដាយសរុបចំនួន ៣៣គ្រឿង ក្នុងនោះមានមេដាយមាសចំនួន ១៥គ្រឿង ប្រាក់ចំនួន ៨គ្រឿង និងសំរិទ្ធចំនួន ១០គ្រឿង។

សូមជម្រាបថា ព្រឹត្តិការណ៍នៃ World Police & Fire Games បានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកក្តដា ដល់ថ្ងៃទី៦ ខែសិហា ឆ្នាំ២០២៣ នៅក្នុងក្រុងវីនីផេក ប្រទេសកាណាដា ចូលរួមពីកីឡាករប៉ូលីស មកពី ៧០ ប្រទេស ជុំវិញពិភពលោក។

Share.