លោកជំទាវ ឃួន សុដារី កើតនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៥២។ នេះបើតាមបញ្ជីបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ ចេញផ្សាយដោយ គ.ជ.ប។ តាមការស្រាវជ្រាបន្ថែម លោកជំទាវ មានស្រុកកំណើតនៅ ស្រុកសង្កែ ខេត្តបាត់ដំបង និងជាឥស្សរជនស្រ្តីនៅលីវ។

លោកជំទាវ ឃួន សុដារី បានឈរឈ្មោះជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកណ្ដាលច្រើនអាណត្តិមកហើយ។ នីតិកាលទី៧នេះ លោកជំទាវបន្តជាប់ជាបេក្ខជនតំណាងរាស្រ្ត។ លោកជំទាវក៏ជាសមាជិកគណៈកម្មាធិការកណ្ដាលកាក្របាទក្រហមកម្ពុជាដែលជាស្ថាប័នមនុស្សធម៌ធំបំផុតនៅកម្ពុជាផងដែរ។

លោកជំទាវក៏ជាស្រ្តីខ្មែរដំបូងដែរដែលកាន់មុខតំណែងជាអនុប្រធានទី២រដ្ឋសភា។ លោកជំទាវធ្លាប់ចាកចេញពីតំណែងនេះដែរកាលពីឆ្នាំ២០១៤ បន្ទាប់ពីកិច្ចព្រមព្រៀងនយោបាយបានប្រគល់តំណែងអនុប្រធានទី១រដ្ឋសភាជូនទៅកូតាអតីតគណបក្សសង្គ្រោះជាតិ។

កាលណោះ ឯកឧត្តម កឹម សុខា បានកាន់មុខតំណែងអនុប្រធានទី១រដ្ឋសភា ហើយឯកឧត្តម ងួន ញិល អនុប្រធានទី១បានចុះទៅកាន់តំណែងអនុប្រធានទី២របស់លោកជំទាវ ឃួន សុដារី។ លោកជំទាវ ឃួន សុដារី មិនបានទៅកាន់តំណែងអ្វីផ្សេងឡើយក្នុងសភា ដោយធ្វើជាសមាជិកសភាធម្មតា។

បន្ទាប់ពីឯកឧត្តម កឹម សុខា ត្រូវសមត្ថកិច្ចចាប់ខ្លួន ហើយអតីតគណបក្សង្គ្រោះជាតិ ក៏ត្រូវរំលាយក្រោមបទចោទពាក់ព័ន្ធអំពើឃុបឃិតជាមួយបរទេស លោកជំទាវ ឃួន សុដារី ក៏វិលមកកាន់តំណែងអនុប្រធានទី២វិញ ហើយឯកឧត្តម ងួន ញិល ក៏ឡើងទៅកាន់តំណែងអនុប្រធានទី១រដ្ឋសភា។

លោកជំទាវ ឃួន សុដារី ជាអតីតនិស្សិតខ្មែរនៅប្រទេសហុងគ្រី។ នៅឆ្នាំ ១៩៨០ លោកជំទាវ បានបញ្ចប់សញ្ញបត្រសារព័ត៌មាន ពីវិទ្យាស្ថានអន្តរជាតិសារព័ត៌មានប្រទេសហុងគ្រី។ នៅឆ្នាំ១៩៧០-១៩៧៥ លោកជំទាវបានបញ្ចប់បរិញ្ញាបត្រផ្នែកអក្សរសាស្រ្ត ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

នៅឆ្នាំ១៩៨៧ លោកជំទាវ ឃួន សុដារី បានកាន់តំណែងជាអគ្គនិពន្ធនាយកសារព័ត៌មានប្រជាជន។ ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ លោកជំទាវ ឃួន សុដារី បានកាន់មុខតំណែងប្រធានគណៈកម្មការសិទិ្ធមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា។

ក្នុងតួនាទីជាអនុប្រធានទី២រដ្ឋសភា លោកជំទាវ ឃួន សុដារី បានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងជំរុញ និងលើកកម្ពស់សមភាពយេនឌ័រ ការផ្តល់ភាពអង់អាចដល់ស្ត្រី និងកុមារី ស្របតាមស្មារតីនៃសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាតិ។ លោកជំទាវក៏ដឹកនាំ និងចូលរួមកិច្ចប្រជុំកម្រិតអន្តជាតិជាច្រើនទាំងនៅកម្ពុជា និងនៅតាមបណ្ដាប្រទេសនានា។

ប៉ុន្មានឆ្នាំចុងក្រោយនេះ លោកជំទាវ បានជំរុញយ៉ាងសកម្មអំពីតួនាទីសមាជិកសភាក្នុងការលើកកម្ពស់ការស្តារឡើងវិញទៅនឹងការឆ្លើយតបយេនឌ័រ ក្រោយវិបត្តិនៃមេរោគរាតត្បាតសកលកូវីដ១៩ និងតួនាទីសមាជិកសភាក្នុងការជំរុញវឌ្ឍនភាពនៃរបៀបវារៈ ស្រ្តី សន្តិភាព និងសន្តិសុខ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ច្បាស់នៅយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣នេះ ថាគណបក្សប្រជាជនកម្ពុជា បានព្រមព្រៀម និងរៀបចំរួចស្រេចតាំងពីឆ្នាំ២០២១មកម្លេះអំពីបេក្ខជនប្រធានរដ្ឋសភា គឺលោកជំទាវ ឃួន សុដារី។

លោកជំទាវ ឃួន សុដារី ជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា​ដែលជាក្បាលម៉ាស៊ីនដឹកនាំខ្ពស់បំផុតរបស់បក្ស។ តំណែងអនុរដ្ឋទី១ ​ត្រូវរក្សាជូនឯកឧត្តម ជាម យៀប ដដែល។ ឯកឧត្តម ជាម យៀម បានមកកាន់តំណែងជំនេះសជំនួសឯកឧត្តម ងួន ញិល ដែលទទួលមរណភាព។ តំណែងអនុប្រធានទី២ នឹងត្រូវផ្ដល់ជូនឯកឧត្តម វង សូត្រ ដែលបច្ចប្បន្នជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងជាកូនប្រសារសម្ដេច ហេង សំរិន៕

Share.