រតនគិរី៖ កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ មានករណីផ្ទុះមីននៅភូមិសោមត្រក ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលបណ្តាលឱ្យក្មេងប្រុសម្នាក់ឈ្មោះ សេវ លីច ភេទប្រុស អាយុ ១១ ឆ្នាំ រងរបួសដាច់ជើងម្ខាង នៅពេលដែលជនរងគ្រោះទៅឃ្វាលគោ នៅក្នុងចម្ការចន្ទី។

បច្ចុប្បន្នក្មេងប្រុសរងគ្រោះត្រូវបានអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រួសារបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី  ហើយត្រូវបានបញ្ជូនបន្តមកព្យាបាលនៅមន្ទីរពេទ្យខេត្ត សៀមរាប។

ក្រោយកើតហេតុ អាជ្ញាធរមីន ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ  ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕

អត្ថបទ​៖ តាតុងសែនជ័យ

Share.