សិល្បៈ​អន្តរជាតិ​៖ កំពូល​តារា​ចម្រៀង​ K-Pop នាង​ Lisa កំពុង​ធ្លាក់​ចូល​ក្នុង​ព័ត៌មាន​អាស្រូវ​ស្នេហា​ជា​ថ្មី​ជាមួយ​នឹង​បុរស​ជា​ទាយាទ​កំពូល​មហាសេដ្ឋី​ Frédéric Arnault ក្រោយ​តារា​ស្រី​រូប​នេះ​បាន​បង្ហោះ​រូប​ភាព​ដើរ​កម្សាន្ត​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​។

​កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា នាង Lisa បាន​បង្ហោះ​រូប​ថត​ដើរ​កម្សាន្ត​​របស់​ខ្លួន​ជា​ច្រើន​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​ Instagram។ ​នៅ​​ក្នុង​រូប​ភាព​​ទាំង​នោះ​តារា​ស្រី​រូប​នោះ​កំពុង​តែ​ហែល​ទឹក​លេង​​ដោយ​ស្លៀក​ឈុត​ប៊ីគិនី​ពណ៌​បតង​ដង​ខ្ចី​។ ជាង​នោះ​ទៀត​​នាង​បាន​​ចែក​រំលែក​រូប​ភាព​ទេសភាព​ដ៏​ស្រស់​ស្អាត​ជា​ច្រើន​កន្លែង​ដែល​​នាង​បាន​ទៅ​​ដល់​។ ក្នុង​​ដំណើរ​កម្សាន្ត​លំហែ​ចិត្ត​កាយ​នេះ​ ត្រូវ​បាន​អ្នក​តាមដាន​កត់​សម្គាល់​ជា​ពិសេស​ថា​សមាជិក​ Blackpink ​រូប​នេះ​ប្រហែល​ជា​ទៅ​ជាមួយ​គ្រួសារ​ត្រកូល ​ Arnault ។

នៅ​ក្នុង​ឃ្លីប​វីដេអូ​​មួយ​ដែល​នាង​បាន​បង្ហោះ Lisa បាន​ថត​យក​រូប​ភាព​ជ្រលង​សមុទ្រ​ដែល​ស្ទើរ​តែ​ដូច​​ទៅ​នឹង​រូប​ភាព​ទីតាំង​តែ​មួយ​ដែល លោក​ស្រី​ Geraldine Guyot-Arnault ​ភរិយា​កូន​​ច្បង​​ទីពីរ​ Bernard Arnault​ដែល​ជា​ Chairman និង​ CEO ក្រុមហ៊ុន LVMHបាន​ថត​បង្ហោះ។ អ្នក​តាម​ដាន​ដែល​ស្គាល់​ទីតាំង​នេះ​ចែក​រំលែក​ឱ្យ​ដឹង​ថា​កន្លែង​នោះ​គឺ​ជា​ទីតាំង​ទេសចរណ៍​ដ៏​ល្បី​នៃ​វាលខ្សាច់​ Navagio (ឬ ឆ្នេរ​ខ្សាច់​លិច​កប៉ាល់​) ក្នុង​ប្រទេស​ក្រិក​។​​​​​

ដំណឹង​ចចាមអារ៉ាម​ស្នេហា​នេះ​បាន​បន្ត​កើត​មាន​ឡើង​ជា​ហូរហែ​នៅពេល​ដែល​វីដេអូ​​រូប​ភាព​មួយ​ត្រូវ​បាន​គេ​ចេញ​មក​ចែក​រំលែក​លើ​បណ្ដាញ​សង្គម ត្រង់​ពេល​ដែល​ Lisa បាន​យក​ក្បាល​ដាក់​ផ្អែក​​លើ​ស្មា​របស់ Frédéric Arnault ដោយ​កាល​ណោះ​អ្នក​ទាំង​ពីរ​បាន​នាំ​គ្នា​ចេញ​ញ៉ាំ​កាហ្វេ​ជាមួយ​គ្នា​នៅ​​ទី​ក្រុង​ប៉ារីស​។​​

​ទោះ​ជា​ថ្មីៗ​នេះ​ YG បាន​ចេញ​មក​ទទួល​ស្គាល់​ពី​ចំណង​ស្នេហា​ផ្អែមល្ហែម​រវាង​ Jisoo និង​ Anh Bo Hyun​ ប៉ុន្តែ​ YG Entertainment ​បែរ​ជា​នៅ​ស្ងៀម​មិន​ទាន់​ចេញ​មក​ឆ្លើយតប​ឬ​បកស្រាយ​បែប​ណា​នោះ​ឡើយ​ចំពោះ​ទំនាក់ទំនង​ស្នេហា​ដែល​កំពុង​តែ​ល្បីល្បាញ​រវាង​ Lisa និង​កូន​ប្រុស​កំពូល​មហាសេដ្ឋី​ពិភពលោក​ខាង​លើ​នេះ​នៅ​ឡើយ​ ទោះ​ជា​សាច់​រឿង​នេះ​បាន​បែក​ធ្លាយ​និង​ល្បី​សុះសាយ​មុន​​រឿង​ Jisoo និង​សង្សារ​ក្ដី​៕

ប្រភព៖ thebustednews

Share.