សិល្បៈ​អន្តរ​ជាតិ​៖ គេ​អាច​និយាយ​ថា​បាន​ តួ​ស្រី​ ហាន់​ ជីអ៊ុន​ ឬ​ Song​ Hye​ Kyo​ សព្វ​ថ្ងៃ​នេះ​គឺ​ជា​កំពូល​តារា​សម្ដែង​របស់​ប្រទេស​កូរ៉េ​ដែល​ស្ថិត​នៅ​ក្នុង​តារាង​ A-list​ ដែល​មាន​អ្នកគាំទ្រ​ច្រើន​ជាង​គេ​បំផុត​ហើយ​។

តារា​ស្រី​រូប​នេះ​ក៏​ទើប​តែ​ទទួល​បាន​ភាព​ជោគជ័យ​ពី​ការ​ទទួល​ពានរង្វាន់​ចំនួន​ពីរ​គឺ ​Baeksang ​2023 ​និង​ Blue​ Dragon​ 2023​។ ទោះ​ជា​តារាស្រី​រូប​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ក៏​ដោយ​ ក៏​ប៉ុន្តែ​រឿង​អាស្រូវ​របស់​នាង​លែងលះ​អតីត​ស្វាមី​ Song ​Joong ​Ki​ នៅ​តែ​ជា​ចំណី​មាត់​របស់​អ្នក​សារព័ត៌មាន​ និង​ជា​ប្រធាន​បទ​គួរ​ឱ្យ​ចង់​តាមដាន​បន្ត​ពី​ជីវិត​ឯកជន​របស់​នាង​នា​ពេល​ចុង​ក្រោយ​នេះ​។

យ៉ាងណាមិញ​ Song​ Hye​ Kyo​ បាន​ផ្ដល់​បទសម្ភាសន៍​មួយ​នៅ​ក្នុង​កម្មវិធី​ទទួល​ពាន​រង្វាន់​ Baeksang​ លើក​ទី​ 59​ ដែល​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​កូរ៉េ​។ តួ​ស្រី​នៅ​ក្នុង​រឿង​ភាគ​ The ​Glory​ ទាំង​ពីរ​រដូវ​កាល​រូប​នេះ​ បាន​ចែករំលែក​អំពី​ជីវិត​ឯកជន​ភាព​របស់​នាង​ក្រោយ​លែងលះ​អតីត​ស្វាមី​អស់​រយៈ​ពេល​ជិត​ ៣​ ឆ្នាំ​មក​ហើយ​។ ក្រោយ​សម្រេច​លែងលះ​បែក​ផ្លូវ​គ្នា​ដើរ​ផ្លូវ​រៀង​ខ្លួន​ៗ ​នាង​ទទួល​ស្គាល់​ថា​ ខ្លួន​នាង​ពិត​នឿយហត់​ និង​មាន​សញ្ញា​គួរ​ឱ្យ​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​សុខភាព​ ដែល​រង​សម្ពាធ​ការងារ​លើស​កំណត់​។

 Song​ Hye​ Kyo​ បាន​សារភាព​ស្ថានភាព​សុខភាព​របស់​នាង​យ៉ាង​ក្រៀមក្រំ​ថា​ បន្ទាប់​ពី​បញ្ចប់​កម្មវិធី​ទទួល​ពាន​នេះ​ហើយ​ នាង​ត្រូវ​ទៅ​ហោះ​ទៅ​កាន់​ទី​ក្រុង​ញូវយ៉ក​ ដើម្បី​បំពេញ​ការងារ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ទាំង​គ្មាន​ពេល​សម្រាក​ និង​ជាពិសេស​នឿយហត់​ចំពោះ​ការ​ចេញ​ដំណើរ​នា​ព្រឹក​ព្រលឹម​ ។ តារាង​ការងារ​របស់​នាង​នៅ​បរទេស​គឺ​មាន​ច្រើន​ណាស់​ ដែល​តម្រូវ​ឱ្យ​នាង​តាំង​ចិត្ត​តស៊ូ​ជម្នះ​គ្រប់​ការងារ​ទាំង​អស់។​ ហើយនៅ​ពេល​ត្រឡប់​ពី​ញូវយ៉ក​វិញ​ នាង​ប្រាកដ​ណាស់​បាក់​កម្លាំង​ខ្លាំង​ជា​មិន​ខាន​។

ដោយឡែក​ សម្ដី​របស់​ ហាន់​ ជីអ៊ុន​ រៀបរាប់​នៅ​ពេល​នោះ​ ក៏​បាន​ធ្វើ​ឱ្យ​អ្នក​នៅ​ក្នុង​ស្ទូឌីយូ​ទាំងអស់​យល់​អំពី​អារម្មណ៍​លំបាក​របស់​នាង​ និង​ខ្លោច​ចិត្ត​អាណិត​នាង​ខ្លាំង​ណាស់​។ Song ​Hye​ Kyo​ បន្ត​រៀបរាប់​ទៀត​ថា​ ប្រសិន​បើ​នាង​បាន​សម្រាក​មួយ​សប្ដាហ៍​ នោះ​ផ្លូវ​ចិត្ត​របស់​នាង​នឹង​បាន​ធូរស្បើយ​ជាក់​ជា​មិនខាន​ ហើយ​នាង​ក៏​បាន​ចាប់​ផ្ដើម​បន្ត​ការងារ​ថ្មី​ទៀត​ដោយ​គ្មាន​ក្ដី​ព្រួយបារម្ភ​។ ទោះជា​យ៉ាងណា​ក៏ដោយ​ ទឹក​មុខ​របស់​ Song​ Hye​ Kyoស្រទន់​ដ៏​ទន់ភ្លន់​របស់​នាង​ ហាក់​មើល​ទៅ​នាង​ដូចជា​មាន​ក្ដី​សុខ​នៅ​ពេល​បាន​និយាយ​បន្ធូរ​អារម្មណ៍​ក្នុង​ពេល​សម្ភាស​។​

សូម​ជម្រាប​ថា​ បទ​សម្ភាសន៍​​របស់​ Song ​Hye​ Kyo​ ត្រូវ​បាន​ចែកចាយ​ពាសពេញ​បណ្ដាញ​សង្គម​ដោយ​គ្មាន​លាក់​បាំង​ ហើយ​អ្នក​លេង​បណ្ដាញ​សង្គម​ភាគ​ច្រើន​លើក​ឡើង​ថា​ Song​ Hye​ Kyo​ ប្រហែល​ជា​នាង​មាន​សម្ពាធ​ឯកា​ចំពោះ​ដំណឹង​រៀបការ​របស់​អតីត​ស្វាមី​ Song​ Joong​ Ki​ ដែល​ពេល​នេះ​អតីត​ស្វាមី​នាង​ក៏​កំពុង​សោយ​សុខ​ជាមួយ​ស្នេហា​ថ្មី​យ៉ាង​មាន​សុខ​ភមង្គល​ និង​កំពុង​មាន​ដំណក់​ឈាម​កូន​ដំបូង​នៅក្នុង​ផ្ទៃ​ភរិយា​ថ្មី​ទៀត​ផងដែរ​៕

Share.