ថ្មីៗនេះ​ការ​ចាប់ឆ្នោត​បែងចែក​ពូល​នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​១៩ នៅ​ប្រទេស​ចិន (2022 Asian Games) ឃើញ​ថា​ក្រុម​បាល់ទះ​ក្នុង​សាល​បុរស​កម្ពុជា ស្ថិត​ក្នុង​ពូល​ជាមួយ​យក្ស​ឥណ្ឌា និង​កូរ៉េខាងត្បូង ខណៈ​ការ​ប្រកួត​នឹង​ចាប់​ដំណើរការ​នៅ​ខែ​ក្រោម​នេះ។

ក្រុមបាល់ទះបុរសកម្ពុជា អំឡុងប្រកួតស៊ីហ្គេម កន្លង​ទៅ

បាល់ទះ​បុរស​មាន​ប្រទេស​ចំនួន១៩ បាន​ចុះឈ្មោះ​បញ្ជូន​ក្រុម​អត្តពលិក​របស់​ខ្លួន​ទៅ​ដណ្តើម​មេដាយ​ក្នុង​ឆ្នាំ​នេះ ខណៈ​គណៈកម្មការ​រៀបចំ​ការប្រកួត​បាន​បែងចែក​ទៅ​ជា​៦​ពូល​ផ្សេង​គ្នា។ សម្រាប់​កម្មវិធី​ប្រកួតក្នុង​ពូល C ដែលមាន​កម្ពុជា ឥណ្ឌា និង​កូរ៉េខាងត្បូង មាន៖

  • ១៩/កញ្ញា/២៣ ម៉ោង៦ល្ងាច ឥណ្ឌា ប៉ះ កម្ពុជា ទីលាន China Textile City Sports Centre Gymnasium
  • ២០/កញ្ញា/២៣ ម៉ោង​៦ល្ងាច កូរ៉េខាងត្បូង ប៉ះ ឥណ្ឌា ទីលាន Linping Sports Centre Gymnasium
  • ២១/កញ្ញា/២៣ ម៉ោង​២:៣០​នាទី កម្ពុជា ប៉ះ កូរ៉េខាងត្បូង ទីលាន Linping Sports Centre Gymnasium
    *ម៉ោងនៅខេត្ត Zhejiang លើស​ម៉ោង​នៅ​កម្ពុជា ១ម៉ោង​

តាម​គម្រោង​ក្រុម​ចំណាត់​ថ្នាក់​លេខ១​និង​លេខ២​តាម​ពូល​​នីមួយៗ​មាន​ឈ្មោះ​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ស្វែង​រក​កៅអី​​ទៅ​ដណ្តើម​មេដាយ​មាស​​ប្រចាំ​ព្រឹត្តិការណ៍។

សកម្មភាពប្រកួតអំឡុងស៊ីហ្គេមរបស់កម្ពុជា

ព្រឹត្តិការណ៍ Asian Games រៀបចំ​ឡើង​ដំបូង​នៅ​ឆ្នាំ​១៩៥១ ស្រប​ពេល​ដែល​វិញ្ញាសា​បាល់ទះ​បាន​ដាក់​ឱ្យ​ប្រកួត​ប្រជែង​ពី​ឆ្នាំ​​១៩៥៨។ សម្រាប់​កម្ពុជា នេះ​ជា​លើក​ទី៣​ហើយ​ដែល​បញ្ជូន​ក្រុម​បាល់ទះ​បុរស​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ Asian Games ដោយ​លើក​ទី១ នៅ​ឆ្នាំ​​១៩៦២ ដែល​ប្រទេស​ឥណ្ឌូណេស៊ី ធ្វើ​ជា​ម្ចាស់​ផ្ទះ ដោយ​ឈរ​លេខ​៧។ ​លើក​ទី២ ក្នុង​ឆ្នាំ​១៩៧០ ដែល​ប្រទេស​ថៃ ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​លេខ៤ ស្រប​ពេល​ដែល​មេដាយ​មាស​បាន​ទៅ​​ជប៉ុន មេដាយ​ប្រាក់​បាន​ទៅ​កូរ៉េខាងត្បូង និង​មេដាយ​សំរឹទ្ធិ​បាន​ទៅ​ចិន។

តាំង​ពី​ដាក់​វិញ្ញាសា​បាល់ទះ​ចូល​ក្នុង​កីឡា​អាស៊ី មក​ឃើញ​ថា​ជប៉ុន ឈ្នះ​មេដាយ​មាស​៨ជំនាន់​ម្នាក់​ឯង ច្រើន​ជាង​ប្រទេស​ដទៃ ខណៈ​កូរ៉េខាងត្បូង ជា​ក្រុម​ខក​ចិត្ត​វគ្គ​ផ្ដាច់ព្រ័ត្រ​​៧​លើក ពោល​គឺ​បាន​ត្រឹម​មេដាយ​ប្រាក់ និង​ធ្លាប់​ឈ្នះ​មេដាយ​មាស​៣លើក ស្មើ​នឹង​យក្ស​ចិន៕

រូបថត៖ Cambodia2023

Share.