ក្រុមបាតុករមួយក្រុមដែលភាគច្រើនជិះកង់ និងម៉ូតូ បានប្រមូលផ្តុំគ្នានៅមុខទីស្នាក់ការគណបក្សភឿថៃ និងគណបក្សភូមិចៃថៃ កាលពីល្ងាចថ្ងៃអាទិត្យ ដើម្បីថ្កោលទោសចំពោះការបង្កើតរដ្ឋាភិបាលថ្មី ជាមួយគណបក្សដែលមានទំនាក់ទំនងនឹងយោធា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣។

ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​យានជំនិះ​ប្រមាណ​​​​​​​​៥០​គ្រឿង ​បាន​មក​ប្រមូល​ផ្តុំ​គ្នា​ដំបូង​នៅ​ស្ថានីយ BTS Mo Chit លើ​ផ្លូវ Phahon Yothin នៅ​ម៉ោង​ប្រហែល ១:៣០នាទី​រសៀល។ មេដឹកនាំ​បាតុកម្ម ​បាន​រិះគន់​គណបក្ស​ទាំង​២ ចំពោះ​​ការ​សហការ​ជាមួយ​គណបក្ស​នយោបាយ ​ដែល​ទាក់ទង​នឹង​រដ្ឋប្រហារកាលពី​ខែ​ឧសភា ឆ្នាំ​២០១៤។

ប្រហែលមួយម៉ោងក្រោយមក ពួកគេបានគោលដៅទៅទីស្នាក់ការគណបក្ស Bhumjaithai ដែលស្ថិតនៅលើផ្លូវនោះដូចគ្នា ប៉ុន្ដែពេលទៅដល់ការិយាល័យកណ្ដាលនៅម៉ោងប្រហែល ៣រសៀល ទីស្នាក់ការបានបិទទ្វារ និងយាមដោយប៉ូលីស។

ក្រុមអ្នកតវ៉ានៅទីនោះបានរិះគន់គោលនយោបាយរបស់គណបក្ស Bhumjaithai ទាក់ទងនឹងការទប់ស្កាត់វិបត្តិ Covid-19 និងធ្វើឲ្យរុក្ខជាតិកញ្ឆា​​​មានភាពស្របច្បាប់។

ក្រោយចាកចេញពីទីស្នាក់ការរបស់គណបក្សភូមិចៃថៃ ក្រុមបាតុករធ្វើដំណើរទៅទីស្នាក់ការគណបក្សភឿថៃ តាមផ្លូវ Phetchaburi នៅម៉ោងប្រហែល ៤និង៤៥នាទីរសៀល ហើយកន្លែងនោះក៏ត្រូវបានបិទទ្វារផងដែរ។

នៅទីនោះ ពួកគេបានបោះចោល និងបំផ្លាញវត្ថុអនុស្សាវរីយ៍របស់ភឿថៃ រួមទាំងស្ទីគ័រ ពែង ប្រតិទិន និងអាវរបស់គណបក្ស។ ពួកគេក៏បានទាមទារឲ្យគណបក្សភឿថៃ ផ្សះផ្សារឡើងវិញនូវភាពជាដៃគូសម្ព័ន្ធរបស់ខ្លួនជាមួយនឹងគណបក្សចលនាឆ្ពោះទៅមុខ ដែលឈ្នះការបោះឆ្នោតជាសកលផងដែរ។

សូមជម្រាបថា គណបក្សភឿថៃ ជាប់លំដាប់ទី២ នៃការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភា ជាមួយនឹងអាសនៈសភាចំនួន១៤១ ខណៈគណបក្ស Bhumjaithai ជាប់លំដាប់ថ្នាក់ទី៣ ដោយមាន៧១អាសនៈ។ ហើយគណបក្សទាំង២ បានប្រកាសពីកិច្ចខិតខំប្រឹងប្រែងបង្កើតរដ្ឋាភិបាលថ្មីរួមគ្នា បន្ទាប់ពីគណបក្សភឿថៃ បានដកខ្លួនចេញពីគណបក្សសម្ព័ន្ធភាពនៃក្រុមចម្រុះពីមុនរបស់ខ្លួន ដែលបានឈ្នះអាសនៈពីសភាចំនួន ១៥១អាសនៈ៕

ប្រភព៖ Bangkok Post

Share.