សិល្បៈជាតិ៖ មុននេះបន្តិច សារព័ត៌មានត្រយង ទទួលដំណឹងមកថា លោកគ្រូ សាន គីមស៊ាន ត្រូវបានបញ្ជូនចូលសង្គ្រោះបន្ទាន់ម្ដងទៀត បន្ទាប់ពីធ្វើការវះកាត់រួច។ លោកគ្រូគឺជាស្ថាបនិកចងក្រងដួងព្រលឹងក្បាច់គុនបុរាណខ្មែរល្បុក្កតោ និងជាតួឯកក្នុងភាពយន្តរឿង «ព្រលឹងល្បុក្កតោ»។

តាមសម្ដីរបស់កូនប្រុសលោកគ្រូ សាន គីមស៊ាន បានប្រាប់មកអ្នកសារព័ត៌មានត្រយងថា ស្ថានភាពលោកគ្រូនៅពេលនេះ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យព្រះកុសមៈ ដោយលោកគ្រូមានអាការៈអស់កម្លាំងខ្លាំង កម្តៅខ្លួនឡើងខ្លាំងរងាញាក់ ក្អួតឡើងទន់ខ្លួន រហូតគ្រូពេទ្យគសង្ស័យថា សុខភាពលោកគ្រូមានឆ្លងមេរោគ។

កូនប្រុសលោកគ្រូបន្តថា កាលពីមួយសប្ដាហ៍មុន លោកត្រូវបានវះកាត់ច្រឹបសាច់ដែលពិនិត្យឃើញមានមហារីកនៅសុរិន្ធប្រទេសថៃ ប៉ុន្តែមិនទាន់ដឹងលទ្ធផលនៅឡើយទេ។ លោកបន្តថា នៅថ្ងៃទី ២០ ខែសីហា នេះទើបខាងគ្រូពេទ្យនៅប្រទេសថៃណាត់ទៅពិនិត្យម្ដង ប៉ុន្តែសុខភាពលោកគ្រូកាន់តែយ៉ាប់យឺន និងធ្វើទុក្ខខ្លាំងនៅយប់ថ្ងៃទី ១៣ ។

កូនប្រុស សាន គីមស៊ាន បានអះអាងទៀតថា ការវះកាត់នៅប្រទេសថៃ គឺការច្រឹបក្រពេញប្រូស្តាតនឹងសុងទឹកនោមយូរពេក ទើបបណ្ដាលឱ្យមានការបង្កមេរោគកើតឡើងបែបនេះ។ យ៉ាងណាមិញ លោក សាន គីមស៊ាន កំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ ហើយក្រុមគ្រូពេទ្យនៅមិនទាន់បានបញ្ជាក់ពីស្ថានភាពជាក់ស្ដែងនាពេលនេះបានទេ។

សូមជម្រាបថា ក្រោយពីកូនប្រុសលោកគ្រូ សាន គីមស៊ាន បានបង្ហោះដំណឹងនេះនៅលើបណ្ដាញសង្គមហើយនោះ មហាជនជាច្រើននាក់បានសម្ដែងអារម្មណ៍ព្រួយបារម្ភចំពោះលោកគ្រូ និងបួងសួងដល់វត្ថុស័ក្ដិសិទ្ធឱ្យជួយតាមថែរក្សាលោកគ្រូឱ្យមានសុខភាពល្អប្រសើរឡើងវិញផងដែរ៕

Share.