គណបក្សចលនាឆ្ពោះទៅមុខ ដែលឈ្នះការបោះឆ្នោតសកលរបស់ប្រទេសថៃ បានបដិសេធកាលពីថ្ងៃអង្គារ ថា នឹងមិនគាំទ្រដល់គណបក្សភឿថៃក្នុងការបោះឆ្នោតនៅសភា ដើម្បីជ្រើសរើសជានាយករដ្ឋមន្រ្តីថ្មីរបស់ថៃឡើយ ដោយបក្សចលនាឆ្ពោះទៅមុខគិតថា វាហាក់បីដូចជាការក្បត់ម្ចាស់សំឡេងឆ្នោត និងប្រឆាំងនឹងឆន្ទៈសាធារណៈដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ CNA នាថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣។

គណបក្សចលនាឆ្ពោះទៅមុខ គឺជាអ្នកឈ្នះឆ្នោតការបោះឆ្នោតជាសកលដ៏គួរឲ្យភ្ញាក់ផ្អើល ដែលគណបក្សភឿថៃជាអ្នកតាមពីក្រោយសំឡេងឆ្នោតរបស់គណបក្សចលនាឆ្ពោះទៅមុខយ៉ាងប្រកៀកប្រកិត បន្ទាប់ពីគណបក្សអភិរក្សនិយមទាំង២ បានទម្លាក់ចេញពីនយោបាយអស់រយៈពេល ៩ឆ្នាំនៃរដ្ឋាភិបាលដែលដឹកនាំ ឬគាំទ្រដោយរបបយោធា។

កាលពីខែកក្កដា កន្លងទៅ គណបក្សចលនាឆ្ពោះទៅមុខ និងគណបក្សភឿថៃ ធ្លាប់ស្ថិតក្នុងសម្ព័ន្ធភាពរួមគ្នា ដើម្បីព្យាយាមបង្កើតរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់គណបក្សចលនាឆ្ពោះទៅមុខ ប៉ុន្ដែដោយសារតែលោក Pita Limjaroenrat មិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដើម្បីអាចក្លាយជានាយករដ្ឋមន្រ្តីទី៣០របស់ថៃ ក្នុងការបោះឆ្នោតសភាជាលើកទី២បាន ទើបសម្ព័ន្ធភាពរួមរបស់ខ្លួនដែលជាអ្នកឈ្នះការបោះឆ្នោតលំដាប់ទី២ ជាអ្នកទទួលបន្ទុកដឹកនាំកិច្ចប្រឹងប្រែងបង្កើតរដ្ឋាភិបាលថ្មីវិញម្ដង។

យ៉ាងណាម៉ិញ សម្ព័ន្ធភាពរវាងគណបក្សទាំង២ បានប្រេះឆា បន្ទាប់ពីសភា Bicameral ដែលរបបរាជានិយមមានឥទ្ធិពលយ៉ាងសំខាន់នោះ បានបដិសេធក្នុងការជ្រើសរើសលោក Pita ឲ្យក្លាយជានាយករដ្ឋមន្រ្តីថ្មីជាលើកទី២ កាលពីខែមុន។

បច្ចុប្បន្នប្រទេសថៃ បានស្ថិតនៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលចាំផ្ទះអស់រយៈពេល ៥ខែហើយ ក្រោយការបដិសេធក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីបានអូសបន្លាយពេលជាច្រើនខែ និងកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ខាងនយោបាយកាន់តែធ្ងន់ធ្ងរឡើង ដោយការជាប់គាំងសភា។

ទាក់ទិននឹងបញ្ហានេះ អគ្គលេខាធិការបក្សចលនាឆ្ពោះទៅមុខ លោក ឆៃថាវ៉ាត់ ធូឡាថន (Chaithawat Tulaton) បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា «ការបង្កើតរដ្ឋាភិបាលថ្មីនៅពេលនេះ មិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជនទេ ហើយវាបំភ្លៃឆន្ទៈរបស់ប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោតសកល»។

ទោះជាបែបនេះក្ដី គណបក្សភឿថៃទទូចថា ខ្លួនគ្រាន់តែដកការគាំទ្ររបស់ខ្លួនប៉ុណ្ណោះទេ នៅពេលដែលដឹងច្បាស់ថា គណបក្សចលនាឆ្ពោះទៅមុខមិនអាចឈ្នះការគាំទ្រពីស្ថាប័ននីតិប្បញ្ញត្តិ ដែលខ្លួនជួបប្រទះនឹងការតស៊ូចំពោះរបៀបវារៈសេរីនិយម និងប្រឆាំងការបង្កើតរបស់ខ្លួន។

យ៉ាងណាម៉ិញ ក្នុងសម្ព័ន្ធភាពរបស់បក្សភឿថៃ គឺមិនរួមមានបក្សចលនាឆ្ពោះទៅមុខទៀតទេ ដោយបក្សភឿថៃ បានងាកទៅចាប់ដៃជាមួយបក្សអភិរក្សនិយម និងបក្សមានទំនាក់ទំនងជាមួយយោធា ដែលកន្លងមកបានប្រឆាំងបេក្ខជននាយករដ្ឋមន្រ្តីមកពីគណបក្សចលនាឆ្ពោះទៅមុខ។

ថ្វីត្បិតមានរឿងចម្រូងចម្រាស់នយោបាយយ៉ាងណាក្ដី គណបក្សភឿថៃ នឹងតែងតាំង លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) ដែលជាអតីតមហាសេដ្ឋីអចលនទ្រព្យគ្មានបទពិសោធន៍នយោបាយ ក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេស រហូតការបោះឆ្នោតទទួលបានជោគជ័យ ដោយត្រូវមានការគាំទ្រពីសភាជាន់ទាប និងជាន់ខ្ពស់ ឲ្យបានច្រើនជាងពាក់កណ្ដាល។

មេដឹកនាំ ១រូប របស់គណបក្សភឿថៃ លោក ឆូលណាន ស្រ៊ីកែវ (Cholnan Srikaew) បាននិយាយថា លោករំពឹងថា «នឹងមានការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅចន្លោះថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី២២ ខែសីហា ហើយលោកមានទំនុកចិត្តថា លោក ស្រេតថា នៅតែអាចយកឈ្នះបាន ដោយគ្មានការគាំទ្រពីចលនាឆ្ពោះទៅមុខ។ យ៉ាងណាក៏ដោយ យើងគោរពតាមការសម្រេចចិត្តរបស់គណបក្សចលនាឆ្ពោះទៅមុខ ហើយយើងអាចធ្វើការជាមួយគ្រប់ភាគីទាំងអស់ផងដែរ»។

ប្រភព៖ CNA

Share.