​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ បានសំរេចផ្តល់​ជំនួយ​ឥត​សំណង​មានទឹកប្រាក់សរុបចំនួន២,៥លានដុល្លារអាមេរិក​ ជូនដល់​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយ:ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដេីម្បីគាំទ្រសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់អង្គភាព​សុី​ម៉ាក់​ ស្ថិតនៅកងឯកភាពកំចាត់មីនទី៦​ ខេត្តព្រះវិហារ​ ឧត្តរមានជ័យ​ ស្ទឹងត្រែង​ និងកងឯកភាពកំចាត់មីនទី៤​ ខេត្តសៀមរាប​ និងខេត្តកំពង់ធំ​  ដែលមាន​កម្លាំង​ប្រតិបត្តិការ​សរុបចំនួនជិត៣០០នាក់។​ នេះបើយោងតាមការឲ្យដឹងពី លោក ហេងរតនា អគ្គនាយក មជ្ឈមណ្ឌល សកម្មភាព កំចាត់មីន កម្ពុជា (CMAC)។

លោកហេង រតនា បានលើកឡើងទៀតថា គម្រោងខាងលើនេះ ​មាន​រយៈពេល​១២ខែ ចាប់ពីខែមករាដល់ខែធ្នូ ឆ្នាំ២០២២  និងមានផែនការត្រូវរំដោះផ្ទៃដីចំការមីន និងចំការសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង ១ ៧០០ហិចតា​ និងសកម្មភាពអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីនចំនួន៧ខេត្ត។ 

ផ្អែកតាមរបាយការណ៍បានឲ្យដឹងថា ជាលទ្ធផលរយ:ពេល៦ខែ ឆ្នាំ២០២១នេះ​ គំគម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា​  ដោយបានរំដោះដីចំការមីន/គ្រាប់សំណល់ជាតិផ្ទុះចំនួ​នជិត ១ ០៨៣ហិចតា រុករកឃេីញកំទេចគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួ​នជាង ៥ ០០០គ្រាប់។ 

អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់កម្ពុជា បានថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ដែលបានជំរុញសំណេីគាំទ្រថវិកានេះជាមួយប្រធានាធិបតីចិន​ ហេីយជាបន្តបន្ទាប់រដ្ឋាភិបាលចិនបានឆ្លេីយតបតាមសំណូមពររបស់សម្តេចតេជោ។  «ក្នុងឱកាសនេះដែរ​ តាងនាមអង្គភាពសុីម៉ាក់ក៏ដូចជនរងគ្រោះដោយសារមីន​ សូមសំដែងនូ​វការដឹងគុណជូនចំពោះប្រជាជននិងរដ្ឋាភិបាលចិន ដែលបានគាំទ្រថវិកាមនុស្សមនុស្សធម៌ដ៏មានសារសំខាន់នេះ​ សំរាប់ទ្រទ្រង់សកម្មភាពអង្គភាពសុីម៉ាក់ក្នុងការរំដោះគ្រាប់មីននិងសំណល់យុទ្ធភណ្ឌពីសង្គ្រាម​ ផ្តល់សុខសុវត្ថិភាព និងគាំទ្រការអភិវឌ្ឍនៅកម្ពុជា»។ លោក ហេង រតនា បន្ថែម៕ 

Share.