អ្នកលេងគុនខ្មែរ ព្រំ សំណាង ដែលមានរហ័សនាម​ ហៅថា ជាងកាត់សក់ដៃឯក ឬជង្គង់ពិឃាត នឹងត្រៀមប៉ះ អ្នកប្រដាល់ភូមា Dave Leduc នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយ ប្រកួតរុំអំបោះឆៅ វា.យតែ ១ទឹក ៩នាទី នៅសង្វៀនថោន។

យោងតាមការបញ្ជាក់យ៉ាងច្បាស់ពីសំណាក់កីឡាករ Dave Leduc បានឱ្យដឹងថា រូបគេនឹងធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីប្រកួតទល់នឹងកីឡាករ ព្រំ សំណាងរបស់កម្ពុជា។

ព្រំ សំណាង ដែលមានប្រវត្តិប្រកួត ១៥០ដងចាញ់តែ ១០ដងនិងទទួលជ័យជម្នះដោយធ្លាប់ផ្តួលដៃគូឲ្យសន្លប់ ចំនួន៧ លើកជាប់ៗគ្នា នឹងត្រៀមជួបប្រកួតជាផ្លូវការជាមួយជើង ឯកឡេតវីពិភពលោក Dave Leduc ដោយប្រើលក្ខន្តិកៈក្បាច់ Lethwei  តែម្តង ពោលគឺមិនប្រើហ្គង់ដៃ អាចបុកក្បាលគ្នាបាន សម្រាករបួស ២នាទី និងទាល់តែវ៉ៃដៃគូឲ្យសន្លប់ទើបមានអ្នកឈ្នះហើយគ្មានចៅក្រមដាក់ពិន្ទុឡើយ។

ព្រំ សំណាង ត្រូវបានមហាជន ទូទាំងប្រទេសកម្ពុជា កោតសរសើរមិនណាយ ចំពោះកាវាយដ៏ល្អ​របស់គេ ដោយអ្នកប្រ​ដា​ល់វ័យ​ ៣៦ឆ្នាំរូបនេះ ​​ចិត្ត​​ធំ មិនចេះ​ខ្លាច មិនចេះ​ញញើត ព្រមទាំង​ចូល​វាយ​មិនចេះ​បន្ធូរដៃ​ឱ្យដៃគូ​នោះឡើយ។

ព្រំ សំណាង បាន​ទាញ​យក​ប្រជាប្រិយភាព ក៏​ដូច​ជា​បេះដូង​អ្នក​ស្រឡាញ់​គុនខ្មែរ​ពេញ​១​ប្រទេស ក្រោយ​ពី​រូប​គេ​បាន​បង្ហាញ​សមត្ថភាព​ប្រកួត​ឈ្នះ​ដៃគូ​ខ្លាំង​ជា​ច្រើន​នាក់ ពិសេស​ការ​ឈ្នះ​ខ្សែ​ក្រវ៉ាត់​លើ​សង្វៀន Thai Fight និង​បន្ត​ឈ្នះ​នៅ​ក្នុង​ស្រុក​ជាមួយ​កីឡាករ​អន្តរជាតិ​ខ្លាំង​ៗ​ជា​ច្រើន​ទៀត។

គួរឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍កីឡារស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា ជាម្ចាស់​ផ្ទះ កីឡាករព្រំ សំណាង ដណ្តើមបានមេដាយមាស ១គ្រឿងថែមទៀតផថ លើប្រភេទកីឡាគុនខ្មែរ វិញ្ញាសារ ៨១គីឡូក្រាម ដោយកាលនោះ រូបគេយក កីឡាករ Tun Tun Min របស់មីយ៉ាន់ម៉ា ដោយពិន្ទុ នៅវគ្គផ្តាច់ព្រ័ត្រ ។

សរុបមេដាយដែលកម្ពុជា ទទួលបានលើប្រភេទកីឡាគុនខ្មែរ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី​៣២ ឆ្នាំ២០២៣ សរុបចំនួន ១៩គ្រឿង ក្នុងនោះមេដាយមាសចំនួន ១៤គ្រឿង ប្រាក់៣ និងសំរិទ្ធ​ចំនួន២​គ្រឿង។

សូមជម្រាប់ថា កីឡាករព្រំ សំណាង មានស្រុកកំណើតនៅភូមិក្រាំងចេក ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បច្ចុប្បន្នមានវ័យ ៣៦ឆ្នាំ មានទម្ងំ ៨០គីឡូក្រាម និងមានកម្ពស់ ១.៨៣មែត្រ ចូលប្រឡូក​ក្នុងវិស័យ​គុនខ្មែរតាំងពីឆ្នាំ២០១០ មកម្លេះ៕

Share.