ពិតជាមិនធម្មតា ដោយ​មាន​ការ​អញ្ជើញ​ពី​រដ្ឋបាល​វិទ្យុ និង​ទូរទស្សន៍​ជាតិ (NRTA) នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន តាម​រយៈ​ក្រសួងព័ត៌មានកម្ពុជា រដ្ឋាភិបាល​ប្រជាជន​នៃ​ខេត្ត​យូណាន និង ទូរទស្សន៍​ខេត្ត​យូណាន តារា​សម្តែង​លោក ជា លាងឈែ និង​ពិធីករ លោក ជា តិចហុក បាន​បង្ហាញ​នូវ​វប្បធម៌​ និង​ទេពកោសល្យ​យ៉ាង​អស្ចារ្យ​នៅ​លើ​ឆាក​អន្តរជាតិ នៅ​ទឹកដី​សាធារណៈរដ្ឋប្រជាមានិតចិន។

ថ្មី​ៗ​នេះ តារា​សម្តែង​លោក ជា លាងឈែ និង​ពិធីករ​លោក ជា តិចហុក ចូលរួម​សម្តែង​នៅ​ក្រៅ​ប្រទេស​ក្នុង​ព្រឹត្តិការ​ដ៏​ធំ​មួយ ជាមួយ​​តារា​ឆ្នើមៗ​តំណាង​ប្រទេស​ផ្សេងៗ​​ជាច្រើន​​ក្នុង​កម្មវិធី​សប្តាហ៍​សោតទស្សន៍​ ឡានឆាង ​មេគង្គ លើក​ទី៤ (The 4th Lancang – Mekong Audiovisual Week )។ ប្រទេស​ដែល​ចូល​រួម​កម្មវិធី​នេះ​មាន​​ម្ចាស់​ផ្ទះ​ចិន កម្ពុជា មីយ៉ាន់ម៉ា វៀតណាម ថៃ និង​វៀតណាម។

ជា​ការ​កត់សម្គាល់ តារា​កម្ពុជា​ទាំង​២​រូប​នេះ​ បាន​បង្ហាញ​នូវ​ផ្ទាំង​ទស្សនីយភាព​វប្បធម៌​ខ្មែរ ​និង​ ការ​ប្រើប្រាស់​ភាសារ​ចិន សម្លៀកបំពាក់​ខ្មែរ យ៉ាង​ស្រស់​សង្ហា​នៅ​ឆាក​អន្តរ​ដោយ​មាន​ការ​ផ្សព្វផ្សាយ​នៅ​កញ្ចក់​ទូរទស្សន៍​ចិន ពោល​ទទួល​បាន​ការ​គាំទ្រ​ច្រើន ក្រោយ​បុរស​សង្ហា​ទាំង​ពីរ​រូប​នេះ បាន​បង្ហាញ​នូវ​អ្វី​ដែល​ជា​របស់​ខ្មែរ អោយ​មិត្ត​អន្តរជាតិ ជា​ពិសេស​ម្ចាស់​ផ្ទះ​ចិន​បាន​ឃើញ និង​បាន​ស្គាល់។

កម្មវិធី ដែល​មាន​ការ​ចូលរួម​រៀបចំ​ដោយ​ក្រសួង​ព័ត៌មាន​កម្ពុជា ទូរទស្សន៍​ជាតិ​កម្ពុជា​ រួម​ជាមួយ​ស្ថាប័ន​សាព័ត៌មាន​ត្រយង ដែល​កំពុង​មាន​ឈ្មោះ​បោះ​សម្លេង​នៅ​កម្ពុជា បាន​ចូលរួម ​មាន​ឈ្មោះ​ថា The 4th Lancang – Mekong Audiovisual Week ​មាន​ការ​ចូលរួម​តំណាង​ពី​ប្រទេស​ជា​ច្រើន ដែល​ក្នុង​នោះ​ប្រទេស​ចិន​ជា​ម្ចាស់​ផ្ទះ។

សូម​ជម្រាប​ថា តាម​រយៈកម្ម​វិធី​មួយ​នេះ អាច​ឲ្យ​បរទេស​ជា​ពិសេស​មិត្ត​ចិន​បាន​ស្គាល់​កម្ពុជា​ កាន់​តែ​ច្បាស់​តាម​រយៈ​ការ​ពាំនាំ​វប្បធម៌​អរិយធម៌​របស់​កម្ពុជា។ លោក ជា លាងឈែ បាន​សម្តែង​ក្តី​សប្បាយ​រីករាយ​ថា ខ្លួន​ពិត​ជា​រំភើប​យ៉ាង​ខ្លាំង ក្រោយ​បាន​ចូលរួម​សម្តែង​ក្នុង​កម្មវិធី​មួយ​នេះ ព្រម​ទាំង​​បាន​​ច្រៀង​បទ «ជយោ! មិត្តភាព​កម្ពជា-ចិន» អម​ដោយ​សម្លៀកបំពាក់​ខ្មែរ យ៉ាង​ស្រស់​ស្អាត​នេះ​អោយ​​លើ​វេទិកា​អន្តរជាតិ។ យ៉ាងណា​ក្តី​ នេះ​ជា​លើក​ទី​២​​ដែល លាងឈែ បាន​ឡើង​ឆាក​កម្មវិធី​នៅ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន។

ចំណែក​លោក ជា តិចហុក វិញ​បាន​ចាត់ទុក​កម្មវិធី សប្តាហ៍​សោតទស្សន៍ ឡានឆាង-មេគង្គ លើកទី៤ គឺ​ការ​ផ្លាស់ប្តូរ និង​ការ​រៀនសូត្រ​ទៅ​វិញ​ទៅ​មក​ក្នុង​ចំណោម​អរិយធម៌​នៃ​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ និង​ដើម្បី​គាំទ្រ​កិច្ចសហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ អនុវត្ត​ការ​សហការ​ផលិត​ព័ត៌មាន ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​ ការ​សម្របសម្រួល​ខ្លឹមសារ ប្រាប់​រឿងរ៉ាវ​រស់រវើក​លើក​កម្ពស់​ការ​រួម​បញ្ចូល​ប្រព័ន្ធ​ផ្សព្វផ្សាយ ពង្រឹង​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ សម្រាប់​ការ​អនុវត្ត​បច្ចេកវិទ្យា​ទំនាក់ទំនង​ដែល​កំពុង​រីកចម្រើន និង​ចែករំលែក​សមិទ្ធិផល​នៃ​បដិវត្តន៍​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា»។

លោក​បន្ត​ថា​លើសពីនេះ​បាន​ជំរុញ​ឲ្យ​បណ្ដាល​ប្រទេស​ជា​សមាជិក​កសាង​ម៉ាក​យីហោ​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ចំណោម​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ និង​ជំរុញ​ការ​កសាង​សហគមន៍​ជាមួយ​និង​អនាគត​រួម​គ្នា​សម្រាប់​ប្រទេស​ក្នុង​តំបន់។

តារា​របស់​កម្ពុជា រូប​នេះ​បាន​បន្ត​ថា ក្នុង​កម្មវិធី​ដ៏ធំ​មួយ​នេះ​សម្លៀកបំពាក់​ដែល​លោក​គ្រង​មួយ​ឈុត​បែប​ជា​ប្រពៃណី​ខ្មែរ គឺ​ជា​ការ​ពាំនាំ​នូវ​អ្វី​ដែល​ជា​របស់​ខ្មែរ អោយ​បរទេស​បាន​ឃើញ ខណៈ​ឈុតមួយ​នេះ ជា​ការ​រៀបចំ​និង​ឌីហ្សាញ​ដោយ​លោក​ផ្ទាល់ ជា​ពិសេស​ការ​រចនា​ម៉ូត​តែ​ម្ដង ដែល​​រៀបចំ​ឡើង​យ៉ាង​ផ្ចិតផ្ចង់​ជាទី​បំផុត។

​លោក ជា តិចហុក មាន​ជំនាញ​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​ភាសា​ចិន និង​ជំនាញ​ជា​ពិធីករ​ ហើយ​ក៏​ជា​និស្សិត​ឆ្នើម​នៅ​មហាវិទ្យាល័យ​គរុកោសល្យ​ខេត្ត​យូណាន​ប្រទេស​ចិន ស្រប​ពេល​ដែល​លោក តែងតែ​តំណាង​ជាតិ​ចូលរួម​កម្មវិធី​អន្តរជាតិ​ជាច្រើន ជាមួយ​សិល្បករ និងសិល្បៈការនី ទាំងស្រុក និងក្រៅស្រុក។

កម្មវិធី​សប្តាហ៍​សោត​ទស្សន៍ ឡានឆាង-មេគង្គ លើកទី៤ បាន​ប្រារព្ធ នៅ​រាត្រីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ថ្មីៗនេះ​ក្នុង​គោលបំណង​លើក​កម្ពស់​ការ​ផ្លាស់ប្តូរ​ និង​ការ​រៀនសូត្រ​ទៅ​វិញទៅមក​ក្នុង​ចំណោម​អរិយធម៌​នៃ​ប្រទេស​​តាម​ដង​ទន្លេ​មេគង្គ ជា​បន្តបន្ទាប់​ គាំទ្រ​កិច្ច​សហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​អនុវត្ត​ការ​សហការ​ផលិត​ព័ត៌មាន៕

អត្ថបទ៖ នី ម៉េងងី

Share.