អ្នកស្រី Paetongtam Shinawatra កូនស្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បាននិយាយថា អតីតនាយករដ្ឋមន្ត្រីថៃដែលនិរទេសខ្លួនឯងកាលពីឆ្នាំ២០០៨ គ្រោងនឹងវិលត្រឡប់មកប្រទេសវិញនៅថ្ងៃអង្គារ សប្ដាហ៍នេះ ខណៈដែលប្រទេសថៃកំពុងតស៊ូដើម្បីជម្នះភាពជាប់គាំងនយោបាយ បន្ទាប់ពីមិនអាចសម្រេចការបោះឆ្នោតជ្រើសរើសបេក្ខជននាយករដ្ឋមន្រ្តីថ្មី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០២៣។​​​​​​​​​​​​

អតីតមហាសេដ្ឋីទូរគមនាគមន៍ និងជាអតីតនាយករដ្ឋមន្ត្រីថៃពីឆ្នាំ២០០១ រហូតដល់ពេលត្រូវបានបណ្តេញចេញពីរដ្ឋប្រហារឆ្នាំ២០០៦ បាននិរទេសខ្លួនចេញពីប្រទេសថៃដើម្បីគេចពីទោសជាប់ពន្ធនាគារពីបទប្រព្រឹត្តអំពើពុករលួយក្នុងឆ្នាំ ២០០៨។ កន្លងមក លោក ថាក់ស៊ីន បានពន្យារពេលការវិលត្រឡប់ចូលស្រុក ពីថ្ងៃទី១០ ខែសីហា ដោយលើកឡើងពីតម្រូវការពិនិត្យសុខភាព។

ប៉ុន្ដែបើតាមលោក Wissanu Krea-ngam ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីស្ដីទីក្រសួងយុត្តិធម៌ បានឲ្យដឹងថា អតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ដែលកំពុងរស់នៅនិរទេសខ្លួនអស់រយៈពេល ១៧ឆ្នាំនៅក្រៅប្រទេស នឹងត្រូវជាប់ពន្ធនាគារ នៅពេលលោកត្រឡប់ចូលស្រុកវិញ។

អគ្គស្នងការរងតម្រួតថៃ លោក Surachate Hakparn បាននិយាយថា បុរស វ័យ ៧៤ឆ្នាំរូបនេះ នឹងត្រូវស្ថិតនៅក្រោមដំណើរការតុលាការនៅពេលគាត់ត្រឡប់មកវិញ។ យ៉ាងណាក៏ដោយ គាត់នៅ​តែ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ​១០ឆ្នាំដដែល។

នៅក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសៅរ៍ កូនស្រីពៅរបស់លោកថាក់ស៊ីន គឺលោក Paetongtarn Shinawatra បាននិយាយថា នាងនឹងជួបឪពុករបស់នាងនៅអាកាសយានដ្ឋាន Don Muang ទីក្រុងបាងកក នៅថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣នេះ។

ជារួមការវិលត្រឡប់ចូលប្រទេសរបស់លោក ថាក់ស៊ីន នៅថ្ងៃអង្គារ គឺជាថ្ងៃដែលសភាថៃ កោះប្រជុំសមាជិកសភាទាំង២ជាថ្មី ដើម្បីបោះឆ្នោតសម្រាប់ការជ្រើសរើសនាយករដ្ឋមន្ត្រី ខណៈគណបក្សភឿថៃ ទទួលបានការគាំទ្រពីគណបក្សដែលគាំទ្រដោយយោធា៕

ប្រភព៖ Reuters

Share.