សិល្បៈអន្តរជាតិ៖ អ្នក​ជំនាញ​ជន​ជាតិ​ថៃ​ អះអាង​ មិន​មាន​ «គ្រូ​​កាយ​កែវ​» នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ មិន​មាន​ក្នុង​សិលា​ចារឹក​ខ្មែរ​បុរាណ​ រូបភាព​នៅ​លើ​ជញ្ជាំង​ប្រាសាទ​កាល​ពី​៤០០​ឆ្នាំ​នៅ​លើ​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត​គឺមិន​មែន​ជា​ស្លាប​របស់​គ្រូ​កាយ​កែវ​ តែ​ជា​រូប​លោក​តា​មុនី​ឥសី​(ផាយ​)ក្រណាត់​ ខណៈ​ដែល​អតីត​សង្ឃ​ល្បី​ឌឺ​ដង​ថា​ កាន់​តែ​វិកល​ចរិក​មែនទែន​ហើយ​ ដែល​យក​ឈាម​ឆ្កែ-ឆ្មា​ទៅ​បូជា​។

ថ្មីៗ​នេះ​នៅ​ក្នុង​ប្រទេស​ថៃ​មាន​រឿង​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ​ដោយ​សារ​តែ​មាន​ការ​ឆ្លាក់​រូប​ចម្លាក់​ធំ​ខ្ពស់​ដើម្បី​សម្រាប់​ជា​ទី​សក្ការៈ​បូជា​ដោយ​មាន​ឈ្មោះ​ថា​ព្រះ​គ្រូ​កាយ​កែវ​។ រូប​ចម្លាក់​ដែល​ត្រូវ​បាន​អ្នក​មាន​ជំនឿ​នាំ​គ្នា​ទៅ​គោរព​បូជា​ភ្លូក​ទឹក​-ភ្លូក​ដី​នេះ​ ក៏​មាន​អ្នក​ដែល​មិន​យល់​ស្រប​មួយ​ចំនួន​បាន​ព្យាយាម​ជជីក​វែកញែក​និង​ស្រាវជ្រាវ​រក​ប្រភព​កំណើត​ពិត​ប្រាកដ​របស់​ព្រះ​គ្រូ​កាយ​កែវ​អង្គ​នេះ​ តើ​ពិត​ជា​មាន​ដើម​កំណើត​មក​ពី​កម្ពុជា​ ពិត​មែន​ឬ?​

សម្រាប់​ករណី​នេះ​មាន​ការ​លើក​ឡើង​ខុស​ៗ​គ្នា​ពី​អ្នក​ជំនាញ​ក្ដី​ សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ប្រទេស​ថៃ​ក្ដី​ ឬ​ក៏​អ្នក​ដែល​ដឹង​ពី​ប្រវត្តិ​របស់​គ្រូ​កាយ​កែវ​នេះ​ក្ដី​។

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ថៃ​មួយ​រូប​ឈ្មោះ​ ធុងថង ​ចាន់ស្រាងស៊ុ (ธงทอง จันทรางศุ )បាន​បង្ហោះ​ថា​ ​ប៉ុន្មាន​ថ្ងៃ​មក​នេះ​មាន​ការ​ចាប់​អារម្មណ៍​រឿង​គ្រូ​កាយ​កែវ​ ជា​រូប​ចម្លាក់​ដែល​ទទួល​បាន​ការ​គោរព​បូជា​នៅ​ក្នុង​ចំណោម​មនុស្ស​មួយ​ក្រុម​ ដោយ​បាន​​ឮ​តៗ​គ្នា​គ្រូ​កាយ​កែវ​គឺ​ជា​គ្រូ​របស់​ព្រះបាទ​ជ័យវរ័ន្មទី៧​ ប៉ុន្តែ​មិន​មាន​មូលដ្ឋាន​ឬ​ភស្តុតាង​អះអាង​ជា​សិលា​ចារិក​ឬ​មាន​ប្រភព​មក​ពី​ណា​ឱ្យ​ពិត​ប្រាកដ​នោះ​ឡើយ​។ ជំនឿ​ចំពោះ​វត្ថុ​ស័ក្តិសិទ្ធិ​ថ្វី​ត្បិត​តែ​មិន​ខុសច្បាប់​ តែ​អាច​ប្រាប់​បាន​ពី​ភាព​មិន​ច្បាស់លាស់​និង​មិន​រឹងមាំ​របស់​ចិត្ត​មនុស្ស​ក្នុង​សង្គម​ បើ​និយាយ​ឱ្យ​ចំៗ​គឺ​បែប​មិន​ក្រែង​ចិត្ត​គឺ​ចង់​ប្រាប់​ថា​មាន​កម្រិត​ខ្ពស់​។

ខណៈ​ដែល​អតីត​សង្ឃ​មាន​ឈ្មោះ​ល្បី​មួយ​រូប​បាន​ចេញ​មក​ដាស់​តឿន​ដល់​ជនជាតិ​ថៃ​ដែល​មាន​ជំនឿ​ចំពោះ​គ្រូ​កាយ​កែវ​ ដោយ​ភ្ជាប់​ជាមួយ​នឹង​រូបភាព​ថត​ចេញ​ពី​គណនី​ហ្វេសប៊ុក​ដែល​បាន​លើក​ឡើង​ថា​៖ «ខ្ញុំ​ជា​ខ្មែរ​បុរីរ៉ាំ​ នេះ​មក​ពី​សែស្រឡាយ​ខ្មែរ​អាច​ដឹង​ខ្លះៗ​រឿង​ផ្លូវ​ងងឹត​ បើ​អ្នក​រាសី​ចុះ​ ជោគជតា​មិន​ល្អ​ ឬ​មាន​គ្រោះ​កម្ម​អ្វី​ កុំ​ទៅ​សុំ​ពរជ័យ​ពី​វត្ថុ​នេះ​ឱ្យ​សោះ​ ព្រោះ​គេ​គឺ​ជា​បក្សី​ខ្មោច​ ឬ​ភាសាខ្មែរ​ហៅ​ក្រាប​ ស្រែក​ហៅ​រក​វិញ្ញាណ​ ឬ​បើ​ទទួល​បាន​ផល​សម្រេច​ណា​មួយ​ពី​គេ​ ត្រូវ​តែ​តប​ស្នង​គេ​ឱ្យ​ឆ្អែត ​បើ​មិន​ឆ្អែត​ទេ​គេ​នឹង​ស៊ី​អ្នក​ដែល​ចិញ្ចឹម​នោះ​ ខ្មែរ​មាន​ជំនឿ​ថា​គេ​ជា​អ្នក​តំណាង​ឱ្យ​យមទូត​។

ចំណែកឯ​ជំនួយ​ការ​សាស្ត្រាចារ្យ​ ក័ងវុន ខាត់ឈិម៉ា ( Dr.กังวล คัชชิมา ) សាស្ត្រាចារ្យ​ជំនាញ​សិលា​ចារិក​ខ្មែរ​បុរាណ​ នៃ​សកលវិទ្យាល័យ​សិល្បករ​ បាន​ឱ្យ​ដឹង​ថា​ ប្រវត្តិ​សិលា​ចារិក​ខ្មែរ​បុរាណ​ បើ​មើល​ថយ​ក្រោយ​នៅ​សម័យ​ព្រះបាទជ័យវរ័្មន​ទី​៧​ ឬ​ប្រមាណ​ជាង​៨០០​ឆ្នាំ​មុន​ មិន​ប្រាកដ​ឃើញ​ភស្តុតាង​ឬ​ស្លាក​ស្នាម​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​ អាទិទេព​បិសាច ​ឬ​បរម​គ្រូ​របស់​ព្រះអង្គ​ដែល​មាន​លក្ខណៈ​រូបរាង​កាយ​ដូច​ជា​គ្រូ​កាយ​កែវ​នោះ​ឡើយ​ ក្នុង​សម័យ​ព្រះបាទជ័យវរ័្មន​ទី៧​ ដោយ​គ្រូ​ដែល​មាន​ជាប់​ឈ្មោះ​នៅ​ក្នុង​សិលាចារឹក​មាន​តែ​២​នាក់​ប៉ុណ្ណោះ។

យ៉ាងណាមិញ​រឿង​នេះ​នៅ​តែ​ជា​រឿង​រសើប​និង​កំពុង​មាន​ការ​តាមដាន​នៅ​ក្នុង​ប្រទេស​ថៃ​ ព្រោះ​មាន​ទាំង​អ្នក​មាន​ជំនឿ​និង​អ្នក​ដែល​មិន​ជឿ​ ហើយ​អ្នក​ដែល​មិន​ជឿ​ ហាក់​មាន​ប្រៀប​ជាង​ព្រោះ​មាន​ទាំង​អំណះអំណាង​ច្បាស់​លាស់​ និង​ឯកសារ​ជា​តឹកតាង​បញ្ជាក់​ថា​ មិន​មាន​ឃើញ​ប្រវត្តិ​ឬ​ប្រភព​របស់​គ្រូ​កាយ​កែវ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​នោះ​ឡើយ​៕

Share.