អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បានត្រឡប់មកមាតុប្រទេសវិញ បន្ទាប់ពីបាននិរទេសខ្លួនដោយខ្លួនឯងអស់រយៈពេល១៥ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នាថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣។

លោក ថាក់ស៊ីន បាន​ឡើង​យន្តហោះ​ឯកជន​មួយ​ក្នុង​ប្រទេស​សិង្ហបុរី ឆ្ពោះមកប្រទេសថៃ ហើយ​បាន​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​ដុនមឿង ​នៃ​ទីក្រុង​បាងកក​នៅ​ម៉ោង៩ព្រឹក នា​ថ្ងៃ​អង្គារ សប្ដាហ៍នេះ​។

ប្អូនស្រីបង្កើត លោកស្រី Yingluck Shinawatra ដែលជាអតីតនាយករដ្ឋមន្ត្រីផងដែរនោះ បានបង្ហោះវីដេអូមួយនៅលើ TikTok បង្ហាញពីសកម្មភាពលោក Thaksin ស្លៀកពាក់ឈុតខ្មៅក្រវាត់កក្រហម ដើរឡើងជណ្តើរយន្តហោះ។

អ្នកគាំទ្រស្លៀកពាក់ពណ៌ក្រហម អបអរសាទរ រាំ និងច្រៀង រង់ចាំក្បែរព្រលានយន្ដហោះ ខណៈដែលដំណឹងនៃការមកដល់របស់លោក ថាក់ស៊ីន ត្រូវបានប្រកាស ទោះបីជាមានរបាយការណ៍ថា លោកនឹងត្រូវប៉ូលិសចាប់ខ្លួននៅពេលមកដល់ប្រទេសវិញក៏ដោយ។

លោក ថាក់ស៊ីន បានឡើងកាន់អំណាចក្នុងឆ្នាំ២០០១ នៅលើវេទិកាប្រជានិយមដែលមានការគាំទ្រច្រើនពីប្រជាជនថៃនៅតាមជនបទ។ នៅឆ្នាំ២០០៦ យោធានៃប្រទេសថៃបានធ្វើរដ្ឋប្រហារទម្លាក់លោក ចេញពីតំណែង និងបាននិរទេសខ្លួនចេញពីប្រទេសដើម្បីគេចពីទោសជាប់ពន្ធនាគារពីបទរំលោភអំណាច បទប្រព្រឹត្តអំពើពុករលួយក្នុងឆ្នាំ២០០៨ ដោយបានចំណាយពេលជាច្រើនរស់នៅប្រទេសឌូបៃ។

ទន្ទឹមនឹងនេះ ប្រទេសថៃបានធ្លាក់ចូលទៅក្នុងភាពចលាចលនយោបាយ ជាមួយនឹងអ្នកគាំទ្រលោកថាក់ស៊ីន និងគូប្រជែង ដែលកំពុងដើរតវ៉ាតាមដងផ្លូវ។

ចាប់តាំងពីពេលនោះមក ប្រទេសនេះបានឆ្លងកាត់វដ្តនៃការបោះឆ្នោត និងរដ្ឋប្រហារ ដោយមានមនុស្សរាប់សិបនាក់បានស្លាប់នៅក្នុងការបង្ក្រាបយ៉ាងបង្ហូរឈាមលើការតវ៉ាតាមដងផ្លូវ។

គណបក្សភឿថៃ ដែលជាបក្សចុងក្រោយបង្អស់នៃគណបក្សរបស់លោក ថាក់ស៊ីន បានឈ្នះការបោះឆ្នោតលំដាប់ទី២ នៅក្នុងការបោះឆ្នោតដែលបានធ្វើឡើងនៅក្នុងខែឧសភា។ បន្ទាប់ពីគណបក្សចលនាឆ្ពោះទៅមុខ មិនឈានជើងឆ្ពោះទៅបង្កើតរដ្ឋាភិបាលថ្មីបាន ដោយសារសមាជិកព្រឹទ្ធសភាដែលតែងតាំងដោយយោធា នៅក្នុងសភាជាន់ខ្ពស់បដិសេធមិនគាំទ្រ ខណៈគណបក្សភឿថៃ បានប្រមូលផ្តុំគណបក្សមួយក្រុមផ្សេងទៀត រួមទាំងអ្នកដែលគាំទ្រដោយយោធាផងនោះ បានរួមគ្នាដើម្បីបង្កើតរដ្ឋាភិបាលថ្មី។

សូមជម្រាបថា ការបោះឆ្នោតសភាជាថ្មីនឹងធ្វើឡើងនៅថ្ងៃអង្គារ សប្ដាហ៍នេះ ដែលអាចនាំឲ្យលោក ស្រេតថា ថាវីស៊ីន ដែលជាមហាសេដ្ឋី ឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តីរបស់គណបក្សនេះ ក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ៕

ប្រភព៖ Aljazeera

Share.