អតីតនាយករដ្ឋមន្រ្តីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារនាថ្ងៃអង្គារ នេះ ខណៈដែលលោកទើបតែបានវិលត្រឡប់ចូលស្រុកវិញ បន្ទាប់ពីបាននិរទេសខ្លួនអស់រយៈពេល ១៥ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣។

ការវិលត្រឡប់ចូលប្រទេសរបស់អតីតនាយករដ្ឋមន្រ្តីរូបនេះ កើតឡើងប៉ុន្មានម៉ោងមុនពេលសភាបោះឆ្នោតជ្រើសរើសបេក្ខជនរបស់គណបក្សភឿថៃ ក្លាយជានាយករដ្ឋមន្ត្រីថ្មី។

ដោយឡែកការផ្ដន្ទាទោសដាក់ពន្ធនាគារលើលោក ថាក់ស៊ីន គឺផ្ដោតលើសំណុំរឿងក្ដីចំនួន ៣ករណីផ្សេងគ្នា ដូចជា ពីបទរំលោភអំណាច និងប្រព្រឹត្តអំពើពុករលួយ បញ្ជាឲ្យធនាគារគ្រប់គ្រងដោយរដ្ឋផ្ដល់ប្រាក់កម្ចីទៅឲ្យបរទេសដោយខុសច្បាប់ និងកាន់កាប់ភាគហ៊ុនដោយខុសច្បាប់ក្នុងនាមជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រី ។

លោក ថាក់ស៊ីន ត្រូវបានប៉ូលិសនាំខ្លួនទៅកាន់តុលាការកំពូលដើម្បីស្តាប់ការកាត់ក្តីប្រឆាំងនឹងរូបលោកក្នុងសំណុំរឿងផ្លូវច្បាប់ចំនួន ៣ខាងលើ បន្ទាប់ពីចុះចតភ្លាមៗនៅទីតាំង VIP មួយកន្លែងនៅព្រលានយន្តហោះដនមឿង។

មហាសេដ្ឋីទូរគមនាគមន៍រូបនេះ បានជិះយន្តហោះឯកជនចុះចតនៅឯអាកាសយានដ្ឋានដុនមឿង ទីក្រុងបាងកក នៅម៉ោង ៩ព្រឹក ដោយអ្នកគាំទ្រក្រុមអាវក្រហមរាប់រយនាក់បាននាំគ្នាមកក្បែរព្រលានយន្ដហោះដើម្បីស្វាគមន៍ ច្រៀង និងរាំ។

លោក បាន​ចូល​ក្រាប​ថ្វាយ​បង្គំ​ ជូនកម្រងផ្កា​នៅ​មុខរូបសំណាក​ព្រះ​មហា​វី​ជីរ៉ាឡុងកន នៅក្នុងព្រលានយន្ដហោះ ដើម្បី​ជា​សញ្ញា​នៃ​ការ​គោរព មុន​ពេលជួបជាមួយ​អ្នក​គាំទ្រ។

នេះគឺជាការវិលត្រលប់ចូលស្រុកសាជាថ្មីរបស់អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពល វ័យ ៧៤ឆ្នាំរូបនេះ ក្រោយចំណាយពេលរស់នៅនិរទេសអស់រយៈពេល ១៥ឆ្នាំ ខណៈថ្ងៃនេះថៃក៏នឹងរៀបចំការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសផងដែរ ។

សូមជម្រាបថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បានភៀសខ្លួនទៅក្រៅប្រទេសក្នុងឆ្នាំ២០០៨ ដើម្បីគេចពីទោសជាប់ពន្ធនាគារពីបទរំលោភអំណាច, ២ឆ្នាំបន្ទាប់ពីយោធាបានផ្តួលរំលំ លោក ត្រូវចោទប្រកាន់ពីបទពុករលួយ និងភាពមិនស្មោះត្រង់ចំពោះរាជាធិបតេយ្យ ដែលលោកបានបដិសេធលើការចោទប្រកាន់ទាំងនេះ៕

ប្រភព៖ CNA

Share.