ក្រុម Chelsea របស់អង់គ្លេស ក្រុម Paris Saint-Germain (PSG) របស់បារាំង ក្រុមReal Madrid របស់អេស្ប៉ាញ និងក្រុមManchester City របស់អង់គ្លេស សុទ្ធតែឈ្នះដូចគ្នាជើងទី១ នៃវគ្គ៨ក្រុមចុងក្រោយក្នុងពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអឺរ៉ុប 2020–21 UEFA Champions League។
នៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ក្រុម Porto បានបើកទ្វាកីឡដ្ឋានRamón Sánchez Pizjuán ក្នុងទីក្រុង Seville ប្រទេសអេស្ប៉ាញ ដែលជាទឹកដីកណ្ដាល បរាជ័យក្រោមថ្វីជើងក្រុម Chelsea របស់អង់គ្លេស ២ទល់០ ក្រោមការកាត់សេចក្តីពីសំណាក់លោកអាជ្ញាកណ្ដាល Slavko Vinčić ជនជាតិស្លូវ៉ាគី។ កីឡាករ Mount និង Chilwell បានរកគ្រាប់បាល់ម្នាក់១គ្រាប់ឱ្យ Chelsea ស្ពាយជ័យជម្នះត្រឡប់ទៅទីក្រុងឡុងដុង វិញ។

ចំណែកក្រុម PSG វិញបានយកឈ្នះម្ចាស់ផ្ទះ Bayern Munich ដោយលទ្ធផល៣ទល់២ លើទីលានកីឡដ្ឋានAllianz Arena ក្នុងទីក្រុង Munich ដែលកាត់សេចក្តីដោយលោកអាជ្ញាកណ្ដាល Antonio Mateu Lahoz ជនជាតិអេស្ប៉ាញ។ គ្រាប់របស់ម្ចាស់ផ្ទះ រកបានដោយកីឡាករ Choupo-Moting និង Müller ខណៈ៣គ្រាប់របស់ភ្ញៀវរកបានដោយកីឡាករ Mbappé ២គ្រាប់ម្នាក់ឯង និងកីឡាករ Marquinhos ១គ្រាប់។

ប្រកួតជើងទី១ដូចគ្នានៅយប់ថ្ងៃទី៧ ខែមេសាឆ្នាំ២០២១ កន្លងទៅនេះក្រុមបាល់ទាត់ Manchester City របស់អង់គ្លេស បានយកឈ្នះលើក្រុមBorussia Dortmund របស់អាល្លឺម៉ង់ ដោយលទ្ធផល ២ទល់១ លើទីលានកីឡដ្ឋាន Etihad Stadium ក្នុងទីក្រុង Manchester របស់ខ្លួន។ ប្រកួតនេះកាន់កញ្ចែដោយលោកអាជ្ញាកណ្ដាល Ovidiu Hațeganជនជាតិរ៉ូម៉ានី។ ខ្សែបម្រើជនជាតិប៊ែលហ្សិក De Bruyne និង Foden បានរកគ្រាប់ជ័យជម្នះឱ្យ Man City ស្របពេលកីឡាករ Reul វាយបកឱ្យភ្ញៀវបាន១គ្រាប់វិញ។

មួយគូទៀតក្រុម Real Madrid របស់អេស្ប៉ាញបានយកឈ្នះលើក្រុម Liverpool របស់អង់គ្លេស ៣ទល់១ លើទីលានកីឡដ្ឋាន Estadio Alfredo Di Stéfano ក្នុងទីក្រុងម៉ាឌីត ខណៈលោកFelix Brych ជនជាតិអាល្លឺម៉ង់ ជាអាជ្ញាកណ្ដាល។ ៣គ្រាប់របស់ Real Madrid រកបានដោយកីឡាករ Vinícius ២គ្រាប់ម្នាក់ឯង និងកីឡាករ Asensio ១គ្រាប់ ស្របពេល Salah រកគ្រាប់បាល់ឱ្យ Liverpool។

សម្រាប់ប្រកួតជើងទី២ ក្រុមទាំង៤គូនេះត្រូវប្តូរទឹកដីប្រកួត ដោយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ក្រុម Borissia Dortmund ត្រូវបើកទ្វាកីឡដ្ឋាន Westfalenstadionទទួលក្រុម Man City វិញម្តង ហើយក្រុម Liverpool ទទួលក្រុម Real Madrid លើទីលានកីឡដ្ឋាន Anfield របស់ខ្លួន។ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ក្រុម PSG ត្រូវទទួលក្រុម Bayern Munich លើទីលានParc des Princes និងក្រុម Chelsea ប្រើប្រាស់កីឡដ្ឋាន Ramón Sánchez Pizjuán ជាទឹកដីកណ្ដាលដដែលប្រកួតជាមួយ Porto។
សូមបញ្ជាក់ថាក្រុមដែលទទួលជើងឯក នឹងបានពានរង្វាន់១ មេដាយមាសចំនួន៤០និងប្រាក់រង្វាន់១៩លានផោន។ ទទួលសិទ្ធិតំណាងទ្វីបអឺរ៉ុប ចូលរួមប្រកួតក្នុងពានពិភពលោក 2021 FIFA Club World Cup នៅប្រទេសជប៉ុន ក្នុងខែធ្នូ ចុងឆ្នាំ។ ទទួលសិទ្ធប្រកួតក្នុងពាន 2021 UEFA Super Cupជាមួយក្រុមជើងឯកមកពីពាន 2020–21 UEFA Europa League នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ លើទីលានកីឡដ្ឋានWindsor Parkក្នុងទីក្រុង Belfastប្រទេសអៀរឡង់ខាងជើង៕