លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតមួយរបស់ប្រទេសថៃ និងទើបទទួលបានតំណែងជានាយករដ្ឋមន្រ្តីថ្មីៗ ត្រូវបានសភាបោះឆ្នោត ជ្រើសរើសជានាយករដ្ឋមន្ត្រីថ្មីនាថ្ងៃអង្គារ ទី២២ ខែសីហា ក្រោយមានការគាំទ្រពីគណបក្សគាំទ្រដោយយោធា បន្ទាប់ពីមានភាពជាប់គាំងផ្នែកនយោបាយជាច្រើនសប្តាហ៍ក្រោយការបោះឆ្នោតសកលកាលពីខែឧសភា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣។

ការបោះឆ្នោតនាថ្ងៃអង្គារ សប្ដាហ៍នេះ ត្រូវបានអនុម័តដោយមានការគាំទ្រពីសមាជិកសភាដែលគាំទ្រដោយយោធា ដែលបានរារាំងគណបក្សចលនាឆ្ពោះទៅមុខ ដែលឈ្នះការបោះឆ្នោតសកលកាលពីខែឧសភា ពីតំណែងនាយករដ្ឋមន្រ្តី ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។

លោក ស្រេតថា វ័យ ៦១ឆ្នាំរូបនេះ បានឈ្នះការបោះឆ្នោតក្នុងសភា ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មី ទើបតែប៉ុន្មានម៉ោងថ្មីៗ បន្ទាប់ពីឪពុកប្រធានគណបក្សភឿថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានវិលត្រឡប់មកប្រទេសថៃវិញ បន្ទាប់ពីបាននិរទេសខ្លួនឯងអស់រយៈពេល ១៥ឆ្នាំ។

មុនទទួលបានតំណែងជានាយករដ្ឋមន្រ្តី លោក ស្រេតថា បាន​ថ្លែង​សារកាល​ពី​សប្តាហ៍​មុន​ថា៖ «សត្រូវ​តែ​មួយ​គត់​របស់​ខ្ញុំ​គឺ​ភាព​ក្រីក្រ និង​វិសមភាព។ គោលដៅរបស់ខ្ញុំ គឺធ្វើឲ្យប្រសើរឡើងនូវជីវិតរបស់ប្រជាជនថៃទាំងអស់»។

នាយករដ្ឋមន្រ្តីថៃដែលទើបកាន់តំណែងថ្មីៗ ថ្ងៃតំណាលគ្នាជាមួយនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រូបនេះ ធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញផ្នែកជំនួញ ហើយក៏ជាមហាសេដ្ឋីអចលនទ្រព្យ ១រូប ដែលគ្រួសាររបស់លោកមានទំនាក់ទំនងយ៉ាងស៊ីជម្រៅក្នុងក្រុមឥស្សរជនធុរកិច្ចផងដែរ។

លោក ស្រេតថា ថាវីស៊ីន ធ្លាប់ទទួលបានសញ្ញាបត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ Claremont Graduate University នៅសហរដ្ឋអាមេរិក។ ក្រោយបញ្ចប់ការសិក្សា លោកបានដឹកនាំមុខជំនួញបានជោគជ័យជាបន្ដបន្ទាប់។

លោក ស្រេតថា បានចាប់ផ្តើមអាជីពនៅក្រុមហ៊ុន Procter & Gamble របស់ប្រទេសថៃ បន្ទាប់ពីបានសិក្សាថ្នាក់សេដ្ឋកិច្ច និងការគ្រប់គ្រងនៅសហរដ្ឋអាមេរិក។

នៅឆ្នាំ១៩៩០ លោករួមជាមួយនឹងបងប្អូនជីដូនមួយ ១ចំនួន បានបង្កើតក្រុមហ៊ុនមួយដែលបន្តក្លាយជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ Sansiri ហើយទីបំផុតបានពង្រីកវាទៅជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតមួយរបស់ប្រទេសថៃ។ ក្រុមហ៊ុននេះមានទ្រព្យសម្បត្តិសរុបជាង ១០០ពាន់លានបាត (២.៩ពាន់លានដុល្លារអាមេរិក)។

នៅពេលប្រទេសទើបតែងើបឡើងវិញពីវបត្តិសេដ្ឋកិច្ច ឆ្នាំ២០២២ ក្រុមហ៊ុន Sansiri បានចុះបញ្ជីនៅទីក្រុងបាងកក បានប្រកាសប្រាក់ចំណូលចំនួន ៣៤.៩ពាន់លានបាត (១.០១ពាន់លានដុល្លារអាមេរិក) និងមានប្រាក់ចំណេញសុទ្ធចំនួន ៤.២ពាន់លានបាត (ជាង១១៧លានដុល្លារអាមេរិក)។

យ៉ាងណាម៉ិញ បន្ទាប់ពីគណបក្សភឿថៃបញ្ជាក់ពីបេក្ខជននាយករដ្ឋមន្រ្តីថ្មីគឺជា លោក ស្រេតថា ថាវីស៊ីន លោក និងក្រុមហ៊ុន Sansiri បានប្រឈមមុខនឹងការចោទប្រកាន់ជាបន្ដបន្ទាប់អំពីការគេចពន្ធ និងការលាងលុយកខ្វក់ ប៉ុន្ដែទាំងថៅកែ និងក្រុមហ៊ុនបានបដិសេធការចោទប្រកាន់ទាំងអស់នេះផងដែរ។

ថ្វីត្បិតលោក ស្រេតថា មិនមានបទពិសោធន៍ផ្នែករដ្ឋបាល ហើយបានទទួលតំណែងជានាយករដ្ឋមន្រ្តីថ្មីក៏ពិតមែន គណបក្សភឿថៃបានសង្កត់ធ្ងន់លើភាពប៉ិនប្រសប់នៃអាជីវកម្មរបស់លោក ហើយតាមរយៈសមត្ថភាពរបស់លោកអាចគ្រប់គ្រង និងស្ដារសេដ្ឋកិច្ចប្រទេសឲ្យងើបឡើងវិញបន្ទាប់ពីរងការរាតត្បាតពីមេរោគកូវីដ១៩៕

ប្រភព៖ CNA & AP News

Share.