ជនសង្ស័យម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋនិង កម្លាំងសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាព ចូលលួច យករថយន្ត TACOMA បម្រុងបើកចេញ កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅចំណុច ផ្លូវ ជាតិ លេខ ៣ចន្លោះគីឡូម៉ែត្រ ៦១-៦២  ស្ថិតនៅក្នុងភូមិខ្នាចខាងត្បូង  ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន  ឈ្មោះ  ជួន  វី ឡា  ភេទ ប្រុស  អាយុ ២៩ ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិ ទួលពង្រ សង្កាត់ចោមចៅ១  ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិយាយអុក  ឃុំច្រកម្ទេស  ស្រុកស្វាយទាប  ខេត្តស្វាយរៀង។ រថយន្តដែលជនសង្ស័យប៉ុនប៉ងលួចម៉ាក  TOYOTA TACOMA ពណ៌ទឹកប្រាក់ស៊េរីឆ្នាំ២០០០ ពាក់ស្លាកលេខ ភ្នំពេញ 2AA-6339 មានម្ចាស់រងគ្រោះ  ឈ្មោះ ឡោ  ប៊ុន ថេង  ភេទប្រុស  អាយុ២៩ ឆ្នាំ  មានទីលំនៅ ភូមិក្របីត្រាំ ឃុំជង្រុក  ស្រុកគងពិសី  ខេត្តកំពង់ស្ពឺ  ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលជនរងគ្រោះ ចតរថយន្តទុកនៅខាងក្រោយផ្ទះ រវល់តែ នៅខាងមុខ ស្រាប់ តែនៅវេលាម៉ោងខាងលើ ជនសង្ស័យលបចូលទៅធ្វើសកម្មភាព ឆ្កឹះទ្វាររថយន្តចូលប៉ុនប៉ង បើក ចេញទៅតាមផ្លូវចំហៀង។ពេលនោះម្ចាស់រថយន្ត បានឮសូរសម្លេង ស្ទុះរត់ទៅមើល ប្រទះឃើញជនសង្ស័យ ទើបស្រែកឆោឡោ ផ្អើលអ្នកជិតខាង នាំគ្នា ជួយរាំងផ្លូវ សមត្ថកិច្ចចុះទៅឃាត់ខ្លួនបានភ្លាមៗ ។

ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យត្រូវបាននាំខ្លួនទៅការិយាល័យជំនាញស្នងការខេត្តតាកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅ តុលាកាចាត់ការតាមនីតិវិធី ៕

អត្ថបទ ៖ តាតុងពោធិសែនជ័យ

Share.