បើកបររថយន្តមិនប្រយ័ត្នឡើងពីផ្លូវប្រុងវ៉ាជែងរថយន្តមួយគ្រឿងទៀត បានទៅបុកជាមួយម៉ូតូពេញទំហឹង ដែលកំពុងបើកបរក្នុងល្បឿនលឿន បណ្តាលឲ្យប៉ើងមនុស្សស្លាប់ ១នាក់នៅនឹងកន្លែង ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ នៅចំណុចភូមិអូដារ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បង្កឡើងដោយរថយន្តម៉ាកស្តារិច១គ្រឿង ជាមួយនឹងម៉ូតូ ១គ្រឿងទៀត។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសារតែមានរថយន្តធុនធ្ងន់មួយ គ្រឿងចត ស្ងៀម នៅខាងមុខ ( ខាងស្តាំផ្លូវ ) ទើបបណ្តាលឲ្យរថយន្តបង្កម៉ាកស្តារិចបាំងមើលផ្លូវ និងមើលម៉ូតូ មិនឃើញបាន ទៅប្រទះ ជាមួយម៉ូតូ ១គ្រឿង ដែលធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នាបើកបរយ៉ាងលឿន ក៏បុកគ្នាពេញ ទំហឹង បណ្តាលឲ្យ ម៉ូតូកៀបជាប់នឹងរថយន្ត ចំណែកអ្នកបើកបរប៉ើងធ្លាក់ស្លាប់តែម្តង។

ជនរងគ្រោះស្លាប់ឈ្មោះគង់ គីម ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិអូដារ ឃុំបួរ ស្រុកភ្នំព្រឹក បើកបរម៉ូតូម៉ាក ឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ ២០០៨ មិនស្គាល់ស្លាកលេខ ចំណែកភាគីខាងរថយន្តបើកបរដោយឈ្មោះណង អុល ភេទ ប្រុស អាយុ ៥៣ឆ្នាំ មិនមានរបួស រស់នៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងដូចគ្នា បើកបររថយន្តម៉ាក ស្តារិច ពណ៌ប្រផះ ពាក់ស្លាកលេខភ្នំពេញ ២AB- ៩៩៧៦។

ក្រោយពីសមត្ថកិច្ចចុះពិនិត្យ និងវាស់វែងនៅកន្លែងកើតហេតុរួច បានប្រគល់សាកសពជនរងគ្រោះ អោយទៅ សាច់ញាតិ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងបានបញ្ជូនអឲ្យកម្លាំងជំនាញនៃ ការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត បាត់ដំបងដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ដំបងក្រញូង

Share.