នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោក ស្រេតថា ថាវីស៊ីន កាលពីថ្ងៃពុធបានសន្យាថា នឹងនាំមកនូវការរួបរួមដល់ប្រទេសរបស់លោក រួមទាំងលើកកម្ពស់គោលនយោបាយដែលនឹងដោះស្រាយវិបត្តិនានា និងជំរុញប្រទេសឆ្ពោះទៅរកការរីកចម្រើនបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន US News កាលពីថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ជាតិ បន្ទាប់ពីត្រូវបានឡាយព្រះហស្ដលេខាដោយព្រះមហាក្សត្ររបស់ប្រទេសថៃ លោក ស្រេតថា ដែលជាមហាសេដ្ឋីអចលនទ្រព្យបានប្ដេជ្ញាជំរុញបរិយាប័ន និងការដឹកនាំដើម្បីផលប្រយោជន៍របស់ប្រជាជនថៃទាំងអស់ ដោយសន្យាថានឹងផ្លាស់ប្តូរយុគសម័យថ្មី។

សូមជម្រាបថា លោក ស្រេតថា ថាវីស៊ីន ត្រូវបានជ្រើសរើសជានាយករដ្ឋមន្រ្តីទី៣០ របស់ប្រទេសថៃ កាលពីថ្ងៃទី២២ ខែសីហា ដោយទទួលបានសំឡេងឆ្នោតគាំទ្រ ៤៨២សំឡេង។ លោកមានភារកិច្ចចូលរួមជាមួយគណបក្សចម្រុះ ១១គណបក្សផ្សេងទៀតដែលដឹកនាំដោយគណបក្សភឿថៃ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីទទួលបានព្រះរាជានុម័តពីព្រះមហាក្សត្រ៕

ប្រភព៖ US News

Share.