លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ ត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស សុខា ចេញសេចក្ដីសម្រេច ប្រគល់ភារកិច្ចឱ្យកាន់មុខតំណែងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ ពិធីប្រកាសចូលកាន់មុខតំណែងនឹងធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ស្អែកនេះ។

លោកឧត្តមសេនីយ៍ឯក ស រដ្ឋា ត្រូវជាកូនប្រុសម្នាក់របស់សម្ដេចក្រឡាហោម ស ខេង ក្នុងចំណោមកូនប្រុសស្រីចំនួន៣នាក់របស់សម្ដេច។ លោក គឺជាអតីតអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងទើបត្រូវបានផ្លាស់ប្ដូរមកជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ឯក ជាអគ្គស្នងការរងនគរបាលជាតិដំបូងគេដែលទទួលភារកិច្ចដឹកនាំស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ កន្លងមក មានតែរាជធានីភ្នំពេញទេដែលរាជរដ្ឋាភិបាលចាត់តាំងអគ្គស្នងការរងឱ្យកាន់មុខតំណែងជាស្នងការ។ ស្នងការរាជធានីភ្នំពេញ និងព្រះសីហនុ សុទ្ធតែថ្នាក់ឧត្តមសេនីយ៍ឯក ឬផ្កាយ៣។

ការចេញទៅកាន់មុខតំណែងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ របស់លោកឧត្តមសេនីយ៍ឯក ស រដ្ឋា បានធ្វើឡើងបន្ទាប់ពីលោកឧត្តមសេនិយ៍ទោ ជួន ណារិន បានផ្ទេរភារកិច្ចពីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មកជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលភារកិច្ចជាស្នងការនគរបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវបានព្រះមហាក្សត្រដំឡើងជានាយឧត្តមសេនីយ៍ (ផ្កាយ៤) កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ និងត្រូវបានតែងតាំងជាអគ្គស្នងការនគរបាលជាតិ ជំនួសឯកឧត្តម នេត សាវឿន ដែលទៅកាន់មុខតំណែងឧបនាយករដ្ឋមន្រ្តី។

គួរកត់សម្គាល់ថាខេត្តព្រះសីហនុ នៅតែបន្តស្ថិតក្នុងស្ថានភាពជាខេត្តដែលមានទាំងមុខសកម្ម និងអសកម្ម។ មុខសកម្ម ដ្បិតខេត្តមួយនេះ មានសក្ដានុពលទាំងទេសចរណ៍ និងវិនិយោគ ហើយបានប្រែមុខប្រែមាត់យ៉ាងឆាប់រហ័សលើផ្នែកហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ខណៈមុខអសកម្មគឺប្រឈមនឹងការកើតមានបទល្មើស។

បទល្មើសភាគច្រើននៅខេត្តព្រះសីហនុ បង្កឡើងដោយជនបរទេស។ ការណ៍នេះក៏ទំនងជាមូលហេតុមួយដែលរាជរដ្ឋាភិបាលសម្រេចាត់តាំងឧត្តមសេនីយ៍​ឯក ស រដ្ឋា ដែលមានបទពិសោធន៍លើការងារអន្តោប្រវេសន៍ ខណៈខេត្តមាត់សមុទ្រនេះប្រឈមនឹងបទល្មើសឧក្រឹដ្ឋកម្រិតជាតិ និងអន្តរជាតិ។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ស រដ្ឋា ចូលបម្រើការងារជានគរបាលជាតិរយៈពេល១៨ឆ្នាំ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ឱ្យដឹងថាលោកឧត្តមសេនីយ៍ឯក ធ្លាប់សិក្សាជំនាញនគរបាលនៅប្រទេសអូស្ត្រាលី ជំនាញប្រឆាំងភេវរកម្មនៅប្រទេសអាល្លឺម៉ង់ និងបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល។

ពាក់ព័ន្ធនឹងការងារនៅខេត្តព្រះសីហនុ សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ផ្អែកតាមចំណេះដឹង បទពិសោធន៍ និងអតីតភាពការងារ លោក ស រដ្ឋា ដែលត្រូវបានតែងតាំងជាអគ្គរងអន្តោប្រវេសន៍ បំពេញការងារយ៉ាងល្អប្រសើរប្រកបដោយប្រសិទ្ធផល ជាអាទិ៍ ករណីចុះបង្ក្រាបបទល្មើសយ៉ាងក្ដៅគគុកក្នុងខេត្តព្រះសីហនុកន្លងទៅថ្មីៗនេះជាដើម៕

Share.