សិល្បៈ​អន្តរជាតិ​៖ ថ្មីៗ​នេះ​លេច​វត្តមាន​តារា​ចម្រៀង​មុខ​សង្ហា Cai Xukun ជាមួយ​នឹង​ផលិតករ​ល្បី​ប្រចាំ​ផលិតកម្ម​ YG ដែល​ធ្វើ​ឱ្យ​មាន​អ្នក​កើត​ជា​ចម្ងល់​ថា​ តិច​លបុរស​សង្ហា​រូប​នេះ​ងាក​ទៅ​ប្រឡូក​ក្នុង​រង្វង់​សិល្បៈ K-pop ខណៈ​ការងារសិល្បៈ​​ក្នុង​ប្រទេស​ចិន​របស់​លោក​កំពុង​ជាប់​គាំង។

កាល​ពី​ជាង​ ២​ខែមុន ពោល​នៅ​ក្នុង​ខែមិថុនា ឆ្នាំ​២០២៣​ ​តារា​ចម្រៀង​ដ៏​ល្បី​របស់​ចិន​គឺ​ Cai Xukun បាន​រង​រឿង​អាស្រូវ​បង្ខំ​មិត្ត​ស្រី​ឱ្យ​រំលូត​កូន ដែល​រឿង​ដ៏​ភ្ញាក់ផ្អើល​នេះ​បាន​ធ្វើ​ឱ្យ​បុរស​សង្ហារូប​នេះ​រងនូវ​ការ​រិះគន់​ និង​ត្រូវ​បាន​ដាក់​បម្រាម​មិន​ឱ្យ​ចេញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍​ ឬ​កម្សាន្ត​ផ្សេង​ៗ​នៅ​ក្នុង​ប្រទេស​ចិន​នោះ​ឡើយ​។

ថ្វី​ត្បិត​តែ​បែប​នេះ​តែ​ Ca Xukun កាល​ណោះ​កំពុងធ្វើ​ការ​ប្រគំ​តន្ត្រី​នៅ​ក្រៅ​ប្រទេស​ មុន​នឹង​បាត់​មុខ​ចេញ​ពី​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ក៏​ដូច​ជា​ក្នុងការ​ងារ​សិល្បៈផ្សេងៗ​។

យ៉ាង​ណា​មិញ​ស្រាប់​តែ​កាល​ពី​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ​ តារា​ចម្រៀង​ដែល​រង​នូវ​រឿង​អាស្រួវ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​រូប​នេះ​ បានបង្ហោះ​រូប​ថត​មួយ​សន្លឹក​នៅ​លើ​គណនី​ Instagram របស់​ខ្លួន​ជា​មួយ​នឹង​មនុស្ស​ជំនិត​របស់​ផលិតកម្ម YG Entertainment ដោយ​គេ​ដឹង​ថា​បុរស​រូប​នោះ​គឺជា​ផលិត​ករ​ដ៏ល្បី​របស់​ផលិត​កម្ម​យក្ស​កូរ៉េ​មួយ​នេះ​ផង​ដែរ​។

Cai Xukun បាន​សរសេរ​រៀបរាប់​ថា​៖ «អរគុណ​កុំ​ភ្លេច​រង់ចាំ​តាមដាន​តន្ត្រី​របស់​ពួក​ខ្ញុំ​»តាម​រយៈ​រូប​ភាព​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​និយម​តាម​ដាន​រឿងរ៉ាវ​សិល្បៈ និង​អ្នក​លេងបណ្ដាញ​សង្គម​ដាក់​ការ​សង្ស័យ​ថា​ Cai Xukun អាចនឹង​មាន​ការ​ងារសិល្បៈថ្មី​ណាមួយ​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​ដោយ​ចាប់​ដៃជាមួយ​នឹងផលិតកម្ម​ YG ត្បិត​អីការងារ​សិល្បៈ​របស់​លោក​នៅ​ក្នុង​ប្រទេស​ចិន​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ផ្អាក​ជា​បណ្ដោះ​អាសន្ន​។

រំលឹក​ឡើង​វិញ​ Cai Xukun បាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ បង្ខំ​ឱ្យ​មិត្ត​ស្រី​រំលូត​កូន ព្រម​ទាំង​ទាក់ទង​នឹង​អនីតិជន​ ប៉ុន្តែ​រឿង​រ៉ាវ​ទាំង​អស់​នេះ​ត្រូវ​បាន​សាមី​ខ្លួន​ចេញ​មក​បដិសេធ​ ព្រម​ទាំង​គំរាម​ប្ដឹង​បក​ចំពោះ​អ្នក​ដែល​យក​ព័ត៌មាន​មិន​ពិត​នេះ​មក​ផ្សព្វផ្សាយ​ផង​ដែរ​៕

Share.