ក្លិបបាល់ទាត់សៀមរាបយូណាយធីត បានប្រកាសតែងតាំងលោក Oriol Mohedano Segura ជនជាតិអេស្ប៉ាញ ជាគ្រូបង្វឹកថ្មី កាលពីថ្ងៃអាទិត្យ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ដើម្បីជំនួសកៅអីលោក ម៉ែន ពិភព។

លោក Oriol Segura បានមកប្រកបអាជីពនៅកម្ពុជាកាលពីឆ្នាំ២០១៦ ក្នុងនាមគ្រូបង្គោលក្លិបភ្នំពេញក្រោន តែក្រោយដឹកនាំបាន៤ប្រកួត ដោយលទ្ធផលមិនសមប្រកប លោកក៏ព្រមព្រៀងបញ្ចប់កិច្ចសន្យាជាមួយក្រុមសិង្ហក្រហមពាក់កណ្ដាលផ្លូវ ហើយទៅចូលរួមជាមួយក្រុមជើងឯក នៃប្រទេសហ្វាំងឡង់ គឺក្លិប SJK Seinajoki ក្នុងនាមគ្រូជំនួយ។

ក្រោយមកលោក Oriol Mohedano Segura គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ កាន់អាជ្ញាប័ណ្ណ UEFA A License បច្ចុប្បន្នវ័យ៣៦ឆ្នាំ ធ្លាប់ដឹកនាំក្លិបបាល់ទាត់អង្គរថាយហ្គឺរ​ រយ:ពេល៤ឆ្នាំ ពោលគឺចាប់ពីឆ្នាំ ២០១៧-២០២១ សរុប​១០០​ប្រកួតគត់នៅទឹកដីអង្គរ។

នៅឆ្នាំ២០២២ លោក Oriol Segura ផ្លាស់ទៅចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀង ចំនួន១រដូវកាល ក្នុងនាមជាគ្រូជំនួយរបស់លោក Conor Nestor និងបន្តផ្លាស់ទៅកាន់តំណែងជាគ្រូជំនួយនៅក្លិបលីគកំពូលន័រវេស Raufoss IL៕

Share.